បុរស​ពិការ​ភ្នែក​ម្នាក់​ដើរ​សុំទាន​​ ត្រូវ​រថយន្ត​បុក​ស្លាប់យ៉ាង​អាណោចអាធ័ម

បុរស​ពិការ​ភ្នែក​ម្នាក់​ដើរ​សុំទាន​​ ត្រូវ​រថយន្ត​បុក​ស្លាប់យ៉ាង​អាណោចអាធ័ម



ពោធិ៍សាត់ ៖ បុរស​ពិការ​ភ្នែក​ទាំងសងខាង​ម្នាក់​ដើរ​ឆ្លង​ផ្លូវ​ថ្នល់​ ត្រូវ​រថយន្ត​បុក​ស្លាប់​យ៉ាង​អាណោចអាធ័ម បន្សល់​ទុក្ខ​ឲ្យ​ប្រពន្ធ​ និង​កូន​ៗ​ចំនួន​០៥​នាក់​ យំ​សោក​បោក​ខ្លួន​គួរ​ឲ្យ​អាសូរ​។

ហេតុ​ការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង ​កាលពី​វេលា​ម៉ោង​៥​និង​២៥​នាទី​ព្រឹក​ ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៦​ លើ​ផ្លូវ​ជាតិ​លេខ​០៥​ស្ថិត​ក្នុង​ភូមិ​ក្រពើ​រោទ៍ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន​ខេត្តពោធិ៍សាត់។

បើ​តាម​អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រាប់​ពី​ឲ្យ​ដឹង​ថា ​ជន​រង​គ្រោះ​មាន​ឈ្មោះ អ៊ុច ហាង​ អាយុ​៦៤ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្ដុក​ស្វាយ ​ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ មុខរបរ​ដើរ​សុំទាន​គេ​ចិញ្ចឹម​ជីវិត។

ចំណែក​មន្ត្រី​រដ្ឋបាល​ប៉ុស្តិ៍​បាន​រៀបរាប់ថា ជន​រង​គ្រោះជា​ជន​ពិការ​ភ្នែក​ទាំងសងខាង ​ហើយ​មានគ្រួសារ​ត្រឹមត្រូវ ​មាន​ទាំង​កូន​ចំនួន​០៥​នាក់​ទៀត​ផង ហើយ​ដើរ​សុំទាន់​គេ​គ្រប់ទីកន្លែង​សម្រាប់​ចិញ្ចឹម​ជីវិត។ ស្រប​ពេល​មក​ដល់​ចំណុច​ចន្លោះ ​គីឡូម៉ែត្រ​លេខ ១៩៦​ និង​១៩៧​ ក្នុង​ភូមិ​សាស្ត្រ​កើតហេតុ​ខាងលើ​នោះ ក៏​បាន​ដើរ​ឆ្លង​ផ្លូវជាតិ​លេខ​០៥​ ក្នុង​បំណង​ទៅ​សុំ​ទាន​គេ ​ខាងត្បូង​ផ្លូវ​ ស្រាប់​តែ​មាន​រថយន្ត​មួយ​គ្រឿង​ មិន​ស្គាល់​អត្តសញ្ញាណ​ ធ្វើ​ដំណើរ​ពី​លិច​ទៅ​កើត​បើកក្នុង​ល្បឿន​លឿន​ ក៏​បុក​បុរស​ពិការ​ភ្នែក​នេះ​ស្លាប់​យ៉ាង​រន្ធត់​តែម្ដង ​ហើយ​រថយន្ត​ក៏​បើក​គេច​ខ្លួន​បាត់​ស្រមោល។

មន្ត្រី​ដដែល​បន្ត​ថា សព​ត្រូវ​បាន​សមត្ថកិច្ច​ ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ជនរងគ្រោះ​ យកទៅធ្វើបុណ្យ​តាម​ប្រពៃណី​ ដោយ​អាជ្ញាធរ​រួម​នឹង​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ ក៏​បាន​ជួយ​ចាត់ចែង​ជួយផងដែរ។ ដោយឡែក​រថយន្ត​បង្ក​ហេតុ​ សមត្ថកិច្ច​សណ្ដាប់ធ្នាប់​ក៏​កំពុងធ្វើ​ការ​ស្រាវជ្រាវ​៕