រឿង​មន្ត្រី​គយ​និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ឈើ​ប្រណី​តទៅ​ស្រុក​យួន​

ករណី​លោក ងី វីរៈ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ និង​លោក នឹម ផល្លី ប្រធាន​ស្នាក់ការ​គយ​និង​រដ្ឋាករ​ច្រក​ទន្លេ​ចាម បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន កំពុង​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​។ ប៉ុន្តែ​បញ្ហា​នេះ​មិនទាន់​ឃើញ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ចាត់វិធានការ​ទៅលើ​លោក នឹម ផល្លី នៅឡើយ​ទេ​បើទោះបី​មន្ត្រី​គយ​រូបនេះ ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​យ៉ាងណាក៏ដោយ​។ ចំណែក​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ ក្នុងខណៈដែល ងី វីរៈ ជាប់​ពាក់ព័ន្ធ​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​ស្រុក​យួន​។

​សេចក្ដីរាយការណ៍​ពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា រយៈពេល​ប្រមាណ​១​សប្ដាហ៍​កន្លងទៅនេះ ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណីត​តាម​រថយន្ត​យី​ឌុប​ជាច្រើន​គ្រឿង​ទៅ​ស្រុក​យួន​តាម​ច្រករបៀង​តា​ដោក ហៅ​ច្រក​៧៨ យ៉ាង​រលូន​។ ច្រករបៀង​តា​ដោក ត្រូវបាន​គេ​ដឹងថា ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់លោក នឹង ផល្លី ប្រធាន​ស្នាក់ការ​គយ​និង​រដ្ឋាករ​ទន្លេ​ចាម ហើយ​បទល្មើស​អាច​ដំណើរការបាន​គឺ​ដោយសារ​មានការ​ឃុបឃិត​ពី​លោក នឹម ផល្លី​។ ចំណែក​លោក ងី វីរៈ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​គេ​ដឹងថា ជា​អ្នកសម្របសម្រួល​ឲ្យ​ឈ្មួញ​ដឹកឈើ​ទៅ​ស្រុក​យួន ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​យ៉ាង​ក្រអឺតក្រទម​បំផុត​។

​ទោះជា​យ៉ាងណា​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៦ បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត​តាម​រថយន្ត​យី​ឌុប​ទៅ​លក់​នៅ​ស្រុក​យួន ត្រូវបាន​គយ​ចល័ត​បង្ក្រាប ហើយ​រកឃើញ​ភស្ដុតាង​ជាក់ស្ដែង​តែម្តង​។ សមត្ថកិច្ច​គយ​ចល័ត​បង្ក្រាប​រថយន្ត​ដឹកឈើ​ប្រណីត​ដែល​បង្កប់​ពីក្រោម​បាវ​ស្ករស ដូច្នេះ​លោក នឹម ផល្លី មេ​គយ​ច្រក​ទន្លេ​ចាម ក៏ដូចជា​លោក ងី វីរៈ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ មិនអាច​ប្រកែក​យករួចខ្លួន​បានឡើយ​។ លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ក៏ដូចជា​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ មិនត្រូវ​មើលរំលង​បញ្ហា​នេះ​ទេ ព្រោះ​បទល្មើស​រត់ពន្ធ​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន គឺជា​ការបំពាន​យ៉ាង​គឃ្លើន​ទៅនឹង​វិធានការ​របស់​រាជរដ្ឋាភិបាល​៕

13256134_507433719441723_8749833323857742471_nលោក នឹម ផល្លី មេគយច្រកទន្លេចាម 13307367_507434082775020_3811821453253087572_nលោក ងី វីរៈ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ13263917_507434152775013_8763011418062074113_n 13260036_507434139441681_2332672889985620150_n