យក​ផ្ទះ​សំណាក់​ជា​កន្លែង​ជួញដូរ​ និងប្រើប្រាស់​គ្រឿងញៀន​ ត្រូវ​សមត្ថកិច្ច​ក្របួច​ទាំង​សំបុក

យក​ផ្ទះ​សំណាក់​ជា​កន្លែង​ជួញដូរ​ និងប្រើប្រាស់​គ្រឿងញៀន​ ត្រូវ​សមត្ថកិច្ច​ក្របួច​ទាំង​សំបុក



ស្ទឹងត្រែង៖ ជនសង្ស័យ​ចំនួន​៦​នាក់​ យក​ផ្ទះ​សំណាក់​ជា​កន្លែង​ជួញដូរ ​និង​ប្រើប្រាស់​គ្រឿងញៀន​ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ សហការ​ជាមួយ​កម្លាំង​នគរបាល​ ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ​ដឹកនាំ​ដោយ​លោក​ជា​ ពេជ្រ ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង បាន​ចុះ​បង្ក្រាប​ករណី​កាលពី​រសៀល​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៦។

ជនសង្ស័យ​ទាំង​៦​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ​នៅ​ក្នុង​ផ្ទះសំណាក់​ភូមិ​ថ្មី ស្ថិត​ក្នុង​ភូមិព្រែក សង្កាត់-ក្រុង​ស្ទឹងត្រែង។

លោក​ចែម ផានិត ​នាយការិយាល័យ​ស្តីទី​ នគរបាល​ប្រឆាំង​បទល្មើស ​គ្រឿងញៀន​ខេត្ត​បានឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៦​នាក់​ដែល​ឃាត់ខ្លួន​មាន​ ១ ​ឈ្មោះ​ ឃុន ចាន់​ដា​រុន​ អាយុ​១៧​ឆ្នាំ ២​ ឈ្មោះ​ ម៉េង ​លាង​សេង​ អាយុ​១៦​ឆ្នាំ ៣ ​ឈ្មោះ​ មុំ ប្រុស ​អាយុ​១៧​ឆ្នាំ ​៤​ឈ្មោះ ​ភាព លី​ហ្វុ​ង​ អាយុ​១៧ ឆ្នាំ ៥ ​ឈ្មោះ​ ផន​ ចាន់​ភា​រិ​ទ្ធិ ​អាយុ​១៧ឆ្នាំ ​និង​ ៦ ​ឈ្មោះ ​សោម ​ច័ន្ទ​ដេ​វី ​អាយុ​២៣ឆ្នាំ ជនសង្ស័យ​ទាំង​៦​នាក់​មាន​ទីលំនៅ សង្កាត់ ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង។

លោកនាយ​ការិយាល័យ​ស្តី​ទី​បាន​បន្ត​ទៀត​ថា ​នៅ​ក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​គ្រឿងញៀន​ខាងលើនេះ ស្ថិត​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​សាន​ និមល ​ស្នងការ​រង ​និង​ជា​ប្រធានការិយាល័យ​កណ្តា​ល ​ប្រឆាំង​បទល្មើស​សមត្ថកិច្ច ​បាន​ប្រើ​រយៈ​ពេល​អស់​ជាច្រើន​ម៉ោង ទើប​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ទាំង​ ៦​នាក់​នេះ​បាន។

លោក​បាន​បន្ត​ថា ​នៅ​ពេល​ដែល​កម្លាំង​សមត្ថកិច្ច ​ចុះ​ឡោមព័ទ្ធ​ផ្ទះសំណាក់​ ក្រុម​ជនសង្ស័យ​បាន​ទម្លុះ​ដំបូល​ផ្ទះ​សំណាក់ ​ឡើងលើ​ដំបូល ​តែ​ត្រូវ​កម្លាំង​នគរបាល​បាញ់​គំរាម ទើប​ចាប់​ខ្លួនបាន​។

ក្នុង​ការ​បង្ក្រាប​នេះ​ សមត្ថកិច្ច​បាន​ដកហូតបាន ​ឧបករណ៍​សម្រាប់​ជក់​គ្រឿងញៀន​មួយ​ចំនួន។ ដោយឡែក វត្ថុ​តាង គ្រឿងញៀន​ ត្រូវ​បាន​កម្ទេច​ចោល​ក្នុង​បង្គន់​បន្ទប់ទឹក ពេលដែល​សមត្ថកិច្ច​កំពុង​ឡោមព័ទ្ធ​បន្ទប់​ជាប់​សោ។

ក្រោយ​ការ​បង្ក្រាប​ ម្ចាស់ផ្ទះ​សំណាក់​មិនត្រូវ​បាន​ឃាត់ខ្លួន​នោះទេ ដោយ​ពួកគាត់​មិនបាន​ពាក់ព័ន្ធ​ ក្នុងករណីនេះ​ និង​បាន​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​ ឈាន​ដល់​ការ​ឃាត​ខ្លួន​ជនសង្ស័យ។ ចំណែក​ជនសង្ស័យ​ទាំង​៦​នាក់ ​បាន​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​សាកសួរ​កសាង​សំណុំរឿង​ បញ្ជូន​ទៅកាន់​តុលាការ​ ចាត់វិធានការ​តាម​នីតិវិធី៕

យក​ផ្ទះ​សំណាក់​ជា​កន្លែង​ជួញដូរ​ និងប្រើប្រាស់​គ្រឿងញៀន​ ត្រូវ​សមត្ថកិច្ច​ក្របួច​ទាំង​សំបុក យក​ផ្ទះ​សំណាក់​ជា​កន្លែង​ជួញដូរ​ និងប្រើប្រាស់​គ្រឿងញៀន​ ត្រូវ​សមត្ថកិច្ច​ក្របួច​ទាំង​សំបុក