ក្រុមណាហ្គាវើល ហោះទៅជួបក្រុមលីកកំពូលរបស់ហ្វីលីពីន នៅសិង្ហបុរី ថ្ងៃនេះ

ក្រុមណាហ្គាវើល របស់កម្ពុជា នឹងឡើងយន្តហោះបោះពួយទៅកាន់ប្រទេសសិង្ហបុរី នៅរសៀលម៉ោង២:៥ ថ្ងៃព្រហស្បតិ៍នេះ ដើម្បីទៅជួបក្រុមលីកកំពូលរបស់ហ្វីលីពីន Global FC ក្នុងការប្រកួតពានរង្វាន់ RHB Singapore Cup 2016 ដែលរៀបចំឡើងដោយសិង្ហបុរី។
scup1
កីឡាករទាំង១៨នាក់ (មានបរទេស៨នាក់) របស់ក្រុមម្ចាស់ជើងឯករង ណាហ្គាវើល នឹងត្រូវស្នាក់នៅ និងហ្វឹកហាត់នៅលើទឹកដីប្រទេសសិង្ហបុរី រយៈពេល២ថ្ងៃ មុនពេលពួកគេត្រូវប្រកួតជាមួយក្រុម Global FC របស់ហ្វីលីពីន នៅលើទីលាន Jalan Bessar Stadium របស់សិង្ហបុរី ល្ងាចម៉ោង ៧:៣០(ត្រូវនឹងម៉ោង៦:៣០នៅកម្ពុជា) នាថ្ងៃសៅរ៍ ខាងមុខនេះ។

លោក មាស ចាន់ណា គ្រូបង្វឹកណាហ្គាវើល ក៏មានការបារម្ភផងដែរ ចំពោះការចេញទៅប្រកួតលើកនេះ ដោយលោកបាននិយាយថា៖«មួយរយៈចុងក្រោយនេះ ក្រុម Global បានឈ្នះក្រុមការប្រកួត ក្នុងក្របខ័ណ្ឌលីកកំពូលរបស់ហ្វីលីពីន ហើយខ្ញុំក៏មានការបារម្ភផងដែរ ព្រោះតំបន់ប្រយុទ្ធក្រុមល្អ ព្រោះកីឡាករបរទេសគេមានល្បឿនលឿនៗ ហើយក្រុមនេះក៏មានកីឡាករចូលសញ្ជាតផ្សេងទៀតផងដែរ។ ប៉ុន្តែតាមរយៈការប្រកួតជាមួយក្រុមប៉ូលិស ចុងក្រោយនេះ ខ្ញុំមើលឃើញថាខ្សែការពារ និងខ្សែបម្រើសហការគ្នាបានល្អ ហេតុនេះយើងក៏នៅតែមានសង្ឃឹម៥០ភាគរយផងដែរ ព្រោះទម្រង់លេងជារួមរបស់ Global លើសយើងមិនដាច់នោះទេ គឺអាចមានស៊ីមានសងទៅវិញទៅមក ហើយយើងមិនព្យាយាមលេងទប់រហូតនោះទេ»។
scup
ណាហ្គាវើល គឺក្រុមតែមួយគត់ ដែលម្ចាស់ផ្ទះសិង្ហបុរី អញ្ជើញឲ្យទៅចូលរួមការប្រកួតនេះ ខណៈប្រទេសហ្វីលីនមាន២ក្រុមគឺក្រុម Global FC និងក្រុម Ceres-La Salle ហើយក្រុមទាំង៣នេះ ត្រូវបានដាក់ឲ្យប្រកួតជាមួយក្រុមចំនួន៩ទៀត ដែលកំពុងលេងនៅ S.League របស់សង្ហបុរី ហើយតាមរយៈការចាប់ឆ្នោត ណាហ្គាវើល បានជួបក្រុម Global ឯក្រុម Ceres-La Salle ត្រូវប៉ះក្រុម Young Lions។

ក្រុមណាហ្គាវើល របស់កម្ពុជា ធ្លាប់បានចូលរួមការប្រកួតពាន RHB Singapore Cup នេះកាលពីឆ្នាំ២០១៤ម្តងហើយ តែពួកគេមានវាសនាមិនខុសពីក្រុមភ្នំពេញក្រោន ស្វាយរៀង និងបឹងកេតអង្គរ នោះទេ គឺបានធ្លាក់ត្រឹមវគ្គជម្រុះនេះដូចគ្នា ខណៈណាហ្គាវើល បានចាញ់ក្រុម Home United របស់សិង្ហបុរី ៥-០ នោះ។ ចំណែកក្រុម Global FC ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៤ពីការប្រកួតនេះចំនួន២ដងហើយ គឺនៅឆ្នាំ២០១៣ម្តង និងឆ្នាំ២០១៥ម្តងទៀត ហេតុនេះ ការក្រុមណាហ្គាវើល គេចមិនផុតពីការប្រឈមនៅការប្រកួតដ៏តានតឹងនោះទេ៕