នារី​ម្នាក់​ចងក​សម្លាប់​ខ្លួន ពុំ​ទាន់​ដឹង​មូលហេតុ

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៥​និង​០០​នាទី​ល្ងាច ថ្ងៃ​ទី​២៥ ខែឧសភា​នេះ ស្ថិត​នៅផ្ទះ​ជួល ក្នុងភូមិ​តា​ងួ​ន សង្កាត់​កា​កាប​ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ករណី​នារី​ម្នាក់​ចងក​សម្លាប់​ខ្លួន​ដោយ​មិនដឹង​មូលហេតុ ។ ហេតុការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ ពី​បុរស​ម្នាក់​ឈ្មោះ យិ​ន សា​រ៉ាត់ អាយុ​៣៦​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ដែល​ស្នាក់​នៅ​ទល់មុខ​បន្ទប់​នារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​បានឃើញ​បន្ទប់​នារី​រង​គ្រោះ​បិទទ្វារ​ជិត ហើយ​ឃើញ​ស្ត្រី​ម្នាក់​ដើរទៅ​មុខ​បន្ទប់​នោះ​គោះ​ទ្វារ​២​ទៅ​៣​ដង​ដែរ​តែ​មិន​ឮ​អ្នក​ខាងក្នុង​ឆ្លើយ ឬ​បើកទ្វារ​សោះ ហើយ​ស្ត្រី​រូប​នោះ​ក៏​ដើរ​ហួស​ទៅ ។ ចំណែក​រូប​លោក​ឃើញ​ដូច​នោះ ក៏​មានការ​ងឿងឆ្ងល់ តើ​ហេតុ​អ្វី​បានជា​ម្ចាស់​បន្ទប់​មិន​បើកទ្វារ​ឬ​ឆ្លើយ​តប​សោះ​ចឹ​ង ? 

ក្នុង​នាមរូប​លោក​ជា​អ្នក​ស្គាល់គ្នា នៅ​បន្ទប់​ជួល​ទល់មុខ​គ្នា ទៀត​នោះ​ក៏​បាន​ទៅ​លួច​អើត​មើល​តាម​ប្រឡោះ​បង្អួច ស្រាប់តែ​ឃើញ​នារី​រង​គ្រោះ​បាន​ចងក​សម្លាប់​ខ្លួន​បាត់​ទៅ​ហើយ ។ ឃើញ​ដូច​នោះ​រូប​លោក​ក៏​បាន​ហៅ​អ្នក​ជិតខាង​មក​ជួយ និង​ទាក់ទង​សាច់ញាតិ​របស់​សព​នារី​រង​គ្រោះ ។ សព​នារី​រង​គ្រោះ​ឈ្មោះ ពោន សំ​អាន អាយុ​២៥​ឆ្នាំ ជា​កម្មការិនី​រោងចក្រ មានស្រុក​កំណើត​នៅ​ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង ។ ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​ពិនិត្យ​សាកសព​រួច ក៏​បាន​ប្រគល់​ឲ្យ​សាច់ញាតិ​បងប្អូន យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​តាម​ទំនៀមទម្លាប់​ប្រពៃណី ៕