មូលហេតុ​ ដែល​ Mourinho ទៅ​​ Man Utd ត្រូវ​ពន្យារពេល

Jose Mourinho ​​ដែល​គ្រោង​នឹង​ឡើង​ដឹក​នាំ​ក្រុម​ Manchester United ជំនួស​អ្នកចាត់ការ​ Louis van Gaal ​នៅ​ Old Trafford ត្រូវ​​បាន​ពន្យារពេល​​ពីរ​បី​ថ្ងៃ​ហើយ ដោយសារ​តែ​ឈ្មោះ​របស់​​អ្នកចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ នៅ​ជាប់​កម្មសិទ្ធិ​របស់​ក្លឹប​ Chelsea នៅ​ឡើយ។

 

មូលហេតុ​ ដែល​ Mourinho ទៅ​​ Man Utd ត្រូវ​ពន្យារពេល

Jose Mourinho

 

ក្លឹប​ Chelsea បាន​ចុះ​ហត្ថលេខា​ទិញ​យក​ឈ្មោះ និង​ស៊ីញេ​របស់​ Mourinho ​កាល​ឆ្នាំ​២០០៥ និង​ផុត​កំណត់​ដល់​ឆ្នាំ​២០២៥ ដើម្បី​ធ្វើ​ជា​យីហោ​ សម្រាប់​លក់​សម្ភារៈ​ដូច​ជា​ គ្រឿង​សម្អាង បច្ចេកវិទ្យា សំលៀកបំពាក់ និង​គ្រឿងអលង្ការ​ជា​ដើម។ ដូច្នេះ​​ Man Utd ​ត្រូវ​តែ​ចរចា​ជាមួយ​ Chelsea ដើម្បី​ទិញ​សិទ្ធិ​យក​ឈ្មោះ​ Mourinho មក​វិញ ​បើ​ពួកគេ​ចង់​លក់​សម្ភារៈ​របស់​ក្លឹប​ ដែល​មាន​ឈ្មោះ​អ្នកចាត់ការ​ “Special One”។

 

មូលហេតុ​ ដែល​ Mourinho ទៅ​​ Man Utd ត្រូវ​ពន្យារពេល

សម្ភារៈមានរូប Mourinho ត្រូវ​ក្លឹប​ Chelsea ដាក់​លក់​លើ​ Online

 

រីឯ​បញ្ហា​​មួយ​ទៀត​គឺ អតីត​អ្នកចាត់ការ​ក្រុម​ Chelsea រូប​នេះ បាន​ចុះ​កិច្ចសន្យា​ផ្ទាល់​ខ្លួន​ជាមួយ​ក្រុមហ៊ុន​រថយន្ត​អង់គ្លេស Jaguar ​ខណៈ​ដែល​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​អាមេរិក​ Chevrolet ជា​អ្នក​ឧបត្ថម្ភ​ធំ​ នៅ​លើ​អាវ​ក្រុម​បិសាច​ក្រហម។

 

យ៉ាងណាក្ដី ​កត្តា​​មួយ​ចំនួន​ខាង​លើ​នេះ ពុំ​មែន​ជា​​​បញ្ហា​ធំ​ធ្វើ​ឲ្យ​រាំងស្ទះ ដល់​​ការ​​ឡើង​ដឹក​នាំ​ក្រុម​ Man Utd របស់​ Mourinho ​នោះ​ទេ​ ខណៈ​ដែល​សេចក្ដីរាយការណ៍​ជឿ​ថា ​​ការ​ប្រកាស​ឡើង​កាន់​តំណែង​ជា​​ផ្លូវការ​ នឹង​កើត​ឡើង​ឆាប់ៗ នៅ​ចុង​សប្ដាហ៍​នេះ៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖​ bbc | thesun