ហេតុ​អ្វី​​សាលា​បឋម​សិក្សា​ព្រៃវែង​ក្រុង​ក្លាយ​ជា​សាលា​គំរូ​ប្រចាំ​ខេត្ត?​

សាលា​បឋម​សិក្សា​ព្រៃ​វែង​ក្រុង​ទទួល​បាន​ការ​កោត​សរសើរ​​ថា​ជា​ «សាលា​បឋម​សិក្សា​មេត្រី»​ឬ​សាលា​បឋម​សិក្សា​គំរូ​ប្រចាំ​ខេត្ត​ព្រៃវែង។

 

ហេតុ​អ្វី​​សាលា​បឋម​សិក្សា​ព្រៃវែង​ក្រុង​ក្លាយ​ជា​សាលា​គំរូ​ប្រចាំ​ខេត្ត?​

 ថ្នាក់​ដឹក​នាំ​សាលា​បឋម​សិក្សា​ព្រៃវែង​ក្រុង

 

លោក​ស្រី ប៉ុល ផលវណ្ណនី​ នាយិកា​សាលា​បឋម​សិក្សា​​ព្រៃវែង​ក្រុង​​ និង​គណៈ​គ្រប់គ្រង​ ព្រម​ទាំង​លោក​គ្រូ​ អ្នក​គ្រូ​ពិត​​ជា​សប្បាយ​រីក​រាយ​ដែល​សាលា​បឋម​សិក្សា​របស់​លោក​ស្រី​ទទួល​បាន​ការ​កោត​សរសើរ​ពី​ថ្នាក់​ដឹក​នាំ​ អាណាព្យាបាល​ និង​សិស្សានុសិស្ស​ថា​ជា​ល្អ​គំរូ​មួយ​នៅ​ខេត្ត​ព្រៃវែង។​

 

ចំពោះ​ការ​កោត​សរសើរ​ និង​ចាត់​ទុក​ សាលា​បឋម​សិក្សា​ព្រៃវែង​ក្រុង​ជា​សាលា​គំរូ​ប្រចាំ​ខេត្ត​ លោក​ស្រី​ ផលវណ្ណនី​ បាន​រៀប​រាប​ថា​ សាលា​រៀន​របស់​លោក​ស្រី​បាន​អនុវត្ត​​តាម​​គោលការណ៍​បង្រៀន​របស់​ក្រសួង​អប់រំ​​ដូច​សាលា​ផ្សេង​ៗ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ដែរ​ ប៉ុន្តែ​ក្រៅ​ពី​​បង្រៀន​សាលា​ម៉ោង​រដ្ឋ​នា​ពេល​ព្រឹក​ ក៏​មាន​បង្រៀន​ពេល​ថ្ងៃ​រសៀល​​ថែម​ទៀត​ដែល​ជា​ម៉ោង​​បន្ថែម។

 

លោក​ស្រី​ថា ៖​«​​ពេល​រសៀល​ សាលា​បង្រៀន​២​ម៉ោង​ទៀត​ជា​ម៉ោង​​បន្ថែម។ ​យើង​បង្រៀន​​កម្មវិធី​សិក្សា​​​ដូច​​ម៉ោង​រដ្ឋ​ពេល​ព្រឹក​ដែរ​ តែ​​សិស្ស​ម្នាក់​បង់​ប្រាក់​៥០០​រៀល​ក្នុង​មួយ​ម៉ោង​ជួន​គ្រូ​ហើយ​សិស្ស​មក​រៀន​ទាំង​អស់​ដូច​ពេល​ព្រឹក​ដែរ។ ចំណុច​នេះ​យើង​បាន​ឯកភាព​គ្នា​ទាំង​ថ្នាក់​ដឹក​នាំ​ មន្ទីរ​អប់រំ​ ​អាណា​ព្យាបាល​ និង​អាជ្ញាធរ​ ហើយ​យើង​ក៏​បាន​ជម្រាប​ជួន​ទៅ​ក្រសួង​ដែរ»។

 

ហេតុ​អ្វី​​សាលា​បឋម​សិក្សា​ព្រៃវែង​ក្រុង​ក្លាយ​ជា​សាលា​គំរូ​ប្រចាំ​ខេត្ត?​

 

ដោយ​សារ​ការ​គ្រប់​គ្រង​​បាន​ត្រឹម​ត្រូវ​ បង្រៀន​ល្អ​ ​និង​វិន័យ​ច្បាស់​លាស់​​ទើប​បាន​ជា​អាជ្ញាធរ​ និង​មាតាបិតា​សិស្ស​តែង​តែ​ចូល​រួម​យ៉ាង​សកម្ម​ជា​មួយ​សាលា​ដើម្បី​​រៀប​ចំ​ពិធី​អ្វី​មួយ​ និង​ផ្សព្វផ្សាយ​អំពី​សាលា។ លោក​ស្រី ប៉ុល ផលវណ្ណនី​បាន​ឲ្យ​ដឹង​ថា សាលា​បាន​សហការ​ល្អ​ជា​មួយ​អាជ្ញាធរ​ និង​អាណាព្យាបាល​សិស្ស​​នៅ​ក្នុង​សហគមន៍​ ដូច្នេះ​ហើយ​ទើប​បាន​ជា​មាតាបិតា​សិស្ស​ និង​អាជ្ញាធរ​បាន​ចូល​រួម​យ៉ាង​សកម្ម​ជា​មួយ​សាលា​ក្នុង​សកម្មភាព​នានា​ដូច​ជា​ការ​ផ្សព្វផ្សាយ​ដំណឹង​​ ការ​រៀប​ចំ​ពិធី​​ដើម្បី​កសាង​អ្វី​មួយ​ក្នុង​សាលា​​ជា​ដើម។

 

«រាល់​ពេល​ដែល​សាលា​រៀប​ចំ​កម្មវិធី​ ឬ​ផ្សព្វផ្សាយ​ដំណឹង​អ្វី​មួយ​ ទាំង​អាជ្ញាធរ​ និង​អាណា​ព្យាបាល​សិស្ស​តែង​តែ​ចូល​រួម​រហូត​ មិន​ដែល​ខក​ខាន​ទេ​ ពី​ព្រោះ​ពួក​គាត់​ទុក​ចិត្ត​ ជឿ​ជាក់​លើ​សាលា​យើង​ខ្ញុំ»។ លោក​ស្រី ផលវណ្ណនី​​បន្ថែម។

 

លោក​ស្រី​នាយិកា​បន្ត​ថា​ ក្រៅ​ពី​ការ​សហការ​ជា​មួយ​​អាជ្ញាធរ​ និង​សហគមន៍​ជា​កត្តា​សំខាន់​ដែល​ទទួល​បាន​ទំនុក​ចិត្ត​ពី​មាតាបិតា​សិស្ស​ ​សាលា​ក៏​មាន​រចនា​សម្ពន្ធ​ជា​ច្រើន​​ទៀត​ដើម្បី​ពង្រឹង​គុណភាព​អប់រំ​ និង​ការ​គ្រប់គ្រង។ ​គណៈកម្មការ​ទាំង​នោះ​មាន​ដូច​ជា​ គណៈកម្មការ​គ្រប់​គ្រង​​ ​វិន័យ​សណ្ដាប់​ធ្នាប់​ សន្តិសុខ​ អនាម័យ​​​ និង​ក្រុម​ប្រឹក្សា​កុមារ​ជា​ដើម។

 
សូមទស្សនា​វីដេអូ
 

 

ស្ទើរ​រាល់​ឆ្នាំ​ ​សាលា​បឋម​សិក្សា​ព្រៃ​វែង​ក្រុង​តែង​តែ​ទទួល​បាន​លិខិត​សរសើរ​ពី​​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ ក៏​ដូច​ជា​ពី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា។ ចំណែក​អាណាព្យាបាល​តែង​តែ​កោត​សរសើរ​ពី​ការ​អប់រំ​នៅ​សាលា​បឋម​សិក្សា​នេះ​ និង​ចង់​ឲ្យ​កូន​ៗ​របស់​ពួក​គាត់​រៀន​នៅ​សាលា​នេះ។

 

ទោះ​បី​ជា​យ៉ាង​ណា​លោក​ស្រី​ ប៉ុល ផលវណ្ណនី​បាន​ឲ្យ​ដឹង​ថា ​កំណើន​​សិស្ស​បាន​កើន​ឡើង​​រាល់​ឆ្នាំ​​ដែល​បណ្តាល​ឲ្យ​សាលា​បឋម​​សិក្សា​នេះ​​ខ្វះ​អគារ​សិក្សា​សម្រាប់​​ទទួល​យក​សិស្សានុសិស្ស​បន្ថែម​ទៀត។ ថ្នាក់​ដឹក​នាំ​សាលា​នេះ​ចង់​បាន​អគារ​សិក្សា​មួយ​ខ្នង​ ពីរ​ជាន់​ដែល​មាន​១០​បន្ទប់​ អគារ​ចាត់​ការ​មួយ​ ពី​ព្រោះ​សព្វ​ថ្ងៃ​យក​បន្ទប់​សិក្សា​ធ្វើ​អគារ​ចាត់​ការ​ និង​ចង់​បាន​អគារ​កាត់​ដេរ​មួយ។ សព្វ​ថ្ងៃ​សាលា​នេះ​មាន​ថ្នាក់​ដឹក​នាំ​៣​នាក់​ និង​លោក​គ្រូ​ អ្នក​គ្រូ​៣៧​នាក់​ ខណៈ​សិស្ស​មាន​ជិត​១​ពាន់​នាក់។​

 

ព្រៃ​វែង​ក្រុង​ជា​សាលា​បឋម​សិក្សា​មេត្រី​​បាន​ក​កើត​ឡើង​តាំង​ពី​ឆ្នាំ​​១៩២៧​ ប៉ុន្តែ​ត្រូវ​បាន​បោះ​បង់​ចោល​នា​សម័យ​ខ្មែរ​ក្រហម។ ​ក្រោយ​ឆ្នាំ​​​១៩៧៩​សាលា​បឋម​សិក្សា​​​ក្រៅ​ថា​ «សាលា​ក្នុង»​នេះ​បាន​ដំណើរ​ការ​បង្រៀន​ឡើង​វិញ​រហូត​ដល់​សព្វ​ថ្ងៃ៕

 

ហេតុ​អ្វី​​សាលា​បឋម​សិក្សា​ព្រៃវែង​ក្រុង​ក្លាយ​ជា​សាលា​គំរូ​ប្រចាំ​ខេត្ត?​

 

ហេតុ​អ្វី​​សាលា​បឋម​សិក្សា​ព្រៃវែង​ក្រុង​ក្លាយ​ជា​សាលា​គំរូ​ប្រចាំ​ខេត្ត?​

 

ហេតុ​អ្វី​​សាលា​បឋម​សិក្សា​ព្រៃវែង​ក្រុង​ក្លាយ​ជា​សាលា​គំរូ​ប្រចាំ​ខេត្ត?​

 

 

អត្ថបទ៖ ជាន ចាន់រ៉ា