យក​លុយ​១០​ដុល្លារ ទិញ​សណ្ដែក​ដី​​លក់ ក៏​អាច​​ក្លាយ​ជា​អ្នកមាន​​ដែរ​ បើ…

“លុយ​១០​ដុល្លារ ទិញ​សណ្ដែក​ដី​មក​រែក​លក់​ ក៏​ជា​សហគ្រិន​ដែរ ហើយ​ក៏​អាច​ធ្វើ​ឲ្យ​ខ្លួន​ឯង​ក្លាយ​ជា​អ្នក​មាន​ដែរ​ បើ​ចេះ​ប្រើប្រាស់​បាន​ត្រឹមត្រូវ​”។ សម្ដី​របស់​លោក គួច សុខលី។

 

យក​លុយ​១០​ដុល្លារ ទិញ​សណ្ដែក​ដី​​លក់ ក៏​អាច​​ក្លាយ​ជា​អ្នកមាន​​ដែរ​ បើ…

 

បុគ្គល​ជោគជ័យ​ក្នុង​វិស័យ​ជំនួញ​រូប​នេះ បាន​​លើក​ឡើង​​យ៉ាង​ដូច្នេះ​ គឺដើម្បី​ឆ្លើយ​តប​នឹង​បុគ្គល​មួយ​ចំនួន​ដែល​តែង​គិត​ថា ទាល់​តែ​មាន​ដើមទុន​ច្រើន​ ទើប​អាច​រកស៊ី​កើត។ ជាក់​ស្ដែង​លោក សុខលី និង​ដៃគូ​ម្នាក់​ទៀត បាន​ចាប់​​រកស៊ី​ដំបូង​ ក្នុង​ដើមទុន​តែ​ ៥០០ ដុល្លារ​ប៉ុណ្ណោះក្នុង​ម្នាក់​។

 

នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន CBM cooperation រូប​នេះ បាន​បញ្ជាក់​ទៀត​ថា កុំ​ឲ្យ​គំនិត​អវិជ្ជមាន​នេះ​ មក​ធ្វើ​ជា​កត្តា​រាំង​ស្ទះ​ចិត្ត​ ចំពោះ​ការ​បើក​អាជីវកម្ម​ របស់​អ្នក​​ឱ្យ​សោះ​។

 

អ្នកជំនួញ​​ល្បី​មាន​កម្រិត​វប្បធម៌​ត្រឹម​ថ្នាក់​ទី​៧​នេះ បន្ត​ថា ​​អ្នក​រកស៊ីអាច​ចំណេញ​ ១ ម៉ឺន​ដុល្លារក្នុង​មួយ​ខែ ប៉ុន្តែ​ក៏​អាច​ខាត​វិញ​ ១ម៉ឺន​ ក្នុង​១​ខែ​ដែរ ដូច្នេះ​បើ​​យុវជន​ណា មាន​គំនិត​ចង់​បង្កើត​អាជីវកម្ម​ដោយ​ខ្លួន​ឯង ត្រូវ​សួរ​ខ្លួន​ឯង​សិន​ថា តើ​ហ៊ាន​​ប្រកួត​ប្រជែង​ជាមួយ​អ្នក​ដទៃ​ និង​ខ្លួន​ឯង​ដែរ​ឬទេ។

 

ចំណុច​សំខាន់​មួយ​គឺ មនុស្ស​ជោគជ័យ​ជា​ច្រើន​នៅ​លើ​ពិភពលោក​ តែងតែ​ចូលចិត្ត​អ្វី​ប្លែក​ៗ​ខុស​ពី​អ្នកដទៃ​ ហើយ​ពី​ដំបូងមនុស្ស​ភាគច្រើន​និយាយ​ថា​ពួក​គេ​ឆ្កួត​ ប៉ុន្តែ​ក្រោយ​មក​ទើប​គេ​ទទួល​ស្គាល់​ថា​ ជោគជ័យ​របស់​ពួកគាត់​ គឺ​កើត​ចេញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួកគាត់ ​ដែល​គេនឹក​ស្មាន​​មិន​ដល់​។

 

លោក​បន្ថែម​ថា៖ “ដើម្បី​ឆ្ពោះ​ទៅ​​រក​ភាព​ជោគជ័យ ចាំបាច់​ត្រូវ​ប្រឹង​ឲ្យ​អស់​ពី​លទ្ធភាព ហើយ​ផ្ដោត​ទៅ​លើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ”៕

 

ចុចអាន៖ ២ ចំណុច​ ​ជា​ប្រភពទ្រព្យ​​មិន​ចេះ​រីងស្ងួត

ចុចអាន៖ ជី សិលា៖ “ដឹង​ពី​ទំនោរ​អនាគត ដើម្បី​​ក្លាយ​ជា​អ្នក​ជំនួញ​ជោគជ័យ”

 

អត្ថបទ៖ អ៊ុំ សុភក្តិ