មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​ឃ្លាំមើល​ដោយ​យកចិត្តទុកដាក់​ទៅលើ​ករណី​លោក កឹម សុខា ប្រធាន​ស្ដី​គណបក្ស​សង្គ្រោះ​ជាតិ

នៅវេលា​ថ្ងៃត្រង់​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៦ សមត្ថកិច្ច​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ឃាត់​រថយន្ត​លោក កឹម សុខា ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ នៅលើ​ផ្លូវ​ព្រះ​នរោត្តម ក្បែរ​សាលា​ពញា​ហុក​។ នៅក្នុង​ការឃាត់​រថយន្ត​នោះ សមត្ថកិច្ច​មិនឃើញ​វត្តមាន​លោក កឹម សុខា ទេ​គឺ​ឃើញតែ​ភរិយា​របស់លោក ហើយក៏​អនុញ្ញាត​ឲ្យ​រថយន្ត​បន្តដំណើរ​ទៅមុខ​។ បញ្ហា​នេះ​បានធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ហើយ​តាមដាន​ដោយ​យកចិត្តទុកដាក់ ដើម្បី​ចង់ដឹងថា មានការ​ចាប់ខ្លួន​លោក កឹម សុខា ឬក៏​យ៉ាងណា​។

បន្ទាប់ពី​ឃាត់​រថយន្ត​លោក កឹម សុខា រួចមក​សមត្ថកិច្ច​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​ប្រដាប់​ដោយ​អាវុធ​បាន​ទៅ​លុកលុយ​ដល់​ស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ ហើយ​មួយស្របក់​ក៏ត្រូវ​ដកចេញ​វិញ​ភ្លាមៗ​។ បញ្ហា​នេះ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​នៅ​ស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​សកម្មជន​បានបង្ហាញ​វត្ត​មាននៅ​ស្នាក់ការ​បក្ស​ជា​បន្តបន្ទាប់​។

ជុំវិញ​ព័ត៌មាន​ស្ដីពី​ការចាប់ខ្លួន​ប្រធានស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គេ​កត់សម្គាល់​ឃើញថា លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ចេញមក​បញ្ជាក់​អំ​ពី​បញ្ហា​នេះ​។ លោក នេ​ត សាវឿន បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន​ថា សមត្ថកិច្ច​ពុំបាន​ចាប់ខ្លួន​លោក កឹម សុខា នោះទេ ហើយ​លោក​ទទួលស្គាល់ថា មានការ​ឃាត់​និង​ឆែកឆេរ​រថយន្ត​លោក កឹម សុខា ពិតមែន​។ លោក នេ​ត សាវឿន បានបញ្ជាក់​ទៀតថា កម្លាំង​សមត្ថកិច្ច​បាន​ដកចេញ​ពី​ស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​អស់ហើយ​។

អ្នកសង្កេតការណ៍​ជាតិ​និង​អន្តរជាតិ កំពុង​តាមដាន​ដោយ​យកចិត្តទុកដាក់​ក្រោយពេល​ទទួលបាន​ព័ត៌មាន​ថា សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន​លោក កឹម សុខា ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​។ ជាមួយគ្នានេះ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ជម្រាបជូន​សាធារណជន អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ អង្គទូត​ទាំងអស់​ឲ្យ​បាន​ជ្រាប​ពី​ការឃាត់​រថយន្ត​របស់​លោក កឹម សុខា ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​ផងដែរ​។ ហេតុនេះហើយ​ទើប​មានការ​បន្ត​តាមដាន​ដោយ​យកចិត្តទុកដាក់​ទៅលើ​ករណី​លោក កឹម សុខា ព្រោះ​ប្រតិបត្តិការ​របស់​សមត្ថ​កិច្ច​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅថ្ងៃនេះ​គឺ​បាន​ត្រៀមលក្ខណៈ​រួចរាល់​អស់​ទៅហើយ​៕

13312639_812455998856465_4747350106405745376_n 337276cfde4210b2312c51e50c886d4d