ប្រវត្តិ​ថៅកែ Starbucks ប្ដូរ​ជីវិត​តោកយ៉ាក​ជា​មហាសេដ្ឋី​ព្រោះ​កាហ្វេ ​

Starbucks ជាម៉ាកកាហ្វេដ៏ល្បីល្បាញ មានសាខាជាង ២ម៉ឺនកន្លែងតាមបណ្ដាប្រទេសនានាលើពិភពលោក ហើយសាខាចុងក្រោយគេនៅកម្ពុជាទើបបើកសម្ពោធផ្លូវការនៅថ្ងៃពុធម្សិលមិញ។ ម៉ាកកាហ្វេដ៏ពេញនិយមនេះហើយ ដែលបានប្ដូរវាសនាបុរសកើតក្នុងត្រកូលគ្រួសារក្រីក្រម្នាក់ ឲ្យក្លាយជាមហាសេដ្ឋីមានទឹកប្រាក់ប៊ីលានដុល្លារត្រឹមរយៈពេលខ្លីប៉ុណ្ណោះ នោះគឺលោក Howard Schultz។

ប្រវត្តិ​ថៅកែ Starbucks ប្ដូរ​ជីវិត​តោកយ៉ាក​ជា​មហាសេដ្ឋី​ព្រោះ​កាហ្វេ ​

ប្រវត្តិជីវិត

Howard Schultz កើតនៅថ្ងៃទី១៩ កក្កដា ឆ្នាំ១៩៥៣ ក្នុងទីក្រុង Brooklyn រដ្ឋ New York សហរដ្ឋអាមេរិក។ ម្ដាយឪពុករបស់ Howardគឺជាជនជាតិជ្វីស ដែលមានឪពុកឈ្មោះ Fred Schultz និងម្ដាយឈ្មោះ Elaine។ ឪពុករបស់ Howardបានធ្វើជាអ្នកបើកត្រាក់ទ័រ ដើម្បីចិញ្ចឹមកូនបីនាក់នៅក្នុងបន្ទុក។ Howardគឺជាកូនទី២ និងជាមនុស្សម្នាក់គត់នៅក្នុងគ្រួសារ ដែលបានរៀនដល់សាកលវិទ្យាល័យ ហើយបញ្ចប់បរិញ្ញាបត្រផ្នែកទំនាក់ទំនង។

លោក Howard អាចលេងបានទាំងកីឡាបាល់បោះ បាល់ឱប និងបាល់ទាត់ ដែលអាចជួយឲ្យរួចផុតពីភាពក្រលំបាក ហើយវាក៏ជាស្ពានចម្លងលោកឲ្យទទួលបានអាហារូបករណ៍សម្រាប់អត្តពលិក នៅសាកលវិទ្យាល័យ Northern Michigan ផងដែរ។ ចំណេះដឹង និងការតស៊ូព្យាយាមបែបនេះហើយ ទើបលោកបានក្លាយជាមហាសេដ្ឋី ដោយញើសឈាមផ្ទាល់ខ្លួន មិនបានទទួលមរតកពីគ្រួសារឡើយ។

បច្ចុប្បន្ន លោក Howard Schultz មានទ្រព្យសម្បត្តិសរុប ២,៩ប៊ីលានលានដុល្លារ ជាមហាសេដ្ឋីលំដាប់ទី៥៩៥ លើលោក។ ប៉ុន្តែមុននឹងរកប្រាក់បានខ្ទង់ប៊ីលានដុល្លារជាមួយ Starbucks យ៉ាងជោគជ័យ Howard ក៏មានជីវិតសាមញ្ញដូចជនជាតិអាមេរិកដទៃទៀតដែរ គឺក្រជាងមនុស្សភាគច្រើនផង។

ចាប់ផ្ដើមធ្វើការនៅ Starbucks

លោក Howard បានចាប់ផ្ដើមធ្វើការដំបូងផ្នែកលក់ឲ្យក្រុមហ៊ុន Xerox Corporation។ ដោយសារមានស្នាដៃល្អ លោកក៏ត្រូវបានដំឡើងមុខតំណែងជាតំណាងផ្នែកលក់ពេញសិទ្ធិ។ ទោះយ៉ាងណា ៤ឆ្នាំក្រោយមក លោកក៏បានឈប់ធ្វើការនៅ Xerox ហើយចាប់ផ្ដើមការងារថ្មីជាប្រធានគ្រប់គ្រងទូទៅនៃរោងចក្រផលិតកាហ្វេ Hammarplast នៅក្នុងប្រទេសស៊ុយអែត។

Howard បានគ្រប់គ្រងបុគ្គលិកចំនួន ២០នាក់ និងទទួលខុសត្រូវលើប្រតិបត្តិការនៅសហរដ្ឋអាមេរិក។ អាជីពមួយនេះបានត្រួសត្រាយផ្លូវឲ្យ Howard រកឃើញកាហ្វេ Starbucks នៅក្នុងទីក្រុង Seattle សហរដ្ឋអាមេរិក ជាកន្លែងដែលលោកទទួលបានការកោតសរសើរបំផុតចំពោះចំណេះដឹងផ្នែក កាហ្វេពីសំណាក់ម្ចាស់ក្រុមហ៊ុន និងបុគ្គលិក។ មួយឆ្នាំក្រោយមក លោក Howard ក៏បានក្លាយជាប្រធានផ្នែកទីផ្សាររបស់ Starbucks។

លាលែងការងារពី Starbucks ហើយចាប់ផ្ដើមលក់កាហ្វេដោយខ្លួនឯង
លោក Howard បានបញ្ចុះបញ្ចូលប្រធានក្រុមហ៊ុន Starbucks ឲ្យដាក់បញ្ចូលកាហ្វេខ្លាំងបែបប្រពៃណីទៅក្នុងម៉ឺនុយ ប៉ុន្តែត្រូវបានបដិសេធ។ បញ្ហានេះបានធ្វើឲ្យ Howard លាលែងពីការងារនៅក្នុងឆ្នាំ ១៩៨៥ ដើម្បីចាប់ផ្ដើមការងារដោយខ្លួនឯង។

ឧបសគ្គចម្បងនោះគឺលោកពុំមានដើមទុនទេ ហើយប្រពន្ធរបស់លោកកំពុងពពោះកូនទី១។ ប៉ុន្តែសំណាងល្អ មានមនុស្សមួយចំនួនចង់ជួយលោក ហើយមួយឆ្នាំក្រោយមកលោក Howard ក៏អាចរកប្រាក់បាន ៤០ម៉ឺនដុល្លារ ដើម្បីចាប់ផ្ដើមគំនិតលក់កាហ្វេដោយខ្លួនឯង។ លោកបានដាក់ឈ្មោះហាងកាហ្វេនោះថា Il Giornale ហើយវាបានវាយលុកទៅលើទីផ្សារក្នុងតំបន់។

ភាពជោគជ័យនៃ Starbucks

ដោយសម្រេចចិត្តទៅធ្វើជំនួញផ្សេងទៀត អ្នកគ្រប់គ្រងរបស់ Starbucks ក៏បានលក់ Starbucks ទៅឲ្យ Howard ដែលជាមនុស្សធ្លាប់ធ្វើការជាមួយគ្នា ក្នុងតម្លៃ ៣,៨លានដុល្លារ។ នៅក្រោមការគ្រប់គ្រងរបស់ Howard កាហ្វេ Starbucks បានក្លាយជាក្រុមហ៊ុនយក្សលំដាប់ប៊ីលានដុល្លារ។ Howard បានពង្រីកសាខារបស់ Starbucks នៅទូទាំងសហរដ្ឋអាមេរិក។ លោកបានផ្ដោតចក្ខុវិស័យទៅលើអចលនវត្ថុ ដែលអាចជួយក្រុមហ៊ុន Starbucks របស់លោក និងព្យាយាមជំរុញវាឲ្យមានការរីកចម្រើនឆាប់រហ័ស។

សព្វថ្ងៃ នេះ Starbucks មានសាខាជាង ២ម៉ឺនកន្លែងទូទាំងពិភពលោក ហើយគ្រាន់តែនៅក្នុងសហរដ្ឋអាមេរិកមួយ មានសាខា ១៣១០៧កន្លែង។ ប្រហែលជានៅដំណាច់ទសវត្សរ៍នេះ សាខារបស់ Starbucks នឹងកើនឡើងរហូតដល់ ៣ម៉ឺនកន្លែងនៅទូទាំងពិភពលោក។

ការផ្សងព្រេងដែលបរាជ័យ

លោក Howard មិនមែនធ្វើអ្វីសុទ្ធតែបានជោគជ័យទាំងអស់នោះទេ ដូចជាការទិញក្រុមបាល់បោះ Seattle Supersonics នៅក្នុងលីកកំពូលរបស់សហរដ្ឋអាមេរិកជាភស្តុតាងស្រាប់។ លោកត្រូវបានគេរិះគន់យ៉ាងខ្លាំង ទៅលើការទិញក្លឹបនោះ។ ប៉ុន្តែបញ្ហានេះមិនបានធ្វើឲ្យ Howard មានការរុញរាក្នុងការទិញទេ។ យ៉ាងណាក្ដី បន្ទាប់ពីការខិតខំប្រឹងប្រែងជាមួយក្លឹបរួចមក លោកក៏បានលក់វាវិញក្នុងតម្លៃ ៣៥០លានដុល្លារ។

ទទួលបានការកោតសរសើរទោះធ្លាប់បរាជ័យ

មនុស្ស រាប់រយលាននាក់នៅជុំវិញពិភពលោក បានចូលចិត្តម៉ាកកាហ្វេ Starbucks យ៉ាងខ្លាំង ហើយកិត្តិនាមរបស់ Starbucks ក៏កំពុងមានការកើនឡើងជាលំដាប់។ បើទោះជាធ្លាប់មានការផ្សងព្រេងបរាជ័យក៏ពិតមែន ក៏លោក Howard Schultz នៅតែទទួលបានការគោរពជាអ្នកជំនួញដ៏អស្ចារ្យម្នាក់នៅក្នុងប្រវត្តិសាស្ត្រ។

មេរៀនដែលទទួលបានពីជីវិតរបស់លោក Howard Schultz

ប្រើភាពក្រីក្រជំរុញទឹកចិត្តឲ្យចេះព្យាយាម ដើម្បីទទួលបានភាពជោគជ័យ ដូចដែលលោក Howard Schultz ធ្លាប់បានធ្វើ។

កុំខ្លាចរអាក្នុងការប្រថុយគ្រោះថ្នាក់ នៅពេលដែលយើងជឿជាក់លើអ្វីមួយ។

បរាជ័យក្នុងជំនួញណាមួយ មិនមែនមានន័យថាអ្នកបរាជ័យក្នុងជីវិតទេ។ ត្រូវក្រោកឈរឡើងវិញហើយព្យាយាមម្ដងទៀត៕

ប្រភព៖ sabay

អ្នកនឹងចូលចិត្ត

  • ប្រវត្តិ​ថៅកែ Starbucks ប្ដូរ​ជីវិត​តោកយ៉ាក​ជា​មហាសេដ្ឋី​ព្រោះ​កាហ្វេ ​已关闭评论
  • 58 views
  • Hide Sidebar
    A+
Publish on:2016/05/26  Category:ជីវិតនិងសង្គម
Tags: