ប្រវត្តិ​ថៅកែ Starbucks ប្ដូរ​ជីវិត​តោកយ៉ាក​ជា​មហាសេដ្ឋី​ព្រោះ​កាហ្វេ ​

Starbucks ជា​ម៉ាក​កាហ្វេ​ដ៏​ល្បីល្បាញ មាន​សាខា​ជាង ២ម៉ឺន​កន្លែង​តាម​បណ្ដា​ប្រទេស​នានា​លើ​ពិភពលោក ហើយ​សាខា​ចុង​ក្រោយ​គេ​នៅ​កម្ពុជា​ទើប​បើក​សម្ពោធ​ផ្លូវការ​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ។ ម៉ាក​កាហ្វេ​ដ៏​ពេញ​និយម​នេះ​ហើយ ដែល​បាន​ប្ដូរ​វាសនា​បុរស​កើត​ក្នុង​ត្រកូល​គ្រួសារ​ក្រីក្រ​ម្នាក់ ឲ្យ​ក្លាយ​ជា​មហាសេដ្ឋី​មាន​ទឹក​ប្រាក់​ប៊ីលាន​ដុល្លារ​ត្រឹម​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ នោះ​គឺ​លោក Howard Schultz។

 

ប្រវត្តិ​ថៅកែ Starbucks ប្ដូរ​ជីវិត​តោកយ៉ាក​ជា​មហាសេដ្ឋី​ព្រោះ​កាហ្វេ ​

 

ប្រវត្តិ​ជីវិត​

Howard Schultz កើត​នៅ​ថ្ងៃ​ទី១៩ កក្កដា ឆ្នាំ​១៩៥៣ ក្នុង​ទីក្រុង Brooklyn រដ្ឋ New York សហរដ្ឋ​អាមេរិក។ ម្ដាយ​ឪពុក​របស់ Howardគឺ​ជា​ជនជាតិ​ជ្វីស ដែល​មាន​ឪពុក​ឈ្មោះ Fred Schultz និង​ម្ដាយ​ឈ្មោះ Elaine។ ឪពុក​របស់ Howardបាន​ធ្វើ​ជា​អ្នក​បើក​ត្រាក់ទ័រ ដើម្បី​ចិញ្ចឹម​កូន​បី​នាក់​នៅ​ក្នុង​បន្ទុក។ Howardគឺ​ជា​កូន​ទី២ និង​ជា​មនុស្ស​ម្នាក់​គត់​នៅ​ក្នុង​គ្រួសារ ដែល​បាន​រៀន​ដល់​សាកលវិទ្យាល័យ ហើយ​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​ទំនាក់ទំនង។

 

លោក Howard អាច​លេង​បាន​ទាំង​កីឡាបាល់បោះ បាល់ឱប និង​បាល់ទាត់ ដែល​អាច​ជួយ​ឲ្យ​​រួច​ផុត​ពី​ភាព​ក្រ​លំបាក ហើយ​វា​ក៏​ជា​ស្ពាន​ចម្លង​លោក​ឲ្យ​ទទួល​បាន​អាហារូបករណ៍​សម្រាប់​អត្តពលិក នៅ​សាកលវិទ្យាល័យ Northern Michigan ផង​ដែរ។ ចំណេះ​ដឹង និង​ការ​តស៊ូ​ព្យាយាម​បែប​នេះ​ហើយ ទើប​លោក​បាន​ក្លាយ​ជា​មហាសេដ្ឋី ដោយ​ញើស​ឈាម​ផ្ទាល់​ខ្លួន មិន​បាន​ទទួល​មរតក​ពី​គ្រួសារ​ឡើយ។

 

បច្ចុប្បន្ន លោក Howard Schultz មាន​ទ្រព្យ​សម្បត្តិ​សរុប ២,៩​ប៊ីលាន​លាន​ដុល្លារ ជា​មហាសេដ្ឋី​លំដាប់​ទី​៥៩៥ លើ​លោក។ ប៉ុន្តែ​មុន​នឹង​រក​ប្រាក់​បាន​ខ្ទង់​ប៊ីលាន​ដុល្លារ​ជាមួយ Starbucks យ៉ាង​ជោគជ័យ Howard ក៏​មាន​ជីវិត​សាមញ្ញ​ដូច​ជនជាតិ​អាមេរិក​ដទៃ​ទៀត​ដែរ គឺ​ក្រ​ជាង​មនុស្ស​ភាគ​ច្រើន​ផង។

 

ចាប់​ផ្ដើម​ធ្វើការ​នៅ Starbucks

លោក Howard បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ដំបូង​​ផ្នែក​លក់​ឲ្យ​ក្រុម​ហ៊ុន Xerox Corporation។ ដោយ​សារ​មាន​ស្នាដៃ​ល្អ លោក​ក៏​ត្រូវ​បាន​ដំឡើង​មុខ​តំណែង​ជា​តំណាង​ផ្នែក​លក់​ពេញ​សិទ្ធិ។ ទោះ​យ៉ាង​ណា ៤ឆ្នាំ​ក្រោយ​មក លោក​ក៏​បាន​ឈប់​ធ្វើការ​នៅ Xerox ហើយ​ចាប់​ផ្ដើម​ការងារ​ថ្មី​ជា​ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​រោង​ចក្រ​ផលិត​កាហ្វេ Hammarplast នៅ​ក្នុង​ប្រទេស​ស៊ុយអែត។

 

Howard បាន​គ្រប់គ្រង​បុគ្គលិក​ចំនួន ២០នាក់ និង​ទទួល​ខុស​ត្រូវលើ​ប្រតិបត្តិ​ការ​នៅ​សហរដ្ឋអាមេរិក។ អាជីព​មួយ​នេះ​​បាន​ត្រួស​ត្រាយ​ផ្លូវ​ឲ្យ Howard រក​ឃើញ​កាហ្វេ Starbucks នៅ​ក្នុង​ទីក្រុង Seattle សហរដ្ឋអាមេរិក ជា​កន្លែង​ដែល​លោក​ទទួល​បាន​ការ​កោត​សរសើរ​បំផុត​ចំពោះ​ចំណេះ​ដឹង​ផ្នែក​ កាហ្វេ​ពី​សំណាក់​ម្ចាស់​ក្រុមហ៊ុន និង​បុគ្គលិក។ មួយ​ឆ្នាំ​ក្រោយ​មក លោក Howard ក៏បាន​ក្លាយ​ជា​ប្រធាន​ផ្នែក​ទីផ្សារ​របស់ Starbucks។

 

លាលែង​ការងារ​ពី Starbucks ហើយ​ចាប់​ផ្ដើម​លក់​កាហ្វេ​ដោយ​ខ្លួន​ឯង
លោក Howard បាន​បញ្ចុះ​បញ្ចូល​ប្រធាន​ក្រុមហ៊ុន Starbucks ឲ្យ​ដាក់​បញ្ចូល​កាហ្វេ​ខ្លាំង​បែប​ប្រពៃណី​ទៅ​ក្នុង​ម៉ឺនុយ ប៉ុន្តែ​ត្រូវ​បាន​បដិសេធ។ បញ្ហា​នេះ​បាន​ធ្វើឲ្យ Howard លាលែង​ពី​ការងារ​នៅ​ក្នុង​ឆ្នាំ ១៩៨៥ ដើម្បី​ចាប់​ផ្ដើម​ការងារ​ដោយ​ខ្លួន​ឯង។

 

ឧបសគ្គ​ចម្បង​នោះ​គឺ​លោក​ពុំ​មាន​ដើមទុន​ទេ ហើយ​ប្រពន្ធ​របស់​លោក​កំពុង​ពពោះ​កូន​ទី​១។ ប៉ុន្តែ​សំណាង​ល្អ មាន​មនុស្ស​មួយ​ចំនួន​ចង់​ជួយ​លោក ហើយ​មួយ​ឆ្នាំ​ក្រោយ​មក​លោក Howard ​ក៏​អាច​រក​ប្រាក់​បាន ៤០ម៉ឺន​ដុល្លារ ដើម្បី​ចាប់​ផ្ដើម​គំនិត​លក់​កាហ្វេ​ដោយ​ខ្លួនឯង។ លោក​បាន​ដាក់​ឈ្មោះ​ហាង​កាហ្វេ​នោះ​ថា Il Giornale ហើយ​វា​បាន​វាយ​លុក​ទៅ​​លើ​ទីផ្សារ​ក្នុង​តំបន់​។

 

ភាព​ជោគជ័យ​នៃ Starbucks

ដោយ​សម្រេច​ចិត្ត​ទៅ​ធ្វើ​ជំនួញ​ផ្សេង​ទៀត អ្នក​គ្រប់​គ្រង​របស់ Starbucks ក៏​បាន​លក់ Starbucks ទៅ​ឲ្យ Howard ដែល​ជា​មនុស្ស​ធ្លាប់​ធ្វើការ​ជាមួយ​គ្នា ក្នុង​តម្លៃ ៣,៨​លាន​ដុល្លារ។ នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់ Howard កាហ្វេ Starbucks បាន​ក្លាយ​ជា​ក្រុមហ៊ុន​យក្ស​លំដាប់​ប៊ី​លាន​ដុល្លារ។ Howard បាន​ពង្រីក​សាខា​របស់ Starbucks ​នៅ​ទូទាំង​សហរដ្ឋអាមេរិក។ លោក​បាន​ផ្ដោត​ចក្ខុ​វិស័យ​ទៅលើ​អចលនវត្ថុ ដែល​អាច​ជួយ​ក្រុមហ៊ុន Starbucks របស់​លោក និង​ព្យាយាម​ជំរុញ​វា​ឲ្យ​មាន​ការ​រីក​ចម្រើន​ឆាប់​រហ័ស។

 

សព្វ​ថ្ងៃ​ នេះ Starbucks មាន​សាខា​ជាង ២​ម៉ឺន​កន្លែង​ទូទាំង​ពិភពលោក ហើយ​គ្រាន់​តែ​នៅ​ក្នុង​សហរដ្ឋអាមេរិក​មួយ មាន​សាខា ១៣១០៧​កន្លែង។ ប្រហែល​ជា​នៅ​ដំណាច់​ទសវត្សរ៍​នេះ សាខា​របស់ Starbucks នឹង​កើន​ឡើង​រហូត​ដល់ ៣​ម៉ឺន​កន្លែង​នៅ​ទូទាំង​ពិភពលោក។​

 

ការ​ផ្សង​ព្រេង​ដែល​បរាជ័យ

លោក Howard មិនមែន​ធ្វើអ្វី​សុទ្ធតែ​បាន​ជោគជ័យ​ទាំងអស់​នោះ​ទេ ដូចជា​ការទិញ​ក្រុម​បាល់បោះ Seattle Supersonics នៅ​ក្នុង​លីក​កំពូល​របស់​សហរដ្ឋ​អាមេរិក​ជា​ភស្តុតាង​ស្រាប់។ លោក​ត្រូវ​បាន​គេ​រិះគន់​យ៉ាង​ខ្លាំង ទៅ​លើ​ការ​ទិញ​ក្លឹប​នោះ​។ ប៉ុន្តែ​បញ្ហា​នេះ​មិន​បាន​ធ្វើ​ឲ្យ Howard មាន​ការ​រុញរា​ក្នុង​ការ​ទិញ​ទេ។ យ៉ាង​ណា​ក្ដី បន្ទាប់​ពី​ការ​ខិតខំ​ប្រឹង​ប្រែង​ជាមួយ​ក្លឹប​រួច​មក លោក​ក៏​បាន​លក់​វា​វិញ​​ក្នុង​តម្លៃ ៣៥០លាន​ដុល្លារ។

ទទួល​បាន​ការ​កោត​សរសើរ​ទោះ​ធ្លាប់​បរាជ័យ​

មនុស្ស ​រាប់​រយ​លាន​នាក់​នៅ​ជុំ​វិញ​ពិភពលោក បាន​ចូលចិត្ត​ម៉ាក​កាហ្វេ Starbucks យ៉ាង​ខ្លាំង ហើយ​កិត្តិនាម​របស់ Starbucks ក៏​កំពុង​មាន​ការ​កើន​ឡើង​ជា​លំដាប់។ បើ​ទោះ​ជា​ធ្លាប់​មាន​ការ​ផ្សងព្រេង​បរាជ័យ​ក៏​ពិត​មែន ក៏​លោក Howard Schultz នៅ​តែ​ទទួល​បាន​ការ​គោរព​ជា​អ្នក​ជំនួញ​ដ៏​អស្ចារ្យ​ម្នាក់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ។

មេរៀន​ដែល​ទទួល​បាន​ពី​ជីវិត​របស់​លោក Howard Schultz

- ប្រើ​ភាព​ក្រីក្រ​ជំរុញ​ទឹក​ចិត្ត​ឲ្យ​​ចេះ​ព្យាយាម ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ ដូចដែល​លោក Howard Schultz ធ្លាប់​បាន​ធ្វើ។

 

- កុំ​ខ្លាច​រអា​ក្នុង​ការ​ប្រថុយ​គ្រោះ​ថ្នាក់ នៅ​ពេល​ដែល​យើង​ជឿ​ជាក់​លើ​អ្វី​មួយ។

 

- បរាជ័យ​ក្នុង​ជំនួញ​ណាមួយ មិន​មែន​មាន​ន័យ​ថា​អ្នក​បរាជ័យ​ក្នុង​ជីវិត​​ទេ។ ត្រូវ​ក្រោក​ឈរ​ឡើង​វិញ​ហើយ​ព្យាយាម​ម្ដង​ទៀត។

 

ប្រែ​សម្រួល៖ គង់ វិសាល
ប្រភព៖ worldsrichpeople ​