ក្រសួងយុត្តិធម៌​មិនអាច​បិទបាំង​ការពិត​រឿង​ចាប់​ឃុំ​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​បានទេ

ថ្មីៗ​នេះ​មន្ត្រី​អង្គការ​លើកលែងទោស​អន្តរជាតិ​បាន​បញ្ជាក់ថា អង្គការ​នេះ​កំពុងតែ​ធ្វើ​យុទ្ធនាការ​គាំទ្រ​ញ​តិ្ត​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់ឃុំ​ទាំង​៥​នាក់​ដែលជា​អ្នកទោស​មនសិការ​។ អ្នកទោស​មនសិការ​ទាំ​ង​៥​នាក់​នោះ គឺ​មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​៤​នាក់ និង​អគ្គលេខាធិការរង​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក នី ចរិយា​។ ការដែល​ប្រព័ន្ធតុលាការ​ក្នុងប្រទេស​កម្ពុជា​សម្រេច​ឃុំខ្លួន​អ្នកទោស​មនសិការ​ទាំង​៥​នាក់​នេះ បានធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ រិះគន់​យ៉ាងខ្លាំង​ទៅលើ​ប្រព័ន្ធតុលាការ​ក្នុងប្រទេស​កម្ពុជា និង​រដ្ឋាភិបាល​លោក ហ៊ុន សែន​។

ទាក់ទង​បញ្ហា​ខាងលើនេះ​អ្នកស្រាវជ្រាវ​ពី​ប្រទេស​កម្ពុជា​របស់​អង្គការ​លើកលែងទោស​អន្តរជាតិ លោក ច​ន ខ​ហ្វ​ឡាន បាន​ថ្លែងថា មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​កំពុង​ជាប់ឃុំ​ក្នុង​សំណុំរឿង​សូកប៉ាន់​សាក្សី ត្រូវ​ចាត់ទុកថា​ជា​អ្នកទោស​មនសិការ​។ លោក ច​ន ខ​ហ្វ​ឡាន បានបញ្ជាក់​ទៀតថា​ស្ថានភាព​អ្នក​ទាំង​៥​រូបនោះ ត្រូវ​នឹង​លក្ខខណ្ឌ​នៃ​ប្រភេទ​អ្នកទោស​មនសិការ ក៏​ដោយសារតែ​ពួកគេ​ត្រូវ​ឃុំខ្លួន​ព្រោះតែ​ការពារ​សិទ្ធិមនុស្ស ធ្វើ​ការងារ​ដើម្បី​ពង្រឹង​នីតិរដ្ឋ និង​គាំពា​អ្នករងគ្រោះ​ដោយសារ​អំពើ​រំលោភ​សិទ្ធិមនុស្ស​។ ជាងនេះទៅទៀត​លោក ច​ន ខ​ហ្វ​ឡាន បាន​បញ្ជាក់ថា អង្គការ​លើកលែងទោស​អន្តរជាតិ នឹង​ស្នើ​ឲ្យ​បណ្ដាញ​របស់ខ្លួន​ទូទាំង​ពិភពលោក ដែលមាន​អ្នកចូលរួម​ប្រមាណ​៧​លាន​នាក់ ឲ្យ​ចូលរួម​ទាមទារ​ទៅ​អាជ្ញាធរ​កម្ពុជា​ឲ្យ​ដោះលែង​អ្នក​ជាប់ឃុំ​ទាំង​៥​នាក់​នោះ​ជាបន្ទាន់​។

​ប្រតិកម្ម​និង​បញ្ហា​ខាងលើនេះ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​នៃ​ប្រទេស​កម្ពុជា លោក ជិន ម៉ា​លីន បានចាត់ទុក​ការលើកឡើង​របស់​អង្គការ​លើកលែងទោស​អន្តរជាតិ គឺ​ខុសស្រឡះ​ពី​បទដ្ឋាន​ច្បាប់​នៅ​កម្ពុជា​។ ក៏ប៉ុន្តែ​ក្រុមមន្ត្រី​អង្គការសិទ្ធិមនុស្ស​ក្នុងប្រទេស​កម្ពុជា បាន​អះអាងថា ក្រសួងយុត្តិធម៌​មិនអាច​បិទបាំង​ការពិត​បានឡើយ ព្រោះ​មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ទាំង​៤​រូប និង​អគ្គ​លេខ​ធិ​ការរង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​១​រូប គឺ​ពុំបាន​ប្រព្រឹត្ត​អ្វី​ខុស​ដូចដែល​តុលាការ​ចោទប្រកាន់​ទាំង​បំពាន​នោះទេ​។ ដូច្នេះហើយ​ទើប​សហគមន៍​អន្តរជាតិ និង​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ បាន​រិះគន់​ជា​បន្តបន្ទាប់​ទៅលើ​ការគាបសង្កត់​មន្ត្រី​អង្គការសិទ្ធិមនុស្ស មន្ត្រី​សង្គម​ស៊ីវិល ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​៕

5