តើ​អ្នក​ដឹង​អ្វី​ខ្លះ​ពី​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្ដី​ពី​អាកាស​ធាតុ​?

ញ្ហា​ការ​ឡើង​កម្ដៅ​នៃ​ផែនដី​ដោយ​សារ​ការ​បញ្ចេញ​នូវ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដ៏​ច្រើន​ គឺ​ជា​ប្រធាន​បទ​មួយ​ដែល​ពិភព​លោក​កំពុង​តែ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ជា​ពិសេស​ បន្ទាប់​ពី​មាន​ការ​ទាញ​សញ្ញា​អាសន្ន​ពី​អ្នក​វិទ្យាសាស្ត្រ​ថា​ពិភព​លោក​អាច​នឹង​ឡើង​កម្ដៅ​2.7​អង្សា ឬ​ក៏​លើស​នៅ​ចុង​សតវត្ស​នេះ​។​ដូចនេះ​ហើយ​ទើប​មាន​ការ​ចរចា​ថ្មី​មួយ​ គឺ​ការ​ចរចា​ទីក្រុង​ប៉ារីស​ស្ដី​ពី​អាកាស​ធាតុ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​បន្ទាប់​ពី​ពិធីសារ​ទីក្រុង​ក្យូតូ​ឆ្នាំ​១៩៩៧​មិន​មាន​ប្រសិទ្ធិ​ភាព។

ដូចនេះ​តើ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្ដី​ពី​អាកាស​ធាតុ​មាន​កំណត់​អំពី​អ្វី​ខ្លះ​ ហើយ​តើ​កិច្ច​ព្រមព្រៀង​នេះ​អាច​នឹង​មាន​ប្រសិទ្ធិ​ភាព​កម្រិត​ណា?

កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្ដី​ពី​អាកាស​ធាតុ​ដែល​ត្រូវ​បាន​អនុម័ត​កាល​ពី​ថ្ងៃ​ទី​១២​ខែ​ធ្នូ​ដោយ​ប្រទេស​ចំនួន​១៩៥​មាន​កំណត់​នូវ​ចំណុច​សំខាន់ៗ​ដូច​ខាង​ក្រោម​ ៖

  • ប្រទេស​ទាំង​អស់​សន្យា​កាត់​បន្ថយ​ការ​ឡើង​កម្ដៅ​នៃ​ផែនដី​ឲ្យ​មក​នៅ​ទាប​ជាង​២​អង្សា​ហើយ​បើ​អាច​ធ្វើ​បាន​ឲ្យ​មក​នៅ​ទាប​ជាង​១.៥​អង្សា។
  • ប្រទេស​ទាំង​អស់​សន្យា​កំណត់​ពេល​នៃ​ការ​ឡើង​ខ្ពស់​បំផុត​នៃ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​បាន​ត្បិត​ថា​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅ​លើ​ផែនដី​ ត្រូវ​បាន​រំពឹង​ថា​នឹង​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​នៅ​ឆ្នាំ​២០៣០​ឬ​ក៏​យូរ​ជាង​នេះ​ឯណោះ។
  • ការ​សន្យា​ទាំង​នេះ​នឹង​ត្រូវ​ពិនិត្យ​ឡើង​វិញ​រៀង​រាល់​៥​ឆ្នាំ​ម្ដង​ដើម្បី​ឲ្យ​ប្រទេស​ទាំង​អស់​ដាក់​ជូន​នូវ​ការ​សន្យា​ថ្មី​ដែល​មាន​ភាព​ខ្លាំង​ក្លា​ជាង​មុន​រៀង​រាល់​៥​ឆ្នាំ​ម្ដង​ ។
  • កិច្ច​ព្រមព្រៀង​តម្រូវ​ឲ្យ​ប្រទេស​អ្នក​មាន​ ឬ​ប្រទេស​អភិវឌ្ឍន៍​ផ្តល់​ជំនួយ​ដល់​ប្រទេស​ក្រីក្រ​ដើម្បី​បង្កើត​ថាមពល​ស្អាត​ ( Clean energy )និង​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ផល​ប៉ះ​ពាល់​នៃ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​។
  • កិច្ច​ព្រមព្រៀង​កំណត់​អំពី​វិធាន​តម្លាភាព​ ដើម្បី​ពិនិត្យ​ថា​ប្រទេស​ទាំងអស់​បាន​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​តាម​ការ​ដែល​បាន​សន្យា​បាន​កម្រិត​ណា​ ។

ទោះ​ជា​យ៉ាង​ណា​កិច្ច​ព្រមព្រៀង​នេះ​ជួប​បញ្ហា​លំបាក​ត្រង់​ថា​ ប្រសិន​បើ​ប្រទេស​ណា​មួយ​មិន​អាច​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​តាម​ការ​ដែល​បាន​សន្យា​នោះ​មិន​មាន​ការ​ដាក់​ទណ្ឌ​កម្ម​អ្វី​នោះ​ទេ ។

ប្រែ​សម្រួល​ ៖ សុផានី
ប្រភព៖ Paris Agreement, Vox


  • តើ​អ្នក​ដឹង​អ្វី​ខ្លះ​ពី​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្ដី​ពី​អាកាស​ធាតុ​?已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/26  Category:វីដេអូ
Tags: