អ្នក​ជំនាញ​ស្នេហា​លាត​ត្រដាង​ពី​មូល​ហេតុ​ចម្បង​អាច​នាំ​ឲ្យ​កើត​អំពើ​ក្បត់​ចិត្ដ

ការស្រាវជ្រាវថ្មីៗបានបង្ហាញថា មូលហេតុចម្បងនាំឲ្យកើតអំពើក្បត់ចិត្ដមានលក្ខណៈខុសគ្នារវាងបុរស និងស្ដ្រី។ បុរសងាយកើតចិត្ដវៀចវេរដោយចំណង់កាមតណ្ហា ខណៈស្ដ្រីប្រាថ្នាស៊ីជម្រៅ។

បុរស ៥៨ ភាគរយមានចំណង់ផ្លូវភេទខ្លាំង បើធៀបនឹងស្ដ្រីមានចំនួនតែ ៤០ ភាគរយ។ ផ្ទុយមកវិញ ស្ដ្រីចំនួន ៦៥ ភាគរយត្រូវការពេលវេលាសិក្សាស៊ីជម្រៅអំពីដៃគូ។ប៉ុន្ដែនៅមានមូលហេតុស្មុគស្មាញជាច្រើនដែលអំពើក្បត់ចិត្ដទំនងជាទង្វើដ៏ល្អប្រសើរ។ អ្នកជំនាញស្នេហា និងទំនាក់ទំនង ខេតធី ហូរវូដ បានលាតត្រដាងមូលហេតុចម្បងដែលកើតឲ្យមានអំពើក្បត់ចិត្ដ។

អ្នក​ជំនាញ​ស្នេហា​លាត​ត្រដាង​ពី​មូល​ហេតុ​ចម្បង​អាច​នាំ​ឲ្យ​កើត​អំពើ​ក្បត់​ចិត្ដ

ជាទូទៅ បុរសក្នុងចំនួនដ៏ច្រើនលើស លប់ងាយឈ្លក់វង្វេងនឹងរាងកាយស្ដ្រី ខណៈភាគីស្ដ្រីត្រូវការលើសពីនេះ។

១. ជាចំណង់តាមធម្មជាតិ
មូលហេតុងាយៗពីក្រោយអំពើក្បត់ចិត្ដកើតចេញពីចំណង់ធម្មជាតិ។ដូច្នេះបើវាជារឿងអាទិភាព អ៊ីចឹងស្នេហាក្បត់ចិត្ដអាចកើតឡើងងាយៗ។ អ្នកស្រី ខេតធី បានពន្យល់ថា៖ «ពេលបុរសត្រូវបានភាគីនារីបើកដៃ ពួកគេចាត់ការភ្លាម។ យោងតាមការស្រាវជ្រាវ បុរសជាភាគីមិនកំណាញ់ខ្លួននោះទេ ហើយតែងតែឆ្លៀតឱកាសភ្លាមបើវេលាហុចឲ្យ»។

២. ចិត្ដវៀចវេរ
ការចែចង់ជាមួយដៃគូថ្មីអាចជាការបញ្ចើចបញ្ជោរដាក់គ្នា ដែលធ្វើឲ្យកើតមានអារម្មណ៍ខុសប្រក្រតី។ អ្នកស្រី ខេតធី ឲ្យដឹងថា ការភ្ញោចអារម្មណ៍គឺជាមូលហេតុចម្បងមួយដែលបុរសគិតរឿងផ្ដេសផ្ដាស។
អ្នកស្រីថា៖ «គ្មានអ្វីភ្ញោចចិត្ដបុរសស្មើនឹងអ្នកដែលមិនមែនជាដៃគូចាស់សុំឆ្លៀតពេលឆក់កណ្ដៀតជាមួយគ្នាបន្ដិច ហើយបើទោះបី ជាវាមិនសមជាមូលហេតុចម្បងក្ដី ក៏វាជាឫសគល់នៃអំពើក្បត់ដែរ»។

៣. មុខម្ហូបដដែល
ការធុញទ្រាន់នឹងស្នេហ៍ជ្រក់ជ្រេញអាចធ្វើឲ្យមនុស្សចាប់ផ្ដើមគិតរកអ្វីដែលប្រសើរជាងនេះ។ អ្នកជំនាញស្នេហា និងទំនាក់ទំនងរូបនេះ បន្ដថា៖ «ជាទូទៅ វាអាចមកពីទំនាក់ទំនងស្នេហាដដែលពេកដែលនាំឲ្យមានអំពើក្បត់ចិត្ដឡើង ដោយពួកគេងឿងឆ្ងល់ និងចង់ស្គាល់នូវអ្វីដែលថ្មីប្លែកមាត់។

៤. បង្កើនភាពរំជើបរំជួល
ការប្រថុយនឹងការដេញទាន់ជាន់កែង ចំណង់តណ្ហា និងការរក្សាចំណងស្នេហាលួចលាក់ជួយបង្កើនកម្រិតចំណង់កាន់តែពុះកញ្ជ្រោល។ អ្នកស្រី និយាយថា៖ «វាធ្វើឲ្យមនុស្សឈឺចាប់។ វាជារឿងអាត្មានិយម និងអាចបំផ្លាញអនាគតមនុស្សម្នាក់ទៀត។ ប៉ុន្ដែស្នេហាភ្នែកនៅកញ្ចឹងកជំរុញភាពត្រេកត្រអាល និងរំជើបរំជួល។ ចំពោះស្នេហ៍ស្មោះត្រង់រមែងមានកម្រិតចំណង់ផ្លូវភេទខុសប្លែកគ្នា ទោះវាគ្មានអ្វីជាអាថ៌កំបាំងក៏ដោយ»។

៥. អ្នកទាំងពីរឈប់ស្វែងរកអ្វីដែលថ្មីប្លែក
វាមិនបញ្ហាទេ បើអ្នកអាចរស់នៅយូរអង្វែងប៉ុនណា តែសន្សើមស្នេហាត្រូវការស្រោចទឹកថែទាំជានិច្ច។ ពេលអ្នកបង្កើតទម្លាប់បង្ហាញអត្ដចរិតឆ្មើងឆ្មៃដាក់គ្នា និងឈប់បង្កើតអ្វីដែលថ្មីសម្រាប់ជីវិត វាកាន់តែងាយសម្លាប់ចំណង់ផ្លូវភេទ។

អ្នកស្រី ខេតធី លើកឡើងថា៖ «ខ្ញុំមិនបន្ទោសលើជនរងគ្រោះពីអំពើផិតក្បត់នោះទេ តែជួនកាលវាពិតជាផ្ដល់សេចក្ដីសុខមែន។ សិច សម្រស់ និងការប្រាស្រ័យទាក់ទង ជាអ្វីដែលយើងចំណាយពេលសន្ធឹកក្នុងការចាប់ផ្ដើមទំនាក់ទំនងដ៏យូរអង្វែងមក ប៉ុន្ដែវាអាចបត់បង់ទៅវិញពេលយើងប្រាថ្នាភាពស្រណុកស្រួលលើសពីស្នេហាពិត»។

អ្នកស្រីបន្ដថា៖ «ស្រដៀងគ្នាដែរ ការចិញ្ចឹមបីបាច់កូន ការបង់រំលស់ និងជម្លោះពីបញ្ហាច្បាប់មិនមែនជាអ្វីដែលត្រូវលើកមកវែកញែក ពេលកំពុងបង្កើនភាពផ្អែមល្ហែមរួមគ្នានៅលើគ្រែទេ។អស្វាមីភាពរមែងជារោគសញ្ញាអវិជ្ជមានធ្ងន់ធ្ងរបង្ហាញឲ្យឃើញតាមអារម្មណ៍ដែលពិបាកនឹងថ្លាថ្លែង»។

អ្នកជំនាញបញ្ជាក់ថា៖ «សិចអាចជាវិធីមួយគេចវេះពីបញ្ហានានា ឬជាមធ្យោបាយស្វែងរកភាពស្រណុកស្រួលដាក់ខ្លួន និងរក្សាទំនាក់ទំនងស្នេហាជាមួយដៃគូ»៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍