គម្រក់​ណាស់ ! បង្ខំ​ប្រពន្ធ​មាន​ផ្ទៃពោះ​ឲ្យ​លក់ខ្លួន

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​បាន​ជិះ​ម៉ូតូឌុប​ទាំង​ទឹកភ្នែក​ហូរ​រហាម​មក​ប្តឹង​ប៉ូលិស​ប្រចាំការ​នៅ​គល់​ស្ពាន​ជ្រោយចង្វា​ឲ្យ​ជួយ​អន្តរាគមន៍ ថា​ប្តី​របស់​នាង​បាន​វាយ​ធ្វើបាប​ បង្ខំ​នាង​ឲ្យ​លក់ខ្លួន​នៅរ​ង្វ​ល់វត្ត​ភ្នំ​ទាំង​ដឹង​ថា​នាង​មាន​ផ្ទៃពោះ​ជាង​១​ខែ​ទៅ​ហើយ ។ ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ព្រលប់​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​គល់​ស្ពាន​ជ្រោយចង្វា ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

នារី​វ័យក្មេង​អភ័ព្វ​រូប​នោះ​មិន​បាន​ប្រាប់​ឈ្មោះ​ឲ្យ​សមត្ថកិច្ច​ដឹង​ឡើយ តែ​នាង​បាន​ប្រាប់​ថា នាង​មាន​អាយុ​១៩​ឆ្នាំ ជា​អតីត​សន្តិសុខ​ឯក​ជន​មួយ ហើយ​ជា​ក្មេង​កំព្រា​តាំងពី​តូច រស់នៅ​ជាមួយ​ជីដូន​នៅ​ខេត្តតាកែវ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​វិហារ​អ៊ិ​ស្លា​ម​បឹង​កក់ ។

នារី​វ័យក្មេង​អភ័ព្វ​ឲ្យ​ដឹង​ទៀត​ថា កាលពី​ប្រហែល​១​ឆ្នាំ​មុន​នាង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ជនជាតិ​ចិន​ម្នាក់​ហូត​មានផ្ទះ​ពោះ ហើយ​ជនជាតិ​ចិន​នោះ​ក៏​រត់​ចោល​នាង​បាត់​ទៅ ហើយ​កាលពី​កន្លះ​ខែ​មុន​នាង​ក៏​បាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ទាហាន​ម្នាក់​ឈ្មោះ រ័​ត្ន អាយុ​២៦​ឆ្នាំ ដោយ​រស់នៅ​ជាមួយ​គ្នា​ដូច​ប្តី​ប្រពន្ធ​អ៊ីចឹង តែ​ប្តី​ក្រោយ​នេះ​តែងតែ​វាយ​ធ្វើបាប​នាង​បង្ខំ​ឲ្យ​រកស៊ី​ចិញ្ចឹម​គ្រួសារ មិនតែប៉ុណ្ណោះ​វាយ​បង្ខំ​នាង​ឲ្យ​លក់ខ្លួន​នៅ​រង្វង់​មូល​វត្ត​ភ្នំ​ថែម​ទៀត​ផង ទើប​នាង​ទ្រាំ​លែង​បាន​មក​សុំ​ឲ្យ​ប៉ូលិស​ជួយ ។

ក្រោយ​ពី​ទទួល​ពាក្យបណ្ដឹង​ពី​នារី​អភ័ព្វហើយ នគរបាល​គោលដៅ​៣​យាម​ស្ពាន​ជ្រោយចង្វា​បាន​ប្រគល់​រឿង​នេះ​ទៅ​ឲ្យ​នគរបាល​ប៉ុស្តិ៍​ស្រះ​ចក​បន្ត​ចាត់ការ​តាម​និ​តិ​វិធី ៕