ចិន​ធ្វើនយោបាយ​ការទូត ស្វែងរក ប្រទេស​គាំទ្រ​ខ្លួន ក្នុង​ជម្លោះ​នៅសមុទ្រ​ចិន​ខាងត្បូង

ជំនួបកំពូលថ្នាក់ដឹកនាំប្រទេសមហាអំណាចឧស្សាហកម្ម G7 នឹងបើកធ្វើជាផ្លូវការ ចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រ នៅប្រទេសជប៉ុន។ នៅពីរថ្ងៃមុនបើកកិច្ចប្រជុំកំពូល G7ដែលគ្មានប្រទេសចិនចូលរួម ប្រមុខរដ្ឋាភិបាលជប៉ុន និងកាណាដា ដែលបានជួបគ្នា កាលពីថ្ងៃអង្គារបានរួមគ្នា សំដែងការព្រួយបារម្ភ ពីការដំឡើងអំណាចយោធារបស់ចិន នៅសមុទ្រចិនខាងត្បូង។ ចិនដែលទើបប្រកាសថា បានទទួលការគាំទ្រពីប្រទេសជាង ៤០ក្នុងបុព្វហេតុដោះស្រាយជម្លោះ ដោយទ្វេភាគី នៅសមុទ្រចិនខាងត្បូង។

ចិន​ធ្វើនយោបាយ​ការទូត ស្វែងរក ប្រទេស​គាំទ្រ​ខ្លួន ក្នុង​ជម្លោះ​នៅសមុទ្រ​ចិន​ខាងត្បូង

ផ្កាយរណបបង្ហាញរូបភាពសាងសង់រ៉ាដារបស់ចិននៅលើកោះសិប្បនិម្មិត ក្នុងប្រជុំកោះSpratleys កាលពីខែកុម្ភៈ ឆ្នាំ ២០១៦

ជម្លោះនៅសមុទ្រចិនខាងត្បូង ត្រូវលេចម្តងទៀត នៅក្នុងជំនួបប្រជុំរបស់ថ្នាក់ដឹកនាំប្រទេសមហាអំណាចឧស្សាហកម្ម G7 នៅប្រទេសជប៉ុន។ នៅទីក្រុងហាណូយ នៅមួយថ្ងៃក្រោយ ប្រកាសលុបចោល បម្រាមលក់អាវុធឲ្យវៀតណាម លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ដែលមិនបាននិយាយចំដល់ប្រទេសចិន បានអំពាវនាវឲ្យគេដោះស្រាយជម្លោះនៅសមុទ្រចិន ខាងត្បូង ដោយសន្តិភាព និងថា ប្រទេសធំ មិនត្រូវឆាឆៅ រំលោភបំពាន លើប្រទេសតូចតាចនោះទេ។

នៅថ្ងៃអង្គារដដែល ទីក្រុងប៉េកាំងបានឆ្លើយបកទៅវិញ ដោយបានអំពាវនាវដល់ប្រទេសដែលមិនពាក់ព័ន្ធ កុំឲ្យលូកដៃចូលក្នុងជម្លោះនៅសមុទ្រចិនខាងត្បូង និងថា ចិនអាចដោះស្រាយជម្លោះ ដោយទ្វេភាគី ដោយមិនចាំបាច់មានអន្តរាគមន៍ ពីប្រទេសខាងក្រៅ ឬស្ថាប័នណាទាំងអស់។ ស្ថាប័នដែលចង់ចិននិយាយដល់គឺតុលាការអាជ្ញាកណ្តាលអន្តរជាតិ ដែលគ្រោងនឹងសម្រេចនៅក្នុងឆ្នាំនេះ ពីសេចក្តីសម្រេច របស់ខ្លួន ទៅតាមការប្តឹងផ្តល់របស់ហ្វីលីពីន ដែលជាភាគីជម្លោះមួយនឹងចិន នៅសមុទ្រចិនខាងត្បូង។

ក្នុងក្រសែភ្នែករបស់ប្រទេសលោកខាងលិច និងក្រុមប្រទេសអាស៊ានដែលជាប់ជម្លោះជាមួយចិន នៅសមុទ្រចិនខាងត្បូង ចិនបានរំលោភច្បាស់ក្រឡែត ច្បាប់ទឹកអន្តរជាតិ ដោយបានសាងសង់កោះសិប្បនិម្មិត របស់ខ្លួន នៅក្នុងដែនទឹកអន្តរជាតិ ដែលតាមពិតជាផ្លូវចរាចរណ៍ សម្រាប់កប៉ាល់ដឹកទំនិញក្នុងពិភពលោក។

សំណង់កោះសិប្បនិមិ្មតរបស់ចិននៅសមុទ្រចិនខាងត្បូង មិនត្រឹមតែធ្វើឲ្យគេបារម្ភពីការបាត់បង់សិទ្ធិធ្វើចរាចរតែប៉ុណ្ណោះទេ ប៉ុន្តែ វាបានប៉ះពាល់ដោយផ្ទាល់ដែរ ក្រុមប្រទេសអាស៊ាន ចំនួន ៤ ដូចជាហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និងព្រុយណេ ដែលតវ៉ាថា ចិនកំពុងរំលោភដែនទឹករបស់ខ្លួន។ ប្រទេសនៅអាស៊ានដែលប្រឈមឈ្លោះជាមួយចិន នៅសមុទ្រចិនខាងត្បូង សុទ្ធតែបានទទួលការគាំទ្រពីក្រុមប្រទេសលោកខាងលិច។ បន្ទាប់ពីហ្វីលីពីន វៀតណាម ជាដើម ដែលឈ្លោះដណ្តើមប្រជុំកោះ Spratleys ជាមួយចិន ក៏ទើបបានការគាំទ្រពីអាមេរិក ដែរ។ អាមេរិករបស់លោកអូបាម៉ា ដែលបានសម្រេច ជាផ្លូវការ នៅថ្ងៃ ចន្ទ លុបចោលបម្រាមលក់ ដើម្បីបើកផ្លូវឲ្យវៀតណាមទិញសព្វាវុធដោយសេរី ពីអាមេរិក សម្រាប់ការពារដែនទឹករបស់ខ្លួន។

ចិន តាមរយៈអ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន កាលពីថ្ងៃអង្គារបានអំពាវនាវកុំឲ្យប្រទេសដែលមិនពាក់ព័ន្ធ លូកដៃ ឈឺឆ្អាល ក្នុងជម្លោះសមុទ្រចិនខាងត្បូង ព្រោះថា គេនឹងអាចបំផ្លាញសុខសន្តិភាពដែលកំពុងមាននៅក្នុងតំបន់។ សម្រាប់ទីក្រុងប៉េកាំង ចិន និងប្រទេសនៅអាស៊ាន គឺចេះដោះស្រាយគ្នា តាមរយៈការចរចាទ្វេភាគី រួចហើយ គឺមិនចាំបាច់អន្តរាគមន៍ពីភាគខាងក្រៅទេ។

នៅក្នុងជម្លោះដណ្តើមដែនទឹក នៅសមុទ្រចិនខាងត្បូង ការដោះស្រាយ ចរចាទ្វេភាគី រវាងចិន និងប្រទេសមួយទៀត ដែលជាប់ជម្លោះជាមួយចិន គឺជាការចង់ខ្លាំងរបស់ចិន។ តាមសំដីការទូត ចិនតែងតែអះអាងថា ខ្លួនចង់ដោះស្រាយវិវាទដែនទឹក ជាមួយ ហ្វីលីពីន ឬវៀតណាមជាដើម តាមរយៈការចរចាទ្វេភាគី។ ប៉ុន្តែ សកម្មភាព របស់ចិន គឺមិនដូចមាត់និយាយនោះទេ។ ក្នុងពេលដែលមាត់និយាយ ចង់ចរចា ប៉ុន្តែ ដៃ វិញ គឺចិន ខំប្រឹងប្រញិបប្រញាប់ រហូតសាងសង់បានសម្រេចកោះសិប្បនិម្មិត ដែលរំលោភចូលក្នុងដែនទឹកហ្វីលីពីនផង និងវៀតណាមផង។

គឺដោយសារតែហេតុផលនេះហើយ ទើប ហ្វីលីពីនលែងជឿសំដីរបស់ចិន និងបានសម្រេចដាក់ពាក្យបណ្តឹងទៅតុលាការអាជ្ញាកណ្តាលអន្តរជាតិ ក្នុងទីក្រុងឡាអេដើម្បីស្វែងរកយុត្តិធម៌ឲ្យខ្លួន។ ដើម្បីដាក់ពាក្យបណ្តឹងទៅតុលាការអន្តរជាតិ ហ្វីលីពីនបានការគាំទ្រច្រើនពីអាមេរិក និងអឺរ៉ុប រួមទាំងក្រុមប្រទេសដែលចាត់ទុកថា ខ្លួនអាចរងប៉ះពាល់ដោយសារគម្រោងសង់កោះសិប្បនិម្មិតរបស់ចិន នៅសមុទ្រចិនខាងត្បូងផង។ ហើយតាមគម្រោង តុលាការអាជ្ញាកណ្តាលអន្តរជាតិនឹងចេញសម្រេចរបស់ខ្លួន នៅឆ្នាំនេះ ទៅតាមបណ្តឹងតវ៉ារបស់ហ្វីលីពីន។

ចិនមិនចង់ឯកោ កំពុងដើរនយោបាយការទូត ដើម្បីប្រមូលក្រុមប្រទេសគាំទ្រ
ចាប់តាំងពីហ្វីលីពីនដាក់ពាក្យប្តឹងចិន ទៅតុលាការអាជ្ញាកណ្តាលអន្តរជាតិ ក្នុងក្រុងឡាអេ ចិនបានខិតខំសម្រុកនយោបាយការទូតខ្លាំងសម្បើម ដើម្បីស្វែងរកការគាំទ្រ បុព្វហេតុរបស់ចិន នៅក្នុងជម្លោះសមុទ្រចិនខាងត្បូង។

កាលពីថ្ងៃសុក្រទី ២០ ឧសភា លោកស្រី Hua Chunying អ្នកនាំពាក្យរបស់ក្រសួង ការបរទេសចិន បានអះអាងថា រហូតមកដល់ពេលនេះ មានប្រទេសជាង ៤០ បានចូលរួម គាំទ្រជំហរចិន ក្នុងដំណើរដោះស្រាយជម្លោះ តាមផ្លូវតុលាការអន្តរជាតិ ដែល ហ្វីលីពីនជាដើមបណ្តឹង។ អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិនមិនបានបង្ហាញឲ្យឃើញពីបញ្ជីក្រុមប្រទេសដែលគាំទ្រ ចិន ក្នុងជម្លោះនៅសមុទ្រចិនខាងត្បូងទេ។ ប៉ុន្តែ បើតាមទីភ្នាក់ងារព័ត៌មានបារាំង AFP ចិនបានទាក់ទាញបានច្រើន ដូចជារុស្ស៊ី និងក្រុមប្រទេសនៅអាហ្រ្វិក ដូចជាង តូហ្កូ ប៊ូរុនឌី ឬនីហ្សេជាដើម ហើយចុងក្រោយ គឺអាហ្វហ្កានីស្ថាន ឲ្យចូលរួមគាំទ្រខ្លួន នៅក្នុងជម្លោះសមុទ្រចិនខាងត្បូង។

ចិនបានទទួលរួចហើយ ការគាំទ្រពីរុស្ស៊ី ដែលត្រូវការគ្នាទៅវិញ ទៅមក ដើម្បីការពារប្រយោជន៍រៀងៗខ្លួន ទប់ទល់នឹងក្រុមប្រទេសលោកខាងលិច។ រុស្ស៊ី ដែលកំពុងប្រឈមផងដែរ នឹងពាក្យប្តឹងផ្តល់ស្រដៀងគ្នានេះ ក្នុងសំណុំរឿងតំបន់គ្រីមេ ដែលរុស្ស៊ីកាត់យកពីប្រទេសអ៊ុយក្រែន។
ទោះជាស្ថិតនៅចម្ងាយ រាប់ម៉ឺនគីឡូម៉ែត្រពីសមុទ្រចិនខាងត្បូង ប៉ុន្តែ ប្រទេសនៅតំបន់អាហ្វ្រិកជាច្រើន បានចេញមុខ ការពារចិន ក្នុងជម្លោះនៅសមុទ្រចិនខាងត្បូង។ ប្រទេសនៅតំបន់អាហ្វ្រិក បើមិនបានទទួលជំនួយ ពីចិន ក៏កំពុងត្រូវការលុយ របស់ចិន ដែលកំពុងវិនិយោគប្រាក់រាប់រយលាន ក្នុងវិស័យគមនាគមន៍ និងថាមពល។ ដោយសារតែឃើញប្រយោជន៍ លុយជំនួយ របស់ចិន ក្រុមប្រទេសនៅអាហ្វ្រិកមិនថា ស្ថិតនៅចម្ងាយឆ្ងាយរាប់យោជន៍ ឬក្រុមប្រទេសដែលគ្មានជាប់ពាក់ព័ន្ធសោះ ក្នុងជម្លោះក្នុងសមុទ្រចិន ក៏ត្រូវតែចូលរួមគាំទ្រចិនដែរ។

បើទោះបីជាការគាំទ្រផ្លូវទូតរបស់ក្រុមប្រទេសខាងលើមិនអាចមានឥទ្ធិពលទៅលើការសម្រេចរបស់តុលាការអាជ្ញាកណ្តាលអន្តរជាតិ ដែលជាស្ថាប័នឯករាជ្យ ប៉ុន្តែ ចិនសង្ឃឹមថា នឹងអាំចប្រមូលសំឡេងគាំទ្រ ពីក្រុមប្រទេសអាហ្វ្រិក អាស៊ី ឬអឺរ៉ុបខាងកើតទាំងឡាយណាដែលបានទទួលជំនួយពីចិន ឲ្យចូលរួមគាំទ្រចិន ដើម្បី តវ៉ា រកឲ្យឃើញថា តាមពិតទៅតុលាការអាជ្ញាកណ្តាលអន្តរជាតិ ក្នុងក្រុងឡាអេ គ្មានសិទ្ធិអំណាច លូកដៃ ដោះស្រាយជម្លោះនៅសមុទ្រចិនខាងត្បូងទេ។

ចិន ដែលនៅតែទាមទារឲ្យដោះស្រាយជម្លោះតាមការចរចាទ្វេភាគី ជាមួយ ហ្វីលីពីន បានបដិសេធមិនទទួលស្គាល់អំណាច និងមិនទៅចូលរួមក្នុងសវនការរបស់តុលាការអាជ្ញាកណ្តាលអន្តរជាតិនៅទីក្រុងឡាអេ។ បើសិនបានក្រុមប្រទេសច្រើនផ្សេងទៀត នាំគ្នា ជួយចិន ដើម្បីប្រឆាំង សមត្ថកិច្ចរបស់តុលាការអន្តរជាតិ ក្នុងការដោះស្រាយជម្លោះនៅសមុទ្រចិនខាងត្បូង នោះចិន ពិតជាអាចឈ្នះ ហ្វីលីពីន ព្រោះថា នៅទីបំផុត ការសម្រេចរបស់តុលាការអាជ្ញាកណ្តាលអន្តរជាតិ ដែលហ្វីលីពីនទៅប្តឹង ក្លាយជាអសារបង់ គ្មានន័យ ដោយសារតែមានការប្រឆាំង ជំទាស់ពីក្រុមប្រទេសដែលគាំទ្រចិន៕

ប្រភពៈ RFI