លោក​អធិការ​ខណ្ឌ​ដង្កោ​​ចុះ​ចែក​សៀវភៅ​គ្រួសារ​ (​ក​៤) និង​អត្តសញ្ញាណប័ណ្ណ ជូន​ប្រជាពលរដ្ឋ

លោក​អធិការ​ខណ្ឌ​ដង្កោ​​ចុះ​ចែក​សៀវភៅ​គ្រួសារ​ (​ក​៤) និង​អត្តសញ្ញាណប័ណ្ណ ជូន​ប្រជាពលរដ្ឋ



ភ្នំពេញ ៖ លោក​វរ​សេនីយ៍​ទោ ជឹម ស៊ី​ថា អធិការ​នគរបាល​ខ​ណ្ឌ​ដង្កោ រួម​ដំណើរ​ដោយ​លោកនាយ​ផ្នែក​ស្ថិតិ​នគរបាល​ខណ្ឌ លោក​ចៅសង្កាត់​គង​ន​យ លោកនាយ​ប៉ុស្តិ៍​គង​ន​យ បាន​ចុះ​ចែក​សៀវភៅ​គ្រួសារ (​ក​៤) និង​អត្តសញ្ញាណប័ណ្ណ ជូន​ប្រជាពលរដ្ឋ​នៅ​តាម​ខ្នង​ផ្ទះ នៅ​ក្នុង​សង្កាត់​គង​ន​យ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៥ ខែ ឧសភា ឆ្នាំ​២០១៦។

នៅ​ក្នុង​ខណៈ​នោះ​ដែរ ដោយ​មើល​ឃើញ​ពី​ស្ថានភាព គ្រួសារ​មួយ​មាន​កូន​ចំនួន​៤​នាក់ នៅ​ក្នុង​បន្ទុក​គ្រួសារ និង មាន​ជីវភាព​ទីទ័លក្រ ព្រមទាំង​មាន​ប្អូនស្រី​ម្នាក់​ដែល​មាន​សតិ​មិនសូវ​គ្រប់ ទៀត​ផង​នោះ លោក​អធិការ​រួម​និង​ក្រុមការងារ បាន​នាំយក អំណោយ​ជា​គ្រឿងឧបភោគ​បរិភោគ និង​ថវិកា​មួយ​ចំនួន ទៅ​ឧបត្ថម្ភ​ដល់​គ្រួសារ​នោះ​ផងដែរ។

លោក​វរ​សេនីយ៍​ទោ ជឹម ស៊ីថា អធិការ​នគរបាល​ខ​ណ្ឌ​ដង្កោ បាន​ឲ្យ​ដឹងថា ការ​ចុះ​ចែក​សៀវភៅ គ្រួសារ​(​ក​៤) និង​អត្តសញ្ញាណប័ណ្ណ ជូន​ប្រជាពលរដ្ឋ​នៅ​តាម​ខ្នង​ផ្ទះ​នេះ គឺ​បាន​ធ្វើឡើង​ជាប់​ជាប្រចាំ នៅ​ទូទាំង​ខណ្ឌ បន្ទាប់ពី​ផលិត​រួចរាល់​តាម​ចំនួន​ជាក់ស្ដែង មិន​ថា​ផលិត​បាន​តិច​ឬ​ច្រើន​នោះទេ ឲ្យ​តែ​បាន​ដល់ដៃ គឺ​ចែក​ជូន​ប្រជាពលរដ្ឋ យកទៅ​ប្រើប្រាស់​តាម​តម្រូវការ។

ដោយឡែក​នៅ​ពេល​នេះ លោក​បាន​ដឹកនាំ​ក្រុមការងារ ចុះ​ចែក​បន្តទៀត​នៅ​ក្នុង​សង្កាត់​គង​ន​យ ដែល​ក្នុងនោះ​មាន​សៀវភៅ​គ្រួសារ ចំនួន​១០​ក្បាល និង​អត្តសញ្ញាណប័ណ្ណ ចំនួន​ជាង​៥០ សន្លឹក ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល ជូន​ប្រជាពលរដ្ឋ និង​សម្រាប់​ឲ្យ​ពួកគាត់​យក​ទៅប្រើ​ប្រាស់ ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​ក្នុង​គ្រួសារ។

លោក​អធិការ ក៏បាន​ណែនាំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ យក​អត្តសញ្ញាណប័ណ្ណ​នេះ ទៅ​ប្រើ​ប្រាស់​តាម​តម្រូវការ និង ក្នុង​ផ្លូវ​សុច្ចរិត ហើយក៏​ត្រូវ​ថែរក្សា​វា​ឲ្យ​បាន​ល្អ ទុកដាក់​ឲ្យ​បាន​ត្រឹមត្រូវ កុំ​ឲ្យ​បាត់បង់ ឬ​ខូចខាត​ឲ្យ​សោះ នាំ​មាន​ផលវិបាក​សម្រាប់​ខ្លួនឯង ។ ម្យ៉ាងទៀត​ប្រសិនបើ ខូចខាត​ឬ​បាត់បង់ ដោយ​ប្រការ​ណាមួយ​នោះ ត្រូវតែ​ឆាប់​រាយ​ការណ៍​ជាបន្ទាន់ ដើម្បី​ធ្វើ​ថ្មី ​ឬ ​កុំ​ឲ្យ​ជនខិលខូច​ណាមួយ រើស​បាន​យក​ទៅ​ប្រ​ប្រាស់ ក្នុង​ផ្លូវ​ទុច្ចរិត​នាំ​ឲ្យ​យើង​ដែល​ជា​ម្ចាស់​មានទុក្ខ​ទោស។

លោក​អធិការ​បាន​បន្ត​ថា នៅ​ពេល​នោះ​បាន​សង្កេតឃើញ​មាន ក្រុមគ្រួសារ​ដែលមាន​ជីវភាព​ទីទ័លក្រ និង​ត្រូវ​បាន​ទទួល​ការ ឧបត្ថម្ភ​ពី សំណាក់​រូបលោក​និង​ក្រុមការងារ​នា​ពេល​នោះ​ប្តី​ឈ្មោះ ជាង វណ្ណា អាយុ​៥២ ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ឡាន់ ចន្ថា អាយុ ៣៧​ឆ្នាំ។

អ្នក​ទាំងពីរ មាន​កូន​ចំនួន​០៤​នាក់ នៅ​ក្នុង​បន្ទុក​គ្រួសារ ព្រមទាំង​មាន​ប្អូនស្រី​ម្នាក់​ដែល​មាន​សតិ​មិនសូវ​គ្រប់​ផង ដែល​សព្វថ្ងៃ​រស់​នៅ​ក្នុង​ភូមិ​សេរី​សម្បត្តិ សង្កាត់​គង​ន​យ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​។ លោក​ក៏បាន​ឧបត្ថម្ភ នូវ​អង្ករ​១​បាវ​ទម្ងន់​៥០​គីឡូក្រាម​, មី​ចំនួន​២​កេស​, ត្រីខកំប៉ុង​ចំនួន​៣​យួរ និង​ថវិកា​ចំនួន​២០​ម៉ឺន​រៀល ដើម្បី​ជួល​សម្រួល ដល់​ការ​លំបាក​សម្រាប់​គ្រួសារ​មួយ​នេះ៕

លោក​អធិការ​ខណ្ឌ​ដង្កោ​​ចុះ​ចែក​សៀវភៅ​គ្រួសារ​ (​ក​៤) និង​អត្តសញ្ញាណប័ណ្ណ ជូន​ប្រជាពលរដ្ឋ លោក​អធិការ​ខណ្ឌ​ដង្កោ​​ចុះ​ចែក​សៀវភៅ​គ្រួសារ​ (​ក​៤) និង​អត្តសញ្ញាណប័ណ្ណ ជូន​ប្រជាពលរដ្ឋ