អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ចុះ​ពិនិត្យ​កុង​ទ័​រ​ភ្លើង​ដែល​សង្ស័យ​ដើរ​លឿន

ខេត្តកំពង់ឆ្នាំង ៖ យោង​តាម​សំណើរ​របស់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​កំពង់ឆ្នាំង ចំនួន​៣​គ្រួសារ​ដែល​បាន​ប្តឹង​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា មក​ពិនិត្យ​មើល​កុង​ទ័​រ​របស់​ពួក​គាត់​ដែល​សង្ស័យ​ថា ដើរ​លឿន​ខុស​ប្រក្រតី ទើប​នៅ​រសៀល​ថ្ងៃ​ទី​២៥ ឧសភា ២០១៦ អាជ្ញាធរ​អគ្គិសនី​បាន​ចុះ​មក​ប្រជុំ​ដោះស្រាយ និង​ពិនិត្យ​វាស់​កុង​ទ័​រ​របស់​ពួក​គាត់ ដើម្បី​បញ្ចប់​ភាព​មន្ទិល​សង្ស័យ​ដែល​ចោទ​ក្រុមហ៊ុន​អគ្គិសនី​ថា ធ្វើ​ឱ្យ​កុង​ទ័​រ​ដើរ​លឿន​។ ពិធី​ដោះស្រាយ​វិវាទ​នេះ បាន​ធ្វើ​ឡើង​នៅ​សាលាក្រុង​កំពង់ឆ្នាំង ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​អាជ្ញាធរ​ក្រុង ចៅសង្កាត់​ទាំង​៤ ក្នុង​ក្រុង រួម​ទាំង​អ្នក​សារព័ត៌មាន​ជា​ច្រើន​រូប​ទៀត ។

លោក ហាក់ សិរ​ណៈ ជា​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា កន្លង​មក​កុង​ទ័​រ​របស់​លោក​បាន​ដើរ​លឿន​ខុស​ប្រក្រតី ហើយ​លោក​បាន Comment ទៅ​សម្តេច​ឱ្យ​ជួយ ព្រោះ​សម្តេច​ធ្លាប់​បាន​ប្រាប់​តាម​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​ថា បើ​ប្រជាពលរដ្ឋ​ណា​មាន​កង្វល់ សូម Comment ទៅ​សម្តេច ។ ប៉ុន្តែ​ពេល​គាត់ Comment ស្រាប់តែ​ក្រុមហ៊ុន​អគ្គិសនី​បាន​ផ្តាច់​ភ្លើង​របស់​លោក ។ បញ្ហា​មួយទៀត លោក​ឆ្ងល់​ថា តើ​ភ្លើងអគ្គិសនី​ដាច់​ភ្លឺ​ៗ ភ្លឹបភ្លែត​ៗ តើ​កុង​ទ័​រ​ដើរ​លឿន​ដែរ​ឬទេ0x017d7 មួយទៀត តើ​ភ្លើង​ពេល​យប់​បាន​ឡើង​ពី​២២០ ទៅ​២៤០ តើ​កុង​ទ័​រ​ដើរ​លឿន​ដែរ​ឬទេ0x017d7 ចំណែក​ធុង​ដាក់កុង​ទ័​រ សុំ​ឱ្យ​ដូរ​ដាក់​មាន​កញ្ចក់​សម្រាប់​ម្ចាស់​ប្រើប្រាស់​បាន​មើល​ផង​។  ចំណែក​លោក លី សុភា បាន​និយាយ​ថា លោក​ចង់​ដឹង​កុង​ទ័​រ​របស់​លោក​មានការ​ប្រែប្រួល​ខ្លាំង​ម្ល៉េះ ឡើង​ពី​១៦០​គីឡូ​ដល់ ៥០០​គីឡូ  ស្នើ​សុំ​ឱ្យ​ជួយ​ពិនិត្យ​ផង​។

លោក យឹ​ម ពិសិដ្ឋ នាយក​បញ្ញត្តិ​កម្ម​សេវា​ផ្គត់ផ្គង់​នៃ​អាជ្ញាធរ​អគ្គិសនី បាន​ថ្លែង​ថា កន្លង​មក អាជ្ញាធរ​អគ្គិសនី​បាន​ជូនដំណឹង​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ជម្រាប​ជូន​ប្រពល​រដ្ឋ​ឱ្យ​ពួក​គាត់​ដែល​មានការ​សង្ស័យ​ថា កុង​ទ័​រ​ភ្លើង​ដើរ​លឿន​ខុស​ប្រក្រតី ចុះ​ឈ្មោះ​មក​អាជ្ញាធរ នឹង​ចុះ​មក​ពិនិត្យ​កុង​ទ័​រ​ជូន​ដោយ​មិន​គិតថ្លៃ​ទេ តែ​មក​ដល់​ពេល​នេះ មាន​ប្រជាពលរដ្ឋ​តែ​៣​គ្រួសារ​ប៉ុណ្ណោះ ដែល​បាន​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​អគ្គិសនី​ចុះ​មក​ពិនិត្យ​កុង​ទ័​រ ។ ទោះ​យ៉ាងនេះ​ក្តី អាជ្ញាធរ​អគ្គិសនី​នៅ​តែ​ស្នើ​សុំ​ឱ្យ​ប្រជាពលរដ្ឋ បើ​មាន​បញ្ហា​សង្ស័យ​លើ​កុង​ទ​រ័ ចុះ​ឈ្មោះ​ដាក់​ពាក្យសុំ​មក​អាជ្ញាធរ​អគ្គិសនី និង​មក​ពិនិត្យ​ជូន​។ ចំណែក​រឿង​ភ្លើង​ដាច់​ភ្លឺ​ៗ គឺ​មិន​បណ្តាល​ឱ្យ​កុង​ដើរ​លឿន​ទេ តែ​រឿង​កម្លាំង​ភ្លើង​ឡើង​ពី​២២០​ទៅ​២៤០​វ៉ុល គឺ​សូម​ប្រាប់​ថា កុង​ទ័​រ​ពិតជា​ដើរ​លឿន​មែន តែ​វា​ស្ថិត​ក្នុង​កំរិត​ច្បាប់​អាជ្ញាធរ​អគ្គិសនី​កំណត់​ឱ្យ ដែល​ស្ថិត​ក្នុង​គម្លាត​ពី​២០៧​វ៉ុល​ទៅ​២៥៣​វ៉ុល ។

ក្រោយ​ពី​ការ​ប្រជុំ​ជជែក​គ្នា​មក អាជ្ញាធរ​អគ្គិសនី​បានឱ្យ​ដោះ​កុង​ទ័​រ​របស់​ម្ចាស់​ទាំង​៣ មាន ១-​ឈ្មោះ ហាក់ សិរ​ណៈ ២-​ឈ្មោះ ឆាយ លា​ភា និង​៣-​ឈ្មោះ លី សុភា ដើម្បី​យក​មក​វាស់​ថ្លឹង រក​ខុស​ត្រូវ ។ ក្រោយ​ពេលធ្វើការ​វាស់​របស់​អាជ្ញាធរ​អគ្គិសនី បានដឹង​ថា កុង​ទ័​រ​របស់​ម្ចាស់​ទាំង​៣ គឺ​ត្រឹមត្រូវ​គ្មាន​ការ​ដើរ​លឿន​នោះ​ទេ ។