ក្រសួង​ប្រៃសណីយ៍ ​គ្រោង​ពង្រីក​ប្រព័ន្ធ​ទូរគមនាគមន៍ ​ត​ភ្ជាប់​ទៅ​ព្រំដែន​ប្រទេស​ឡាវ​

ក្រសួង​ប្រៃសណីយ៍ ​គ្រោង​ពង្រីក​ប្រព័ន្ធ​ទូរគមនាគមន៍ ​ត​ភ្ជាប់​ទៅ​ព្រំដែន​ប្រទេស​ឡាវ​



ស្ទឹងត្រែង ​៖ ​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​បណ្ដាញ​ទូរគមនាគមន៍​កម្ពុជា ​នៅក្នុង​ខេត្តស្ទឹងត្រែង​ជាប់​ព្រំដែន​ប្រទេស​ឡាវ​ នៅ​ថ្ងៃទី​២៥ ខែ​ឧសភា ​ឆ្នាំ​២០១៦ ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍​ គ្រោង​ពង្រីក​ប្រព័ន្ធ​ទូរគមនាគមន៍​ នៅ​ព្រំដែន​ប្រទេស​ឡាវ ​ក្នុងពេលដែល​បច្ចុប្បន្ន​ផ្លូវ​គមនាគមន៍​មាន​ការវិវ​ឌ្ឍន៍ ​ហើយ​បច្ចេកវិទ្យា​ផ្សេងៗ​មានការ​រីកចម្រើន​ជឿនលឿន​ទៅតាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។​

លោក​ ត្រាំ អ៊ីវ​តឹក ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍​មាន​ប្រសាសន៍​ថា​ បច្ចុប្បន្ន​គ្រប់​បច្ចេកវិទ្យា​មានការ​រីកចម្រើន​ជឿនលឿន ​ដូចនេះ​ប្រព័ន្ធ​ទូរគមនាគមន៍​ក៏​ត្រូវ​ពង្រីក ​បណ្ដាញ​របស់​ខ្លួន​ដើម្បី​បម្រើសេវា​សាធារណៈ ​ឲ្យ​បាន​គ្រប់​ទីកន្លែង​។​

លោក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​បន្ថែម​ថា​ ​នៅ​តំបន់​ព្រំដែន​នេះ ​ជា​ច្រក​មួយ​មាន​ភ្ញៀវ​ទេសចរ​​ធ្វើដំណើរ​ចេញចូល​ច្រើន ​ប្រជាពលរដ្ឋ​ ក៏​មក​រស់នៅ​ជា​ហូរហែ​ ដូចនេះ​ការ​ចង់​ដឹង ​ចង់​ស្គាល់​ ចង់​ឃើញ​ តាម​រ​យៈ​បច្ចេកវិទ្យា​ទំនើប​ មាន​សារ​ប្រយោជន៍​ច្រើន​សម្រាប់​ប្រជាពលរដ្ឋ ​ទាំង​ផ្នែក​កម្សាន្ត​ ទាំង​ការអប់រំ​ និង​ការ​ផ្តល់​នូវ​ចំណេះដឹង​។​

លោក​រដ្ឋមន្ត្រី​បាន​ជំរុញ​ឲ្យ​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​ ធ្វើការ​សិក្សា​លំអិត​ទៅលើ​បណ្ដាញ​រៀបចំ​សេវាកម្ម​នេះ​ ឲ្យ​បាន​ឆាប់ ​និង​បម្រើ​ទីផ្សារ​ ឲ្យ​បាន​ឆ្លើយតប​ទៅតាម​សំណូមពរ​។​

លោក​ សន វី អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា​ បាន​ទទួល​យក​នូវ​ការ​ចង្អុល​បង្ហាញ​នេះ​ ហើយ​លោក​នឹង​រៀបចំ​ឲ្យ​មន្ត្រី​ជំនាញ​​ ចុះ​មក​សហការ​ជាមួយ​មន្ទីរ​ប្រៃសណីយ៍​ខេត្តស្ទឹងត្រែង​ ធ្វើការ​សិក្សា​ពី​ស្ថានភាព​ភូមិសាស្ត្រ​នៅ​ទីនេះ​ ឲ្យ​បាន​ច្បាស់​លាស់​ក្នុង​ជំហាន​ដំបូង​។​

លោក​អគ្គនាយកដ្ឋាន​អះ​អាង​ថា​ ​កត្តាចាំបាច់​លើ​វិស័យ​ចែកចាយ​ព័ត៌មាន​បច្ចុប្បន្ន​ កំពុង​មានការ​រីក​ចម្រើន​ ជាក់ស្តែង​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ ​ប្រើ​ប្រាស់​ទូរស័ព្ទ​ទំនើប​ច្រើន​ ដូចនេះ​បើ​ប្រព័ន្ធ​អ៊ីនធឺណិត​​ដំណើរការ​ល្អ ​វា​អាច​ជា​ស្ពាន​ចំលង​មួយ​ឲ្យ​ប្រជាពលរដ្ឋ​យើង​បានឃើញ​ ពី​ការ​អភិ​វ​ឌ្ឍ​ប្រទេសជាតិ​ពិត​ប្រាកដ​ ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​។​

លោកស្រី ​នេ​ត វ​រិន្ទ​ ប្រធាន​មន្ទីរ​ប្រៃសណីយ៍​ខេត្តស្ទឹងត្រែង​ បាន​គាំទ្រ​ដល់​គម្រោងការ​ពង្រីក​បណ្ដា​ញ​នេះ​ ពីព្រោះ​ប្រជាពលរដ្ឋ​ និង​អ្នក​ប្រើប្រាស់​សេវាកម្ម​នេះ ​កំពុង​ត្រូវ​ការ​មិន​ថា​ នៅ​ទី​រួម​ខេត្ត​ ឬ​ទី​ជន​បទ​ទេ​។​

លោកស្រី​ប្រធាន​មន្ទីរ​អះអាង​ដែរ​ថា​ នៅ​ទី​តំបន់​ព្រំដែន​នេះ​ មន្ទីរ​ចង់​រៀបចំ​ឲ្យ​មាន​សេវាកម្ម​នេះ​យូរ​មក​ហើយ ​ដូចនេះ​ លោកស្រី​នឹង​សហការ​អនុវត្ត​កិច្ច​ការងារ​នេះ ​ឲ្យ​មាន​ប្រសិទ្ធភាព​ ដើម្បី​លើក​កម្ព​ស់​សេវាកម្ម​ប្រៃសណីយ៍​ ឲ្យ​មាន​ភាព​រីកចម្រើន​ជឿនលឿន​ពិតប្រាកដ​៕

ក្រសួង​ប្រៃសណីយ៍ ​គ្រោង​ពង្រីក​ប្រព័ន្ធ​ទូរគមនាគមន៍ ​ត​ភ្ជាប់​ទៅ​ព្រំដែន​ប្រទេស​ឡាវ​

ក្រសួង​ប្រៃសណីយ៍ ​គ្រោង​ពង្រីក​ប្រព័ន្ធ​ទូរគមនាគមន៍ ​ត​ភ្ជាប់​ទៅ​ព្រំដែន​ប្រទេស​ឡាវ​