កម្ពុជា​-​អ៊ីតាលី​ ជំរុញ​ការអនុវត្ត MOU រវាង​ប្រ​ទេស​ទាំងពីរ​លើ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ទេសចរណ៍ និង​សុំ​កូនចិញ្ចឹម

កម្ពុជា​-​អ៊ីតាលី​ ជំរុញ​ការអនុវត្ត MOU រវាង​ប្រ​ទេស​ទាំងពីរ​លើ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ទេសចរណ៍ និង​សុំ​កូនចិញ្ចឹម



ភ្នំពេញ ៖ ការ​ជំរុញ​នេះ​បាន​ធ្វើ​ឡើង​នៅក្នុង​ជំនួប​រវាង​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ជាមួយ​លោក ហ្វ្រ​ង់​កូ សាវ​វី​រ៉ូ នី​ហ្សូ​ (Francesco Saverio Nisio) ឯកអគ្គរដ្ឋទូត​អ៊ីតាលី​ប្រចាំ​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ២០១៦។

លោក ជុំ សុន្ទរី មន្ត្រី​អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ជំនួប​នោះ​ថា ក្នុង​ជំនួប​នោះ ឯកអគ្គរដ្ឋទូត​អ៊ីតាលី​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​របស់​រដ្ឋមន្ត្រីការបរទេស​អ៊ីតាលី សម្តែង​នូវ​អំណរ​សាទរ​ចំពោះ​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ដែល​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ការ​ប្តេជ្ញា​របស់​រដ្ឋមន្ត្រី​ការបរទេស ក្នុង​ការ​ប្តេជ្ញា​ធ្វើការ​ងារ​ឲ្យ​បាន​ជិតស្និទ្ធ​ជាមួយ​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងការ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​មិត្តភាព និង​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​។

លោក​បន្តថា នៅ​ក្នុង​ជំនួប​ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា​គ្នា​អំពី​ការ​ការផ្លាស់ប្តូរ​ការគាំទ្រ​គ្នា​ទៅវិញទៅមក​នៅលើ​ឆាក​អន្តរជាតិ។

តាម​លោក ជុំ សុន្ទរី អះអាង​ថា នៅ​ក្នុង​ឱកាស​នោះ លោក​ឯកអគ្គរដ្ឋទូត​អ៊ីតាលី ក៏បាន​ប្រគល់​ជូន​លោក​ទេសរដ្ឋមន្ត្រី នៅ​សារលិខិត​របស់​រដ្ឋមន្ត្រី​ការបរទេស​អ៊ីតាលី ផ្ញើ​ជូន​លោក​ទទេ​រដ្ឋមន្ត្រី​ប្រាក់ សុខុន ដោយ​នៅ​ក្នុង​លិខិត​នោះ បាន​សម្តែង​នៅ​អំណរគុណ​របស់​រដ្ឋាភិបាល​អ៊ីតាលី ជូន​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​គាំទ្រ​បេក្ខភាព​របស់​អ៊ីតាលី ជា​សមាជិក​មិន​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដែល​កាល​បោះឆ្នោត​នឹង​ប្រព្រឹត្តទៅ​នៅក្នុង​ខែក្រោយ​នេះ (​ខែមិថុនា​)។

លោក​ទេស​រដ្ឋមន្ត្រី ប្រាក់ សុខុន និង​លោក​ឯកអគ្គរដ្ឋទូត​អ៊ីតាលី ក៏បាន​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​គ្នា​ពាក់ព័ន្ធ​នឹង​ការ​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត​នៅ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​លើ​គ្រប់​វិស័យ ហើយ​ភាគី​ទាំងពីរ​ក៏បាន​ជំរុញ​នៅ​ការអនុវត្ត​អនុស្សរណៈ (MOU) ដែល​បាន​ចុះហត្ថលេខា​រវាង​ប្រ​ទេស​ទាំងពីរ​លើ​ផ្នែក​កិច្ច​សហប្រតិបត្តិការ​ទេស​ចរណ៍ និង​កិច្ច​សហ​ប្រតិការ​លើ​ការ​សុំ​កូនចិញ្ចឹម​។

នៅ​ក្នុង​ការអនុវត្ត​អនុស្សារណៈ​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​សម្តែង​នៅ​ការស្វាគមន៍​ចំពោះ​ការ​ចុះហត្ថលេខា​រវាង​ក្រសួងទេសចរណ៍​នៃ​ប្រទេស​ទាំងពីរ​លើ​អនុស្សរណៈ​នេះ កាលពី​ឆ្នាំ​២០១៥ នៅ​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី និង​បាន​អំពាវនាវ​ឲ្យ​មានការ​អនុវត្ត​នៅ​អនុស្សារណៈ​នេះ​ឲ្យ​បាន​ឆាប់រហ័ស​និង​ឲ្យ​មានការ​កោះប្រជុំ​នៅ​ក្រុមការងារ​ចម្រុះ​របស់​ប្រ​ទស​ទាំងពីរ។

លោក​ទេស​រដ្ឋមន្ត្រី ក៏បាន​ជម្រាប​លោក​ឯកអគ្គរដ្ឋទូត​អ៊ីតាលី អំពី​ការ​យក​ចិត្តទុកដាក់​លើ​ការទាក់ទាញ​ទេសចរណ៍​របស់​អ៊ីតាលី មក​ទស្សនកិច្ច​នៅ​កម្ពុជា ដូចជា​ការ​បង្កើត​ឲ្យ​មាន​ភោជនីយដ្ឋាន​របស់​អ៊ីតាលី និង​ការរៀបចំ​អ្នក​ជូន​ភ្ញៀវ​ទេសចរណ៍​ដែល​អាច​និយាយ​ភាសា​អ៊ីតាលី​ជាដើម​។ ជាមួយគ្នា​នោះ លោក​ឯកអគ្គរដ្ឋទូត ក៏បាន​ឯកភាព​ជាមួយ​លោក​ទេសរដ្ឋមន្ត្រី​ថា នឹង​ខិតខំ​ជំរុញ​ឲ្យ​ក្រសួងទេសចរណ៍​អ៊ីតាលី យកចិត្តទុកដាក់​លើ​បញ្ហា​ទាក់ទាញ​ភ្ញៀវ​ទេចរណ៍​អ៊ីតាលី មក​ទស្សនកិច្ច​នៅ​កម្ពុជា​។ អំពី​អនុស្សរណៈ​ស្តី​ពី​ការ​សុំ​កូនចិញ្ចឹម ដោយ​ភាគី​ទាំងពីរ​បាន​សម្តែង​នៅ​ការស្វាគមន៍​ចំពោះ​អនុស្សរណៈ​ដែល​ប្រទេស​ទាំងពីរ​បាន​ចុះ​ហត្ថ​លេ​ខា។

លោក​ឯកអគ្គរដ្ឋទូត​បាន​បញ្ជាក់​ថា អ៊ីតាលី បាន​ត្រៀម​រៀបចំ​ក្នុង​ការ​អនុវត្ត​អនុស្សរណៈ​សុំ​កូនចិញ្ចឹម ហើយ​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ឆ្លើយតប​ថា ក្រសួងការបរទេស​ក​ម្ពុ​ជា បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​សម្របសម្រួល​ជាមួយ​បណ្តា​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុងការ​ជំរុញ​ការអនុវត្ត​អនុស្សរណៈ​ស្តី​ពី​ការ​សុំ​កូនចិញ្ចឹម​។ ឯកអគ្គរដ្ឋទូត​បាន​បន្ត​ថា រដ្ឋាភិបាល​អ៊ីតាលី បន្ត​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត​នៅ​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​វាង​ប្រទេស​ទាំងពីរ​៕