គណបក្ស​សង្គ្រោះ​ជាតិ​បានស្នើ​ឲ្យ​សមត្ថកិច្ច​មើល​រដ្ឋធម្មនុញ្ញ​មុននឹង​ចាប់​សកម្មជន​របស់ខ្លួន​

ក្នុងពេល​សមត្ថកិច្ច​ក្រោម​ការគ្រប់គ្រង​របស់រ​ដ្ឋា​ភិ​បាល និង​តុលាការ បន្ត​ចាប់ខ្លួន និង​គាបសង្កត់​ទៅលើ​សកម្មជន​គណបក្សជំទាស់ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នោះ លោក យឹម សុវណ្ណ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ភ្នំពេញ និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​នៅ​ថ្ងៃ​ម្សិលមិញ​ថា អាជ្ញាធរ​និង​សមត្ថកិច្ច គប្បី​ពិនិត្យមើល​ច្បាប់ និង​រដ្ឋធម្មនុញ្ញ​ឲ្យ​បាន​ច្បាស់​មុននឹង​សម្រេច​ចាប់ខ្លួន សកម្មជន​គណបក្សជំទាស់ ឬ​នរណាម្នាក់ ។​

​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ពន្យល់ថា សូម​ឲ្យ​សមត្ថកិច្ច​ពិនិត្យ​ច្បាប់ និង​រដ្ឋធម្មនុញ្ញ​ឲ្យ​បាន​ត្រឹមត្រូវ​មុននឹង​សម្រេច​ចាប់ខ្លួន​នរណាម្នាក់ ហើយ​សមត្ថកិច្ច​ក៏​មិនត្រូវ​ច្បាប់​ខ្លួន​ប្រជាពលរដ្ឋ​ណា​ម្នាក់​តាមតែ​នឹកឃើញ​នោះទេ​។ លោក យឹម សុវណ្ណ បាន​បន្ថែមថា ការដែល​សមត្ថកិច្ច​ចាប់ខ្លួន​សកម្មជន​គណ​បក្ស​ជំទាស់ ឬ​ប្រជាពលរដ្ឋ​ណា​ម្នា​ក់ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ វា​បានបង្ហាញ​ពី​ភាពអយុត្តិធម៌ និង​ការគាបសង្កត់​សិទ្ធិសេរីភាព​។​

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​សង្កត់ធ្ងន់ថា លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅឯណា នៅពេលដែល​សមត្ថកិច្ច​ចង់​ចាប់ខ្លួន​អ្នកណាម្នាក់​ស្រេច​តែ​អំពើ​ចិត្ត​នោះ ។ លោក យឹម សុវណ្ណ បាន​បញ្ជាក់ថា វា​កាន់តែ​ឃ្លាតឆ្ងាយ​ពី​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ នៅពេលដែល​ប្រជាពលរដ្ឋ​គ្មាន​សិទ្ធិ សូម្បីតែ​ការបញ្ចេញមតិ បាតុកម្ម​អហិង្ស និង​ហែ​ញត្តិ​។​

គួរ​បញ្ជាក់ថា ក្នុង​សប្តាហ៍​នេះ លោក ដូង ថុ​ន ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​ត្រពាំង​ភ្លាំង មកពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​ឈូក ខេត្តកំពត ចុះ​ចាប់ខ្លួន និង​បញ្ជូនមក​ស្នងការដ្ឋាន​គ​របាល​ខេត្តកំពត ដោយ​ចោទ​ពីបទ​ល្មើស​ជាក់ស្តែង បន្ទាប់ពី​ពួកគាត់​បាន​ចុះ​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​ធ្វើ​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ ឲ្យ​ជួយ​អន្តរាគមន៍​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស និង​អ្នកនយោបាយ​ដែល​ត្រូវ​ជាប់ឃុំ​ដោយ​អយុត្តិធម៌​សព្វថ្ងៃនេះ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ដែរថា រដ្ឋាភិបាល​បាន​យក​តុលាការ ដែល​ខ្លួន​គ្រប់គ្រង និង​បញ្ជា​តាមចិត្ត ធ្វើជា​ឧបករណ៍​នយោបាយ​រប​ស់​ខ្លួន ក្នុងការ​បង្ក្រាប​អ្នក​ដែល​ហ៊ាន​ប្រឆាំង និង​ហ៊ាន​ទិតៀន​ខ្លួន ក្នុងនោះ​មាន​ទាំង​ថ្នាក់ដឹកនាំ និង​សមាជិក​សង្គម​ស៊ីវិល​ផងដែរ ដែល​ត្រូវបាន​គេ​ចាប់ខ្លួន និង​ឃុំខ្លួន តាម​ការចោទប្រកាន់​ដែល​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ​ទាល់តែសោះ​។ លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា មុននឹង​រដ្ឋាភិបាល​អាច​លើកឡើង​ពី​ការបោះឆ្នោត​ណាមួយ​ដោយ​សេរី និង​យុត្តិធម៌ រដ្ឋាភិបាល​ត្រូវតែ​បញ្ចប់​ការគាបសង្កត់​ផ្នែក​នយោបាយ ព្រមទាំង​បំបាត់​បរិយាកាស​គំរាមកំហែង និង​បំភិតបំភ័យ​៕

vayo6