បទល្មើស​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ខេត្តព្រៃវែង នៅតែ​បន្ត​កើតមាន​ឥតឈប់ឈរ​

​កាលពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៦ រថយន្ត​ដឹកឈើ​ពី​ខេត្តព្រះវិហារ ឆ្លងកាត់​ខេត្តកំពង់ធំ កំពង់ចាម និង​កណ្ដាល ចូលដល់​ខេត្តព្រៃវែង ត្រូវ​សមត្ថកិច្ច​បង្ក្រាប​នៅ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ព្រៃ​ព្នៅ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៨ ស្រុក​ពារាំង ខេត្តព្រៃវែង​។ មន្ត្រី​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រៃវែង បាន​ឲ្យ​ដឹងថា រថយន្ត​យី​ឌុប​ដឹកឈើ​នោះ​ផ្ទុក​លើស​ទម្ងន់​ដល់​ទៅ​ជាង​២៦​តោន ដូច្នេះ​ត្រូវ​ពិន័យ​៧,៨០​លាន​រៀល​។ ទោះជា​យ៉ាងណា​សមត្ថកិច្ច​បានអនុញ្ញាត​ឲ្យ​រថយន្ត​ដឹកឈើ​នោះ បន្តដំណើរ​ទៅមុខ​បន្ទាប់ពី​ផ្ទេរ​ឈើ​មួយផ្នែក​ដាក់​រថយន្ត​ផ្សេង ព្រោះ​ច្បាប់​អនុញ្ញាត​ឲ្យ​ផ្ទុក​ត្រឹមតែ​៣៥​តោន​។​

ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើនេះ​បានបង្ហាញ​ឲ្យ​ឃើញថា សកម្មភាព​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ខេត្តព្រៃវែង យកទៅលក់​នៅ​ស្រុក​យួន​និង​បណ្ដា​ខេត្ត​នានា នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​ដែលជា​មូលហេតុ​នាំ​ឲ្យ​បទល្មើស​បំផ្លាញ​ព្រៃឈើ​នៅតែ​កើតឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តព្រៃវែង បាន​ឲ្យ​ដឹងថា រថយន្ត​ដឹកឈើ​នោះ​មានច្បាប់​អនុញ្ញាត ប៉ុន្តែ​គេ​ផ្ទុក​ឈើ​លើស​ច្បាប់​អនុញ្ញាត​ជិត​២​ដង​ទើបត្រូវ​ប្រឈម​នឹង​ការពិន័យ​។ ប៉ុន្តែ​អ្វីដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​មានការ​សង្ស័យ​នោះ គឺ​សមត្ថកិច្ច​មិន​បញ្ជាក់​អំពី​ឈ្មោះ ឈ្មួញ​ម្ចាស់​ឈើ​និង​អ្នកបើកបរ​រថយន្ត​ដឹកឈើ​នោះឡើយ​។

សកម្មជន​ព្រៃឈើ​និង​មជ្ឈដ្ឋាន​ជាច្រើន​បាន​រិះគន់ថា វិធានការ​ទប់ស្កាត់​ប​ទ​ល្មើស​បំផ្លាញ​ព្រៃឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ពុំមាន​ប្រសិទ្ធភាព​នោះទេ ព្រោះ​បច្ចុប្បន្ន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​នៅតែ​បន្ត​កើតឡើង​យ៉ាង​រាលដាល​។ ជាក់ស្ដែង​ឈ្មួញ​អាច​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​យី​ឌុប​ផ្ទុក​លើស​ទម្ងន់​ចេញពី​ខេត្តព្រះវិហារ ឆ្លងកាត់​ខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តកណ្ដាល ចូលដល់​ខេត្តព្រៃវែង យ៉ាង​រលូន​ដោយ​គ្មាន​ឧបសគ្គ​អ្វី​ទាំងអស់ ព្រោះ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​តាម​ដងផ្លូវ គិតតែ​រឿង​ផលប្រយោជន៍​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​ទូទៅ​និង​សកម្មជន​ព្រៃឈើ ក៏ដូចជា​សកម្មជន​ប​រិ​ស្ថាន គ្មាន​ជំនឿ​លើ​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​ទប់​ស្កាត​បទល្មើស​ព្រៃឈើ ដែល​នៅតែ​រាលដាល​យ៉ាង​អនាធិបតេយ្យ​នោះឡើយ​៕

CH-0083 CH-0082