រថយន្ត​បោល​បុក​ម៉ូតូ​ពេញទំហឹង ស្លាប់​ម្នាក់ ​និង​របួសធ្ងន់​ម្នាក់ អ្នកបង្ក​គេច​ខ្លួន​បាត់​

រថយន្ត​បោល​បុក​ម៉ូតូ​ពេញទំហឹង ស្លាប់​ម្នាក់ ​និង​របួសធ្ងន់​ម្នាក់ អ្នកបង្ក​គេច​ខ្លួន​បាត់​



ភ្នំពេញ ​៖ យ៉ាងហោចណាស់​ក៏​មាន​មនុស្ស​ម្នាក់​ស្លាប់​ភ្លាមៗ​ នៅ​កន្លែង​កើត​ហេតុ និង​ម្នាក់ទៀត​រង​របួ​ស​ធ្ងន់ ហើយ​ត្រូវ​បាន​គេ​ជួយសង្គ្រោះ​ ដោយ​ដឹក​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ឯកជន​ភ្លាម​ដែរ ក្រោយពី​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ បង្កឡើង​ដោយ​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​ បើក​មក​បុក​ម៉ូតូ​ហុង​ឌ្រី​ម​ សេ​១២៥ យ៉ាង​ពេញទំហឹង​នោះ​។​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ​បាន​កើតមានឡើង ​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​យប់​ទៀបភ្លឺ​ ឆ្លង​ចូល​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៦ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨ ក្នុង​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​រងគ្រោះ​ស្លាប់​ខាងលើ​មាន ឈ្មោះ ប៊ិ ជិម អាយុ​២៤​ឆ្នាំ ស្នាក់នៅ​ភូមិ​ដើម​ពពេល ឃុំ​ដីឥដ្ឋ ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។​

សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មាន​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​ បាន​បើក​ពី​ជើង​ ទៅ​ត្បូង​ តាមផ្លូវ​លេខ​៥៩៨​ ពេលនោះ​ក៏​មាន​ម៉ូតូ​ហុងដា​ឌ្រី​ម​ សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ​ភ្នំពេញ​ 1CJ-2379 ជិះ​ដោយ​បុរស២​នាក់ តាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨​ ក្នុង​ទិ​ស​ដៅ ពី​ត្បូងទៅ​ជើង ស្រាប់តែ​មកដល់​ចំណុច​កើត​ហេតុ ​រថយន្ត​នោះ​បាន​រេ​ចង្កូត​មក​បុក​ចំ​ម៉ូតូ​ពេ​ញ​ទំហឹង ធ្វើ​ឲ្យ​អ្នក​កាន់​ចង្កូត​ម៉ូតូ ហោះ​បោក​នឹង​ថ្នល់ បាក់.ក​ ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ ចំណែក​បុរស​ដែល​អង្គុយ​ពី​ក្រោយ​រង​របួស​ធ្ងន់ ត្រូវ​បាន​អ្នកភូមិ​ហៅ​រថយន្ត​សាមុយ ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យឯកជន​។​ ដោយឡែក​ រថយន្ត​បង្ក​ បាន​បើក​គេចខ្លួន​ទៅ​បាត់ស្រមោល​តែម្តង។​

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​បាន​ទំនាក់ទំនង​ទៅកាន់​ក្រុម​គ្រួសារ ដើម្បី​ឲ្យ​មក​ទទួលយក​សព​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ​ចំណែក​ម៉ូតូ​វិញ​សមត្ថកិច្ច​យក​ទៅ​រក្សាទុក​ នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ដើម្បី​រង់​ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក​វិញ​៕

រថយន្ត​បោល​បុក​ម៉ូតូ​ពេញទំហឹង ស្លាប់​ម្នាក់ ​និង​របួសធ្ងន់​ម្នាក់ អ្នកបង្ក​គេច​ខ្លួន​បាត់​