​ទីតាំង​ផលិត​ទឹក​ពិសា​រិទ្ធី នៅ​ខេត្តបាត់ដំបង​រង​ការរិះគន់​ផលិត​ទឹក​សុទ្ធ​គ្មាន​អនាម័យ​

​ប្រភពព័ត៌មាន​ពី​ក្រុង​បាត់ដំបង​បាន​រាយការណ៍​ឲ្យ​ដឹង​នៅក្នុង​សប្តាហ៍​នេះ​ថា​ក្រុមហ៊ុន​ផលិត​ទឹកបរិសុទ្ធ​មួយកន្លែង ឈ្មោះ​រិទ្ធី កំពុង​ត្រូវគេ​រិះគន់ថា​ផលិត​ទឹក​សុទ្ធ និង​ផលិតផល​មួយចំនួនទៀត​ដោយ​គ្មាន​អនាម័យ មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​ស្តង់ដារ​ឡើយ ។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ក្រុមហ៊ុន​ឈ្មោះ​រិទ្ធី មិនបាន​ផលិត​ទឹក​សុទ្ធ​ឲ្យ​មាន​គុណភាព​នោះទេ ព្រោះ​ទាំង​ការ​វេច​ខ្ចប់ ទាំង​កន្លែង​ច្រក​ទឹក ក៏ដូចជា​ទីតាំង​ផលិត​ជាដើម សុទ្ធ​តែមាន​បញ្ហា​អនាម័យ​ទាំងអស់​។​

ក្រុមហ៊ុន​ផលិត​ទឹកបរិសុទ្ធ ដែល​រង​ការរិះគន់​ខាងលើនេះ មាន​យីហោ​ទឹក​ពិសា​រិទ្ធី មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​អញ្ចាញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង​។ ប្រជាពលរដ្ឋ​ក្រុង​បាត់ដំបង បាន​បញ្ជាក់ថា មាន​ក្រុមហ៊ុន​ផលិត​ទឹក​សុទ្ធ​ជាច្រើន​ទៀត​នៅក្នុង​ក្រុង​បាត់ដំបង ក៏មាន​បញ្ហា​ដូច​ក្រុមហ៊ុន​ឈ្មោះ​រិទ្ធី ផងដែរ ប៉ុន្តែ​មន្ត្រី​ជំនាញ​មិនដែល​ចុះ​ត្រួតពិនិត្យ​តាម​លក្ខណៈ​បច្ចេកទេស​នោះទេ ហើយ​មន្ត្រី​ជំនាញ​ទាំងនោះ​ថែមទាំង​រង​ការរិះគន់​ថា​បាន​យកលុយ​ពី​ម្ចាស់​អាជីវកម្ម​ទៅវិញ​។​

ប្រជា​ពល​ដ្ឋ​ក្រុង​បាត់ដំបង​បាន​រិះគន់ថា បញ្ហា​នៅក្នុង​ក្រុង​បាត់ដំបង​មាន​ច្រើន​ករណី តែ​មន្ត្រី​ជំនាញ​មិ​បាន​យកចិត្តទុកដាក់​ដោះស្រាយ​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​នោះទេ​។ ជាក់ស្តែង​ករណី​ផលិតផល​គ្មាន​គុណភាព​បានដាក់​លក់​នៅលើ​ទីផ្សារ​ជា​បន្តបន្ទាប់ តែ​បែរជា​មន្ត្រី​ជំនាញ​ធ្វើ​ព្រងើយ​ដែល​បញ្ហា​នេះ​បាន​បង្ក​ផលប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ​ប្រជាពលរដ្ឋ​ក្រុង​បាត់ដំបង​បាន​សំណូមពរ​អាជ្ញាធរខេត្ត​បាត់ដំបង ជំរុញ​ឲ្យ​អង្គភាព​ជំនាញ​នៅក្នុង​ខេត្ត​បំពេញការងារ​របស់ខ្លួន​ឲ្យ​បាន​ឆាប់ និង​មាន​ប្រសិទ្ធភាព ដើម្បី​ធានា​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ដោយសារតែ​ការគ្រប់គ្រង​ដឹកនាំ​មិនល្អ​នេះ បានជា​នៅ​ក្រុង​បាត់ដំបង​មាន​ផលិតផល​ជាច្រើន​ត្រូវបាន​នាំចូល​ពី​ប្រទេស​សៀម ហើយ​ពេល​ពលរដ្ឋ​មាន​ជម្ងឺ​ក៏​តែងតែ​ទៅ​ព្យាបាល​នៅ​ប្រទេស​សៀម​ផងដែរ​៕

a0f7c7f7-2dd6-4c66-95bb-23769fbee4ab