ក្រុម​មេធាវី​បញ្ជាក់​មូលហេតុ​ដែល​លោក កឹម សុខា មិន​អាច​ចូល​បំភ្លឺ​តាម​ការ​កោះ​ហៅ

ក្រុម​មេធាវី​របស់​លោក កឹម សុខា បាន​ផ្ញើ​លិខិត​ទៅ​តុលាការ​រាជធានី​ភ្នំពេញ ដើម្បី​ជូន​ដំណឹង​ពី​ករណី​លោក កឹម សុខា មិន​អាច​ចូល​ទៅ​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​តុលាការ។ លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​កោះ​ហៅ​ចំនួន​ពីរ​លើក​មក​ហើយ ហើយ​នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា នេះ ជា​លើក​ទី​ពីរ​ហើយ​ដែល​តុលាការ​បាន​កំណត់​ឲ្យ​លោក​ចូល​ខ្លួន​ទៅ​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី ពាក់ព័ន្ធ​សំណុំ​រឿង​សញ្ចារកម្ម។

ក្រុម​អ្នក​ច្បាប់​បង្ហាញ​ថា ករណី​លោក កឹម សុខា កំពុង​មាន​ភាព​ប្រទាំង​ប្រទើស​គ្នា​រវាង​នីតិវិធី​របស់​តុលាការ និង​រដ្ឋធម្មនុញ្ញ​ស្ដីពី​អភ័យ​ឯកសិទ្ធិ​សភា​របស់​អ្នក​តំណាង​រាស្ត្រ។

លោក សំ សុគង់ ជា​មេធាវី​ម្នាក់​ក្នុង​ចំណោម​មេធាវី ៥​នាក់ ដែល​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា មាន​ប្រសាសន៍​នៅ​ក្នុង​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​យប់​ថ្ងៃ​ទី​២៥ ឧសភា ថា ខ្លឹមសារ​លិខិត​ដែល​ក្រុម​មេធាវី​ផ្ញើ​លិខិត​ទៅ​តុលាការ​កាល​ពី​ថ្ងៃ​ពុធ ទី​២៥ ឧសភា នោះ គឺ​ជា​ការ​ជូន​ដំណឹង និង​បញ្ជាក់​ពី​ហេតុផល​ដែល​លោក កឹម សុខា មិន​អាច​ចូល​ទៅ​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី​ទៅ​តាម​ដីកា​កោះ​ចុះ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៦។

លោក​បន្ត​ថា កូន​ក្តី​លោក​មាន​ឆន្ទៈ​គោរព​ច្បាប់ និង​មិន​ជំទាស់​ទៅ​នឹង​ការ​អនុវត្ត​ច្បាប់​នោះ​ទេ ប៉ុន្តែ​ក្នុង​នោះ​ក៏​មាន​ច្បាប់​មួយ​ចំនួន​បាន​ការពារ​លោក និង​មិន​ឲ្យ​ធ្វើ​អ្វី​ដែល​ផ្ទុយ​ពី​ច្បាប់​កំពូល​ដែល​បាន​ចែង​រួច​មក​ហើយ​នោះ​ដែរ។

មេធាវី សំ សុគង់ បាន​ពណ៌នា​ហេតុផល​ការ​ដែល​កូន​ក្តី​លោក​មិន​ចូល​ទៅ​បំភ្លឺ​នោះ ដោយ​យោង​តាម​មាត្រា​៣៨ និង​មាត្រា​៨០ នៃ​រដ្ឋធម្មនុញ្ញ៖ «មាត្រា​៣៨ ការ​ចាប់​ខ្លួន ការ​នាំ​ខ្លួន ការ​ចូល​បំភ្លឺ​អី​ផ្សេងៗ​ហ្នឹង គឺ​ត្រូវ​អនុវត្ត​តាម​ផ្លូវ​ច្បាប់។ ម្យ៉ាង​ទៀត ច្បាប់​បាន​ការពារ​លោក កឹម សុខា ជា​អ្នក​តំណាង​រាស្ត្រ​តាម​មាត្រា​៨០ នៃ​រដ្ឋធម្មនុញ្ញ ស្ដីពី​អភ័យ​ឯកសិទ្ធិ​អ្នក​តំណាង​រាស្ត្រ»

លោក​បាន​លើក​ពី​ហេតុផល​ផ្សេង​ទៀត គឺ​ដោយសារ​លោក កឹម សុខា ជា​តំណាង​រាស្ត្រ​មាន​ការ​មមាញឹក​ចុះ​ជួប​ប្រជាពលរដ្ឋ​តាម​មណ្ឌល​នានា​ទូទាំង​ប្រទេស ដែល​មិន​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការ​ចូល​បំភ្លឺ​បាន។

លោក​បន្ត​ថា ជាង​នេះ​ទៅ​ទៀត ការ​កោះ​ហៅ​លោក កឹម សុខា នោះ ក្នុង​នាម​ជា​សាក្សី​ដែល​មិន​សូវ​មាន​ភាព​ចាំបាច់​ក្នុង​ការ​បំភ្លឺ។ ម្យ៉ាង​វិញ​ទៀត ជន​សង្ស័យ​មិន​ទាន់​បាន​ចូល​បំភ្លឺ​នៅ​ឡើយ ហើយ​តុលាការ​ក៏​មិន​ទាន់​ចោទ​ប្រកាន់​ជន​សង្ស័យ​ណា​ម្នាក់​ជា​ផ្លូវ​ការ​នៅ​ឡើយ៖ «អ៊ីចឹង​ហើយ​បាន​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា ដាក់​ពាក្យ​នេះ​ដើម្បី​សុំ​មាន​ការ​បកស្រាយ​ច្បាប់​មួយ​ត្រឹមត្រូវ»

ទាក់ទង​ករណី​លោក កឹម សុខា នេះ​ដែរ ក្រុម​អ្នក​ច្បាប់​ផ្សេង​ទៀត​បង្ហាញ​ថា ករណី​លោក កឹម សុខា កំពុង​មាន​ភាព​ប្រទាំង​ប្រទើស​គ្នា​រវាង​នីតិវិធី​របស់​តុលាការ និង​ច្បាប់​ស្ដីពី​អភ័យ​ឯកសិទ្ធិ​សភា​របស់​អ្នក​តំណាង​រាស្ត្រ។

មេធាវី​ផ្សេង​ក្រៅ​ពី​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា គឺ​លោក​មេធាវី សេក សុភ័ណ្ឌ។ លោក​មាន​ចម្ងល់​ថា តុលាការ​កោះ​ហៅ​លោក កឹម សុខា ក្នុង​នាម​ជា​សាក្សី ប៉ុន្តែ​ដីកា​កោះ​មិន​បាន​បញ្ជាក់​ថា លោក​ត្រូវ​ទៅ​ធ្វើ​សាក្សី​ឲ្យ​បុគ្គល​ណា ឬ​ជា​ជន​ជាប់​ចោទ​រូប​ណា​មួយ​ពិត​ប្រាកដ​នោះ​ទេ៖ «ក្នុង​នាម​គាត់​ជា​អ្នក​តំណាង​រាស្ត្រ​មិន​ចូល»

លោក​បន្ត​ថា តាម​ការ​យល់​ដឹង​ពី​ច្បាប់​ដែល​លោក​បាន​សិក្សា​កន្លង​មក គឺ​ថា​ក្នុង​ដំណាក់​កាល​សំណុំ​រឿង​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​អយ្យការ​នេះ គឺ​មិន​ទាន់​ត្រូវ​ការ​ស្តាប់​ចម្លើយ​សាក្សី ក្នុង​សំណុំ​រឿង​មួយ​ដែល​មិន​ទាន់​ដឹង​ថា អ្នក​ណា​ជា​ជន​ជាប់​ចោទ ឬ​មិន​ទាន់​មាន​ការ​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​នោះ​ទេ។

សាលា​ដំបូង​រាជធានី​ភ្នំពេញ មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ជា​ផ្លូវ​ការ​យ៉ាង​ណា​ឡើយ ទាក់ទង​នឹង​លិខិត​ជូន​ដំណឹង​របស់​ក្រុម​មេធាវី​របស់​លោក កឹម សុខា នោះ​ទេ។ ប៉ុន្តែ​កន្លង​មក មន្ត្រី​តុលាការ​បញ្ជាក់​ថា នឹង​ចាត់​ការ​តាម​នីតិវិធី​បន្ត​ទៀត ចំពោះ​ករណី​ដែល​លោក កឹម សុខា មិន​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ដីកា​កោះ​នោះ ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ថា នីតិវិធី​បន្ត​នោះ តុលាការ​ធ្វើ​យ៉ាង​ណា​ទៀត​នោះ​ទេ។

ដីកា​របស់​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ ចុះ​ថ្ងៃ​ទី​១៨ ឧសភា បង្គាប់​ឲ្យ​លោក កឹម សុខា ចូល​ឆ្លើយ​បំភ្លឺ​ជា​លើក​ទី​ពីរ​នៅ​ថ្ងៃ​ទី​២៦ ឧសភា នេះ។

កាល​ពី​ថ្ងៃ​ទី​១៧ ឧសភា លោក កឹម សុខា រួម​នឹង​មេធាវី​របស់​លោក​ផង មិន​បាន​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​តុលាការ​ក្នុង​នាម​ជា​សាក្សី ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​សញ្ចារកម្ម​នោះ​ឡើយ។ ចំណែក​តំណាង​រាស្ត្រ​ពីរ​រូប​ទៀត​របស់​គណបក្ស​នេះ គឺ​លោក ពិន រតនា និង​លោក តុ វ៉ាន់ចាន់ ដែល​ជាប់​ចោទ​ថា បាន​នាំ​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ ទៅ​ជួប​លោក កឹម សុខា នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ នោះ ក៏​មិន​បាន​ចូល​ខ្លួន​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​តុលាការ​ដូច​គ្នា​ដែរ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។