លោក Benitez បន្តនៅជាមួយនឹងក្លិប Newcastle

លោក Rafael Benitez បានអះអាងកាលពីថ្ងៃពុធថា រូបលោកនឹងបន្តនៅក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្លិប Newcastle United ដើម្បីព្យាយាមដឹកនាំឲ្យក្រុមមានមូលដ្ឋាននៅភាគឦសានមួយនេះ វិលទៅកាន់ក្របខ័ណ្ឌ Premier League វិញ។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញវ័យ៥៦ឆ្នាំរូបនេះ បានយល់ព្រមលើកិច្ចព្រមព្រៀងរយៈពេល៣ឆ្នាំ ក្រោយពីបានជ្រើសរើសយកការប្រឆាំងនឹងការរំលាយកិច្ចសន្យាចំពោះរូបលោកក្នុងករណីត្រូវធ្លាក់ចេញដែលត្រូវបានចែងក្នុងកិច្ចសន្យារបស់លោកកាលពីខែមីនា។
benitez
លោក Benitez បានឲ្យដឹងថា៖ «ខ្ញុំពិតជារីករាយក្នុងការបន្តនៅជាមួយនឹងក្លិប Newcastle United»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «ក្តីស្រឡាញ់ដែលខ្ញុំមានពីសំណាក់អ្នកគាំទ្រ គឺជាឥទ្ធិពលដ៏ធំមួយស្រាប់ខ្ញុំក្នុងការសម្រេចចិត្តដើម្បីបន្តនៅ ក៏ដូចជាការមានទំនាក់ទំនងយ៉ាងល្អរបស់ខ្ញុំជាមួយនឹងប្រធានក្លិបលោក Lee Charnley និងរាល់បុគ្គលិកទាំងអស់។ នេះគឺជាក្លិបដ៏ធំមួយ ហើយខ្ញុំចង់ចូលរួមជាចំណែកក្នុងអនាគតដ៏អស្ចារ្យ ដែលខ្ញុំអាចឃើញសម្រាប់ក្លិប Newcastle United»។ លោក Benitez អតីតអ្នកចាត់ការទូទៅរបស់ក្លិប Liverpool ត្រូវបានគាំទ្រយ៉ាងខ្លាំងដោយអ្នកគាំទ្ររបស់ក្លិប Newcastle ក្រោយពីត្រូវបានផ្តល់ឲ្យនូវការងារដ៏លំបាកមួយក្នុងការរក្សាធ្វើឲ្យក្រុមសារិកាព្រៃមួយនេះមានវត្តមានក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេស៕

ប្រភពព័ត៌មាន៖ Channel News Asia