លោក ជា សុផារ៉ា ស្នើ​អភិបាល​រាជធានី​-​ខេត្ត ឲ្យ​កំណត់​តំបន់​សង់​ស្ថានីយប្រេងឥន្ធនៈ​ និពន្ធដោយ : ខន ចំប៉ា       25-05-2016, 9:59 pm         514

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377លោក ជា សុផារ៉ា ស្នើ​អភិបាល​រាជធានី​-​ខេត្ត ឲ្យ​កំណត់​តំបន់​សង់​ស្ថានីយប្រេងឥន្ធនៈ​​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី  នគរូបនីយកម្ម និង​សំណង់ បានចេញ​លិខិតស្នើ​ទៅដល់​អភិបាល​គ្រប់​រាជធានី​-​ខេត្ត ឲ្យ​រៀបចំ​ប្លង់ កំណត់​តំបន់​សាងសង់​ស្ថានីយប្រេងឥន្ធនៈ​។ បើតាម​លិខិត​ដែលមាន​ហត្ថលេខា លោក ជា សុផារ៉ា ចុះ​ថ្ងៃទី​១៩ ឧសភា បំណង​នៃ​ការកំណត់​ប្លង់​សង់​ស្ថានីយ​ប្រេង​នេះ គឺ​ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព នៅតាម​រាជធានី ខេត្ត​។

​លោក ជា សុផារ៉ា បាន​សរសេរ​នៅក្នុង​លិខិត​នោះ​យ៉ាងនេះ​ថា​៖« ខ្ញុំ​សុំ​ស្នើ​ឯកឧត្តម​អភិបាល​ចាត់ចែង រៀបចំ​ប្លង់​កំណត់​តំបន់​ឈប់​ផ្តល់​លិខិតអនុញ្ញាត​សាងសង់ តំបន់ហាមឃាត់  និង​តំបន់​សាងសង់​ស្ថានីយប្រេងឥន្ធនៈ​បាន នៅក្នុង​រាជធានី ខេត្ត​»​។ ការកំណត់​ប្លង់​គឺ​ផ្អែកលើ​គោលការណ៍​តម្លាភាព សុវត្ថិភាព សណ្តាប់ធ្នាប់ បរិស្ថាន​រស់នៅ ក្នុង​ភាព​សុខដុម​រមណីយ​កម្ម​ក្នុង​រាជធានី ខេត្ត​។

​រាល់​សំណើសុំ​លិខិតអនុញ្ញាត​សាងសង់​ស្ថានីយប្រេងឥន្ធនៈ ត្រូវ​ឲ្យ​ម្ចាស់​សំណើ ភ្ជាប់​មកជា​មួយ​នូវ​កិច្ចសន្យា និង​ស្នាម​មេដៃ​យល់ព្រម​ឲ្យ​សាងសង់​ស្ថានីយប្រេងឥន្ធនៈ ពី​គ្រប់​អ្នក​ជាប់​ព្រំ​។ នេះ​បើតាម​លិខិត​ដដែល ដែល​បន្តថា ម្ចាស់​សំណើ​ត្រូវមាន​របាយការណ៍​លទ្ធ​ផល​នៃ​ការបិទ​ផ្សាយ​គម្រោង​សាងសង់​ស្ថានីយប្រេងឥន្ធនៈ​នៅ​ទីតាំង​ស្នើសុំ​រយៈពេល​២៥​ថ្ងៃ  ដោយ​ការិយាល័យ​រៀបចំ ដែនដី  នគរូបនីយកម្ម និង​សំណង់ និង​ភូមិបាល​ក្រុង ស្រុក ខណ្ឌ ដែល​សំណង់​នោះ​តាំងនៅ​៕