នោះវីវរហើយ! ហាង​គុយ​ទាវ «ឆុង​ ឈីង»

រាជធានីភ្នំពេញ ៖ សេចក្តី​រាយការណ៍បឋម​ឱ្យ​ដឹងថា កម្លាំង​ចម្រុះ មាន​មន្ត្រី​តុលាការ, មន្ត្រីសុរិយោដី, មន្ត្រី​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ប៉ូលិស​ប៉ុស្តិ៍ បាននាំគ្នា​​ចុះអនុវត្ត​សាល​ក្រម​​ធ្វើការ​រឹបអូស​​​ផ្ទះល្វែង និង​ដីឡូត៍​​របស់​ឧក្រិដ្ឋ​ជន​​គ្រឿង​ញៀន​​ម្នាក់​ ឈ្មោះ​​ជា​ ឡេង ដែល​​ជាបក្សពួក​​​​អតីតមន្ត្រីជាន់ខ្ពស់គ្រឿងញៀន ម៉ឹក ដារ៉ា ​​។ បច្ចុប្បន្ន​ ជន​​​ជាប់ចោទ​​​​ ជា ឡេង ត្រូវ​បាន​តុលាការ​កាត់​ទោស​ឱ្យ​ជាប់ពន្ធនាគារ​ព្រៃ.សអស់​មួយជី​វិត ពាក់ព័ន្ធករណី​គ្រឿងញៀននេះ ។

ប្រតិបត្តិការ​​នេះ ធ្វើ​ឡើងកាលពីវេលាព្រឹកថ្ងៃទី​២៦ ឧសភា ២០១៦ ស្ថិត​​នៅ​​​២ទីតាំង ​១-នៅ​ផ្ទះ​ល្វែង​​​​មុខ​​​អាកាស​យានដ្ឋាន​ពោធិ៍​ចិន​តុង ដែលកំពុងជួល​បើក​ហាង​គុយ​ទាវ​​យីហោ «​គុយទាវ ឆុងឈីង» ស្ថិតក្នុងភូមិ​ក្បាលដំរី សង្កាត់កាកាប ដោយ​​អាជ្ញា​ធរ​​​ទុក​រយៈ​ពេល​២​ខែ ដើម្បី​​ឱ្យ​ម្ចាស់ហាង​គុយទាវរៀបចំ​រើ​អីវ៉ាន់​ចេញ​ ។ ២-ដីឡូត៍មួយ​​កន្លែង​ទៀត គឺ​ស្ថិតនៅតាមបណ្តោយផ្លូវលេខ​៧៣៤ង មានបណ្តោយ​១៩ម៉ែត្រ និងទទឹង​១៥ម៉ែត្រ ស្ថិតក្នុងភូមិ​ទឹកថ្លា​ សង្កាត់ទឹក​ថ្លា ខណ្ឌសែនសុខ តែត្រូវបានលើក​ពេលរឹបអូស​​​ ព្រោះ​ទីតាំង​ដីឡូត៍នេះ​ ពីមុន​ស្ថិតនៅក្នុង​សង្កាត់​ចោម​ចៅ ឥឡូវត្រូវ​​កាត់​ចូល​មក​ឱ្យ​ខាង​សង្កាត់​ទឹកថ្លាវិញ ។

ការចុះរឹបអូស​ទ្រព្យ​សម្បត្តិ​របស់​ឧក្រិដ្ឋជន ជា ឡេង នេះ ​ គឺ​ត្រូវបាន​ចាត់ទុក​​ជា​សម្បត្តិ​រដ្ឋផងដែរ ។