ការ​​​បង្កើត​​​ផាប់​​​ស្ទ្រីត​​​​​​ថ្មី​ក្នុង​ក្រុង​​​ព្រះសីហនុ​កំពុង​​​ស្ថិត​​​ក្នុង​​​ដំណើរ​​​ការ​​​

មិនដល់ពីរខែផង បន្ទាប់ពីអាជ្ញាធរក្រុងព្រះសីហនុបានបណ្តេញអាជីវករជាច្រើននៅតាមឆ្នេរអូរឈើទាលដោយសារមានភាពរញ៉េរញ៉ៃនោះក្រុមហ៊ុនអភិវឌ្ឍន៍ឯកជនមួយបានចាប់ផ្តើមបង្កើត “ផាប់ស្ទ្រីត” ថ្មីមួយចម្ងាយត្រឹមតែ៥០ម៉ែត្រ ប៉ុណ្ណោះពីឆ្នេរដដែលនេះ។ លោក ឃុត សុភ័ណ អ្នកគ្រប់គ្រងគម្រោងនេះបានលើកឡើងថា កន្លែងអភិវឌ្ឍន៍ទំហំប្រហែល២ហិកតានេះមានទីតាំងប្រហែល៥០ម៉ែត្រពីឆ្នេរអូរឈើទាល ហើយមានដីចំនួន១០២កន្លែងសម្រាប់បារ និងភោជនីយដ្ឋាន ក្នុងនោះគេបានជួលអស់៨០ភាគរយហើយ។ លោកមានប្រសាសន៍ថា “គេនឹងហៅកន្លែង នេះថា ជា ‘ផាប់ស្ទ្រីតក្រុងព្រះសីហនុ'”។ គម្រោងនេះរំពឹងថា នឹងបញ្ចប់ក្នុងរយៈពេល៣ខែមុនពេលរដូវមានភ្ញៀវទេសចរច្រើនមកដល់”។ លោកបានបន្ថែមថា ដី ដែលគេជួលទាំងនោះនឹងតម្រូវឲ្យសាងសង់អគារកម្ពស់២ជាន់សម្រាប់ជាកន្លែងប្រកបអាជីវកម្មរបស់ពួកគេ។ ភាគច្រើននៃអ្នកដែលបានជួលដីទាំងនេះគឺជាម្ចាស់អាជីវកម្មនៅក្នុងក្រុងព្រះសីហនុ ឬនៅឆ្នេរអូរត្រេះ ហើយក៏មានជនបរទេសមកពីបស្ចិមប្រទេសដែលសម្លឹងឃើញឱកាសបើកអាជីវកម្មថ្មីនៅតាមឆ្នេររបស់កម្ពុជាផងដែរ។ លោក ឃុត សុភ័ណ បានលើកឡើងទៀតថា ដីដែលជាកន្លែងអភវិឌ្ឍន៍នេះ គឺគ្រប់គ្រងដោយលោក គិត ម៉េង ដែលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដ៏ធំរបស់លោកត្រូវបានផ្តល់សិទ្ធិឲ្យបង្កើតរមណីយដ្ឋានក្នុងគម្រោងទឹកប្រាក់៣ពាន់លានដុល្លារនៅកោះរ៉ុងក្នុងឆ្នាំ២០០៨ ប៉ុន្តែ លោកបានអះអាងថាដីនេះត្រូវបានជួលទៅឲ្យឧកញ៉ាម្នាក់ផ្សេងទៀត។ លោក ឃុត សុភ័ណ បានលើកឡើងថា ឧកញ៉ារូបនេះគឺជាចៅហ្វាយរបស់លោក ប៉ុន្តែលោកបានបដិសេធមិនប្រាប់ឈ្មោះរបស់ឧកញ៉ារូបនេះឡើយ។ លោក គិត ម៉េង បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។ គម្រោងបង្កើត “ផាប់ស្ទ្រីតក្រុងព្រះសីហនុ” កើតឡើងបន្ទាប់ពីសាលាខេត្តបានប្រកាសកាលពីខែកុម្ភៈថា បារ និងភោជនីយដ្ឋាន ព្រមទាំងផ្ទះសំណាក់ទាំងអស់នៅតាមបណ្តោយឆ្នេរអូរត្រេះ និងកន្លែងប្រកបអាជីវកម្មមួយចំនួនទៀតនៅតាមបណ្តោយឆ្នេរអូរឈើទាលនឹងត្រូវឲ្យរុះរើចេញ ដោយលើកឡើងពីក្តីព្រួយបារម្ភអំពីបរិស្ថាន។ ទោះបីជា អគារត្រូវបានអនុញ្ញាតឲ្យរក្សាក្នុងលក្ខណៈពុំច្បាស់លាស់នៅតាមបណ្តោយឆ្នេរអូរត្រេះក៏ដោយ តែសំណង់ចំនួន៩៦ត្រូវបានកម្ទេចចោលនៅតាមបណ្តោយឆ្នេរអូរឈើទាលកាលពីខែមុន ដោយអាជ្ញធរខេត្តលើកឡើងថា តំបន់នេះត្រូវការធ្វើឲ្យមានសោភ័ណភាពឡើងវិញ។ […]

The post ការ​​​បង្កើត​​​ផាប់​​​ស្ទ្រីត​​​​​​ថ្មី​ក្នុង​ក្រុង​​​ព្រះសីហនុ​កំពុង​​​ស្ថិត​​​ក្នុង​​​ដំណើរ​​​ការ​​​ appeared first on The Cambodia Daily.