ខ្សែបម្រើអន្តរជាតិស្វ៊ីស Xhaka យល់ព្រមចូលរួមជាមួយក្លិប Arsenal

ក្លិប Arsenal បានឈានដល់កិច្ចព្រមព្រៀងគ្នាមួយក្នុងការចុះហត្ថលេខាជាមួយខ្សែបម្រើអន្តរជាតិដ៏មានឥទ្ធិពល Granit Xhaka ពីក្លិប Borussia Moenchengladbach ក្នុងកិច្ចសន្យារយៈពេលវែងមួយសម្រាប់តម្លៃខ្លួនបិទជិត។ នេះបើយោងទៅតាមការបញ្ជាក់របស់ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League មួយនេះកាលពីថ្ងៃពុធ។
xhaka
បណ្តាញសារព័ត៌មានរបស់ចក្រភពអង់គ្លេស បានចេញផ្សាយថា តម្លៃខ្លួននៃការផ្ទេររបស់ Xhaka មានចំនួនប្រមាណជា៣០លានផោន (ស្មើនឹង៤៤លានដុល្លារអាមេរិក) ដែលនឹងធ្វើឲ្យរូបគេក្លាយជាកីឡាករមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតទី៣បន្ទាប់ពីខ្សែបម្រើ Mesut Ozil និង Alexis Sanchez។ Xhaka វ័យ២៣ឆ្នាំ ដែលបានបង្ហាញខ្លួនជាអន្តរជាតិចំនួន៤១លើក បានលេង៣៦លើកសម្រាប់ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Bundesliga មួយនេះ ដោយបានស៊ុតបាល់បញ្ចូលទី៣គ្រាប់ និងបានជួយឲ្យពួកគេបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤កាលពីរដូវកាលមុន។ រូបគេបានប្រាប់គេហទំព័ររបស់ក្លិប (www.arsenal.com) ថា៖ «ខ្ញុំពិតជាមានមោទនភាពណាស់ក្នុងការចូលរួមជាមួយនឹង Arsenal។

ខ្ញុំពិតជាចង់ផ្ទេរទៅកាន់ទីក្រុងឡុងដ៍ ធ្វើជាតំណាងឲ្យក្លិបដ៏ពិសេសមួយ និងលេងក្នុងក្របខ័ណ្ឌ Premier League។ ខ្ញុំនឹងប្រឹងឲ្យអស់ពីសមត្ថភាពដើម្បីជួយឲ្យ Arsenal ឈ្នះពាន និងធ្វើឲ្យអ្នកគាំទ្ររីករាយ»។ Xhaka មានភាពល្បីល្បាញទៅលើរបៀបលេងបែបប្រជែងខ្លាំង ដែលបានធ្វើឲ្យគេធ្លាក់ចូលបញ្ហា និងទទួលបានកាតក្រហមបីកាលពីរដូវកាលមុន ប៉ុន្តែ លោក Arsene Wenger អ្នកចាត់ការទូទៅរបស់ Arsenal មានអារម្មណ៍ថា បទពិសោធរបស់គេគឺពិតជាសំខាន់។ លោក Wenger បានឲ្យដឹងថា៖ «Granit Xhaka គឺជាកីឡាករវ័យក្មេងដ៏ឆ្នើមម្នាក់ ដែលមានបទពិសោធយ៉ាងល្អក្នុងក្របខ័ណ្ឌ Champions League និង Bundesliga រួចជាស្រេច»៕

ប្រភពព័ត៌មាន៖ Channel News Asia