សមិទ្ធិករ​ភាពយន្ដខ្មែរ​វ័យ​ក្មេង ដាវី ជូ ជា​នរណា?

ពិភពភាពយន្ដខ្មែរ ដែលគេស្គាល់ច្រើននៅឯបរទេស ចូលចិត្តយកប្រវត្តិសាស្ត្រខ្មែរដ៏ជូរចត់ ជាពិសេសនៅក្នុង​របប​ប្រល័យ​ពូជសាសន៍ ខ្មែរក្រហម យកមក​ធ្វើជា​សាច់រឿង​ណាស់។ ប៉ុន្តែសមិទ្ធិករភាពយន្ដវ័យក្មេងមួយរូប ដែល​ទើប​នឹង​សម្រេច​បាន នូវស្នាដៃ​ថ្មី​មួយ​របស់ខ្លួន ហាក់ដូចជាចង់ងាកចេញ ពីភាគបន្តដដែលៗ នៃយុគខ្មៅងងឹត បីឆ្នាំប្រាំបីខែម្ភៃខែ ហើយបានចាប់យក​សាច់រឿង​ថ្មី ដែលបង្ហាញ​ពីបច្ចុប្បន្ន​កាល និង​អនាគតកាល​ច្រើនជាង មកបង្ហាញ​ជូន​ទស្សនិកជន។ តើសមិទ្ធិករ​រូប​នោះ ជា​នរណា?
សមិទ្ធិករ​ភាពយន្ដខ្មែរ​វ័យ​ក្មេង ដាវី ជូ ជា​នរណា?

ពីឆ្វេងមកស្ដាំ៖ រូបភាពមួយនៃភាពយន្ដ «កោះពេជ្រ» និងលោក ជូ ដាវី សមិទ្ធិករភាពយន្ដ។

បើគេនិយាយពីសមិទ្ធិករភាពយន្ដខ្មែរ (ឬដើមកំណើតខ្មែរ) ដែលគេស្គាល់ច្រើន នៅលើឆាកអន្តរជាតិ ជា​ពិសេស​នៅ​តាម​ប្រទេសនានា នៅអ៊ឺរ៉ុបខាងលិច និងនៅហូលីវូដ (អាមេរិក) នោះ គេតែងនឹកដល់ភ្លាម ទៅ​ដល់​លោក​ ប៉ាន ឬទ្ធី ដែល​បាន​ផលិត​ចេញ នូវខ្សែរភាពយន្ដជាច្រើន រំលឹកពីអតីតកាលរបស់កម្ពុជា។ គួរឲ្យស្ដាយ ដែល​គេ​មិន​សូវ​​ដែល​​នឹកឃើញ ពីសមិទ្ធិករផ្សេងទៀត ឬសមិទ្ធិករថ្មីៗ ដែលទើបនឹងដុះពន្លកឡើងនោះឡើយ។

ប៉ុន្តែសមិទ្ធិករ​ថ្មីថ្មោងមួយរូបនេះ បានបង្កចំណាប់អារម្មណ៍ កាន់តែច្រើនឡើង សម្រាប់វិស័យសិល្បៈទី៧ នៅ​លើ​ឆាក​អន្តរជាតិ ហើយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមលើកយក ស្នាដៃភាពយន្ដថ្មីមួយរបស់លោក ដែល​មាន​ចំណង​ជើង​ថា «កោះពេជ្រ» មក​ជម្រាបជូន ។ តែចំងល់របស់ប្រិយមិត្ត ច្បាស់ជាចង់សួរថា តើ​ភាពយន្ដ​នេះ ជា​ស្នាដៃសម្រេចបាន​របស់​សិមិទ្ធិករណាមួយ ហើយ​សមិទ្ធិកររូបនេះ ជានរណា។

អ្នកដឹកនាំរឿង និងសមិទ្ធិករ នៃភាពយន្ដរឿង «កោះពេជ្រ» មានឈ្មោះ ជូ ដាវី។ មានអាយុទើបតែ ៣២ឆ្នាំ​ប៉ុណ្ណោះ តែ​លោក ជូ ដាវី ដែលជាសមិទ្ធិករជាតិ​បារាំង ដើមកំណើតខ្មែរ មកពីតំបន់ជាយក្រុង ប៉ារីស បាន​ផលិត​ចេញ​នូវ​រឿង​ខ្លីៗ​ចំនួន​បី និង​ភាពយន្ដ​ឯកសារ («Le Sommeil d'or ឬដំណេកមាស» ចេញ​បញ្ចាំង​ក្នុង​ឆ្នាំ​២០១១) បាន​សម្រេច​រួច​ហើយ។

ជាចៅប្រុសមួយរូប របស់លោក វណ្ណ ច័ន្ទ អតីតផលិតករភាពយន្ដខ្មែរ ក្នុង​ទសវត្សន៍​ឆ្នាំ៦០-៧០ លោក ជូ ដាវី ​បាន​ចិញ្ចឹមចិត្ត និង​សុបិន្តឃើញវិស័យភាពយន្ដខ្មែរ​ ងើបត្រឡប់មកវិញ ដូចរឿងរ៉ាវជាច្រើន ដែល​លោក​បាន​រំលឹក​មក​វិញ នៅក្នុងភាពយន្ដឯកសារ រឿង ដំណេកមាស។ លោកបានបង្កើតជាផលិតកម្មមួយ ហើយ​បាន​ធ្វើ​ការ​យ៉ាង​ជក់​ចិត្ត ជាមួយ​យុវវ័យ​ក្នុង​សម័យនេះ ដែលកំពុងត្រូវការ​នូវទំនើបកម្ម និង​អ្វីៗ​ប្លែកៗ។

ដូចនៅក្នុងស្នាដៃថ្មី រឿង«កោះពេជ្រ»នេះ លោក ជូ ដាវី ចង់បង្ហាញ ពីជីវិតថ្មីនៃ​សម័យកាល​បច្ចុប្បន្ន ដោយ​បាន​តាមដាន ពីយុវជនមួយរូប អាយុ១៨ឆ្នាំ ដែលធ្វើការនៅកោះពេជ្រ ដែលជាទីកន្លែងមួយ ទើបនឹង​ត្រូវ​បាន​បង្កើត​ និង​ជា​និមិត្តរូប​នៃ​ភាពទំនើបកម្ម ក៏ដូចជាភាពរុងរឿងរបស់កម្ពុជា។ តើ«កោះពេជ្រ» និងអ្វីៗ​ដែល​កំពុង​កើត​មាន​ នៅ​«កោះពេជ្រ» ជាជីវិត​ថ្មី​ដែល​យុវជន​ទាំង​នេះ កំពុង​ទន្ទឹង​រង់ចាំឬ?

» សូមទស្សនាដំណកស្រង់ខ្លីមួយ នៃភាពយន្ដ«កោះពេជ្រ»ដូចតទៅ៖

ភាពយន្ដ«កោះពេជ្រ» បានទទួលពានរង្វាន់ «ARTE International» រួចហើយ នៅក្នុង​មហោស្រព​ភាពយន្ដ​អន្តរជាតិ ក្រុង«Busan» ក្នុង​ប្រទេស​កូរ៉េខាងត្បូង កាលពីឆ្នាំ២០១៤។ ហើយភាពយន្ដនេះ និងលោក ជូ ដាវី ខ្លួនលោក ក៏​ត្រូវបានជ្រើសរើសដែរ សម្រាប់ដាក់បញ្ចូល ទៅក្នុង«សប្ដាហ៍ជជែក» នៃមហោស្រព​ភាពយន្ដ​អន្តរជាតិ ​ក្រុង កាន (Canne) ដែលទើបនឹងបញ្ចប់ទៅ កាលពីចុងសប្ដាហ៍កន្លងទៅនេះ (និងទទួល​បាន​រង្វាន់ «SACD»)៕

» ខាងក្រោមនេះ ជារូបភាពនៃគម្រោងអភិវឌ្ឍន៍ កោះពេជ្រ៖

សមិទ្ធិករ​ភាពយន្ដខ្មែរ​វ័យ​ក្មេង ដាវី ជូ ជា​នរណា?