លទ្ធផល​ត្រួតពិនិត្យ​កុង​ទ័​រ​អគ្គិសនី​នៅ​ខេត្តកំពង់ឆ្នាំង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ហួសចិត្ត​យ៉ាងខ្លាំង​

ប្រភពពី​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​កំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា កាលពី​រសៀល​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៦ អាជ្ញាធរ​អគ្គិសនី​បាន​ពិនិត្យ​កុង​ទ័​រ​របស់​អតិថិជន​៣​គ្រួសារ ហើយ​បញ្ជាក់ថា​កុង​ទ័​រ​របស់​អតិថិជន​ទាំង​៣​គ្រួសារ​នោះ​មាន​ភាពត្រឹមត្រូវ​។ ក៏ប៉ុន្តែ​បើ​ប្រៀបធៀប​ទៅនឹង​តម្លៃ​លើ​វិក្កយបត្រ​បង់ប្រាក់​គឺ​ខុសគ្នា ដោយ​បញ្ហា​នេះ​អាជ្ញាធរ​អគ្គិសនី​បាន​អះអាង​យករួចខ្លួន​ថា បណ្ដាលមកពី​ខ្សែ​ចរន្ត​ក្នុងផ្ទះ​។ បញ្ហា​នេះហើយ​ដែល​ប្រជាពលរដ្ឋ​បន្ត​អំពាវនាវ​ឲ្យ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង​លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា ចាត់វិធានការ​ជួយ​ដោះស្រាយ​ដល់​ពួកគាត់​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ក្រុមហ៊ុន​អ៊ុង​សុវណ្ណនី ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។

​ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុង​កំពង់ឆ្នាំង បាន​លើកឡើងថា ពួកគាត់​គ្មាន​ជំនឿ​លើ​ការត្រួតពិនិត្យ​របស់​អា​ជ្ញា​ធរ​អគ្គិសនី​ក្នុង​ការរក​កំហុស​របស់​ក្រុមហ៊ុន​អ៊ុង​សុវណ្ណនី អេ​ឡិច​ទ្រី​ស៊ី​ធី ឌី​វេឡុ​ប​មែន នោះទេ​ព្រោះ​ពួកគេ​ជា​ក្រុម​តែមួយ​។ ជាពិសេស​ឧកញ៉ា ឱ សុវណ្ណ​រក្ស ម្ចាស់​ក្រុមហ៊ុន​អ៊ុង​សុវណ្ណនី តែងតែ​ប្រើ​អំណាច​គាបសង្កត់​កេងប្រវ័ញ្ច​ទៅលើ​អតិថិជន​របស់ខ្លួន​យ៉ាង​គឃ្លើន​បំផុត​។ ជាក់ស្ដែង​ថ្មី​នេះ​ប្រជាពលរដ្ឋ​ម្នាក់​ដែល​ហ៊ាន​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ហ្វេ​ស​ប៊ុ​ករឿង​កុង​ទ័​រ​ភ្លើង​វិល​លឿន​ហួសហេតុ ត្រូវ​ឧកញ៉ា ឱ សុវណ្ណ​រក្ស ផ្ដាច់​ភ្លើង​លែង​ឲ្យ​ប្រើប្រាស់​។ ប្រការនេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ មិនត្រូវ​មើលរំលង​នោះទេ ហើយ​គួរ​ចាត់វិធានការ​ស៊ើបអង្កេត​ឲ្យ​បាន​ត្រឹមត្រូវ​ទៅលើ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ចរន្តអគ្គិសនី​នៅ​ខេត្តកំពង់ឆ្នាំង​។

រហូតមកដល់​ពេលនេះ​ប្រជាពលរដ្ឋ​បាន​រិះគន់ថា អាជ្ញាធរខេត្ត​កំពង់ឆ្នាំង ដែលមាន​លោក ឈួ​រ ច័ន្ទ​ឌឿ​ន ជា​អភិបាលខេត្ត មិន​យកចិត្តទុកដាក់​ដោះស្រាយ​ការលំបាក​របស់​ប្រជាពលរដ្ឋ​ដែលជា​អតិថិជន​ក្រុមហ៊ុន​អ៊ុង​សុវណ្ណនី នោះទេ​។ ផ្ទុយទៅវិញ​កន្លងមក​ធ្លាប់មាន​មន្ត្រីជាន់ខ្ពស់​ក្នុង​ខេត្តកំពង់ឆ្នាំង តែងតែ​ចេញមុខ​ការពារ​ផលប្រយោជន៍​ក្រុមហ៊ុន​អ៊ុង​សុវណ្ណនី ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​ដែលជា​ហេតុ​ធ្វើ​ឲ្យ​បុគ្គលិក​ក្រុមហ៊ុន​នេះ​កាន់តែ​បានចិត្ត​ក្នុងការ​គាបសង្កត់​លើ​អតិថិជន​របស់ខ្លួន​។ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល មិនគួរ​មើលរំលង​បញ្ហា​នេះឡើយ ព្រោះ​លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា ហាក់ដូចជា​មិន​យកចិត្តទុកដាក់​ចំពោះ​ការតវ៉ា​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ឆ្នាំង រឿង​កុង​ទ័​រ​ភ្លើង​ក្រុមហ៊ុន​អ៊ុង​សុវណ្ណនី វិល​លឿន​ហួសហេតុ​នោះឡើយ​៕

13255987_1712352535698104_6343283422474891341_nលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង 13220820_1712352575698100_2289522046287476574_n