តោះ! ទៅ​មើល​ការ​ប្រមូល​ផល​ម្រេច ​គេ​ធ្វើ​យ៉ាងម៉េច?

បើ​និយាយ​ពី​ម្រេច អ្នក​ទាំងអស់​គ្នា​ពិតជា​នឹក​ទៅដល់​ខេត្ត​កំពត​មិន​ខាន ព្រោះថា​ម្រេច​កំពត​មានឈ្មោះ ល្បី​យូរ​ណាស់​មក​ហើយ ​ខាង​ដំណាំ​ម្រេច​នេះ។ ប៉ុន្តែ​ថ្ងៃនេះ Sabay មិន​នាំ​អ្នក​ទាំង​អស់​គ្នា​ទៅ​ខេត្ត​កំពត​ទេ តែ​គឺ​ខេត្ត​ត្បូងឃ្មុំ ទៅ​មើល​ការ​ប្រមូល​ផល​ម្រេច ខណៈ​ដែល​ប្រជាជន​ក្នុង​ខេត្ត​នេះ​ងាក​មក​ដាំ​ម្រេច​យ៉ាង​ច្រើន អាច​និយាយ​ថា​ច្រើនជាង​ខេត្ត​កំពត​ទៅទៀត។

 

តោះ! ទៅ​មើល​ការ​ប្រមូល​ផល​ម្រេច ​គេ​ធ្វើ​យ៉ាងម៉េច?

 

 

ការ​ប្រមូល​ផល​ម្រេច​មាន ៤ដំណាក់កាល​គឺ៖

 

១.បេះ​ម្រេច៖ ម្រេច​មិន​ទុំ​ស្រុះគ្នា​ទាំងអស់​ទេ សូម្បីតែ​ក្នុង​ទង​តែមួយ តែ​នៅ​ពេល​វា​ផ្លែ​ចាស់ គេ​អាច​បេះ​វា​បាន​ហើយ។ ផ្លែ​ដែល​នៅ​ផុត​ខ្ពស់​ពី​ដៃ គេ​ប្រើ​ជណ្ដើរ​ដែក​រាង​អក្សរ A  ដើម្បី​បេះ​វា។

 

២.ប្រឡេះ​គ្រាប់​ចេញពី​ទង៖ ក្រោយពី​បេះ​ផ្លែ​បាន​ហើយ គេ​ត្រូវ​ប្រឡេះ​គ្រាប់​វា​ចេញពី​ទង មុននឹង​យក​វា​ទៅ​ហាល ក៏ប៉ុន្តែ​គេ​ត្រូវ​ហាល​វា​ទាំង​ទង​រយៈពេល១ថ្ងៃ​សិន ដើម្បី​កុំ​ឲ្យ​វា​ជាប់​ទង​ច្រើន​ពេល​ប្រឡេះ។ គេ​ប្រើ​ម៉ាស៊ីន​ច្នៃ​ភ្ជាប់​ជាមួយ​ម៉ូ​ទ័​រ​ដើម្បី​ប្រឡេះ​ម្រេច។

 

៣.ការ​ហាល៖ ក្រោយពី​ប្រឡេះ​រួចរាល់ គេ​យក​វា​ទៅ​ហាល​ក្រោម​កំដៅថ្ងៃ។ ត្រឹម​រយៈពេល១ថ្ងៃ ម្រេច​ដែលមាន​ពណ៌​បៃតង ប្រែក្លាយ​ទៅជា​ខ្មៅ​ស្ទើ​ទាំងស្រុង។ គេ​ហាល​ម្រេច​ពី ២ ទៅ ៣ ថ្ងៃ អាស្រ័យ​លើ​កំដៅថ្ងៃ​ខ្លាំង ឬក៏​ខ្សោយ។

 

៤.បក់​សម្អាត៖ បន្ទាប់ពី​ម្រេច​ស្ងួត ដំណាក់កាល​ចុងក្រោយ​គឺ​ការ​សម្អាត។ គេ​សម្អាត​ស្លឹក​ម្រេច កម្ទេចកំទី​ទង​ម្រេច និង​ចុង(ម្រេច​ស្កក)ដែល​នៅ​លាយឡំ​គ្នា​ចេញ។ ចុងក្រោយបង្អស់​ គឺ​ការ​លក់ ចេញ។ តម្លៃ​ម្រេច​នៅ​ត្បូងឃ្មុំ​មានតម្លៃ​ចន្លោះ​ពី​ជាង ២៥.០០០៛ ទៅ ៤០.០០០៛ ក្នុង ១គីឡូក្រាម។

 

តោះ! ទៅ​មើល​ការ​ប្រមូល​ផល​ម្រេច ​គេ​ធ្វើ​យ៉ាងម៉េច?

 

ដើម្បី​ជ្រាប​កាន់​តែ​ច្បាស់ សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

 

 

 

អត្ថបទ៖ ឡុច គីមសាយ