ថវិកា​ចំនួន​១​ម៉ឺន​ដុល្លារ ​បាន​មក​ពី​បុណ្យ​សព​ ត្រូវ​បានបរិច្ចាក​ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ

ថវិកា​ចំនួន​១​ម៉ឺន​ដុល្លារ ​បាន​មក​ពី​បុណ្យ​សព​ ត្រូវ​បានបរិច្ចាក​ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ



សៀមរាប ៖ ខណៈ​ដែល​មន្ទីរពេទ្យ​កុមារ​អង្គរ​ កំពុងតែ​អំពាវនាវ​ ឲ្យ​សប្បុរសជន​ជួយ​គាំទ្រ ដើម្បី​ឲ្យ​មន្ទីរពេទ្យ​មានលទ្ធភាព​ជួយសង្គ្រោះ​ អាយុជីវិត​កុមារ​កម្ពុជា​ បន្ត​ទៅ​ទៀត​នោះ ​នៅ​ព្រឹក​ថ្ងៃទី​២៥​ខែឧសភា​នេះ ​ក្រុម​គ្រួសា​របស់​លោក តាំង ប៊ុន​ចេង និង​ឧបាសិកា ង៉ោ ហ៊ាង លោក ទៀង សារ៉ាត់ និង​លោកស្រី​ លេន ​វណ្ណា ​ជា​សប្បុរសជន​នៅ​ខេត្ត​សៀមរាប​ បាន​នាំ​យក​ថវិកា​ចំនួន​ ១​ម៉ឺន​ដុលា្លរ​ ដែល​បាន​មកពី​ការ​ធ្វើ​បុណ្យ​សព​ឧបាសិកា​ ហ៊ួន ឡាយ​ ទៅ​ប្រគល់​ជូន​ដល់​មន្ទីរពេទ្យ​កុមារ​ ដើម្បី​សម្រាប់​យក​ទៅ​ទ្រទ្រង់​ ដល់​សកម្មភាព​ជួយសង្គ្រោះ​ អាយុជីវិត​កុមារ​កម្ពុជា​ ដែល​ភាគច្រើន​ជា​កូន​អ្នកក្រីក្រ​មកពី​តំបន់​ជនបទ។

លោក តាំង ប៊ុន ​ចេង បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ពិធី​បុណ្យ​សព​ឧបាសិកា ហ៊ួ​ន ឡាយ គឺ​ប្រមូល​បាន​ថវិកា​ចំនួន​ ៤​ម៉ឺន​ដុល្លារ ហើយ​ដោយសារតែ​ថវិកា​ទាំងនេះ​ បាន​មក​ដោយសារ​ពិធីបុណ្យ ​ក្រុម​គ្រួសា​របស់​លោក​ក៏​បាន​សម្រេច​ យក​មក​ធ្វើ​សកម្មភាព​មនុស្សធម៌​ ក្នុង​នោះ ​ផ្តល់​ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ​១​ម៉ឺន​ដុល្លារ​ មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​ ចំនួន១​ម៉ឺន​ដុល្លារ​ និង​១៨០០​ដុល្លារ​ទៀត ​យក​ទៅជួយ​ដល់​សាលា​នានា​ដែល​មាន​ការ​ខ្វះខាត​។

លោក​ តាំង ​ប៊ុន​ចេង បាន​អំពាវនាវ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ ចូលរួម​គាំទ្រ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ ដើម្បី​ឲ្យ​មន្ទីរពេទ្យ​មានលទ្ធភាព​ជួយសង្គ្រោះ​ អាយុជីវិត​កុមារ​កម្ពុជា​បន្ត​ទៅទៀត​។ សូមបញ្ជាក់ថា​នៅក្នុង​ខេត្ត​សៀមរាប​ មាន​មន្ទីរពេទ្យ​កុមារ​ចំនួន​ពីរ ​បាន​កំពុងតែ​ធ្វើ​សកម្មភាព ​ជួយសង្គ្រោះ​អាយុជីវិត​កុមារ​កម្ពុជា​ ក្នុង​នោះ ​មាន​មន្ទីរពេទ្យ​កុមារ​អង្គរ និង​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​  ដែល​មន្ទីរពេទ្យ​ទាំងពីរ​នេះ​បាន​ជួយ​ព្យាបាល និង​ពិនិត្យ​ជំងឺ​ជូន​កុមារ​ដោយ​ឥតគិត​ថ្លៃ​។

ដោយឡែក​សម្រាប់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​បច្ចុប្បន្ន​នេះ ​ក្នុង​មួយ​ថ្ងៃៗ​មាន​កុមារ​ចន្លោះ​ពី ​៥០០​ទៅ​៦០០​នាក់​ បាន​មក​ទទួល​សេវា​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​មួយ​នេះ និង​មាន​ប្រមាណ​១០០​នាក់​បាន​សម្រាក​ព្យាបាល​ជំងឺ​។ ហើយ​បច្ចុប្បន្ន​នេះ​មន្ទីរពេទ្យ​កុមារ​អង្គរ​កំពុង​ជួប​ការ​ខ្វះខាត​ថវិកា​ សម្រាប់​ជួយ​សង្គ្រោះ​កុមារ៕

ថវិកា​ចំនួន​១​ម៉ឺន​ដុល្លារ ​បាន​មក​ពី​បុណ្យ​សព​ ត្រូវ​បានបរិច្ចាក​ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ

ថវិកា​ចំនួន​១​ម៉ឺន​ដុល្លារ ​បាន​មក​ពី​បុណ្យ​សព​ ត្រូវ​បានបរិច្ចាក​ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ