បណ្ដាំ​ចុង​ក្រោយ​មុន​ពេល​​ចង​.​ក​សម្លាប់​ខ្លួន

ខេត្តកោះកុង ៖ យុវជន​នៅ​លីវ​ម្នាក់​ត្រូវ​បាន​ពូ​បង្កើត​របស់​ខ្លួន​ប្រទះ​ឃើញ​ចងក​សម្លាប់​ខ្លួន​នៅ​នឹង​ដើម​ស្វាយ​មុខ​ផ្ទះ​នៅ​ភូមិ​បឹង​ឃុន​ឆាង សង្កាត់​ស្មាច់​មាន​ជ័យ ក្រុង​ខេមរៈភូមិន្ទ ខេត្តកោះកុង​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៦ ។

តាម​ការ​រៀបរាប់​របស់​ម្ចាស់ផ្ទះ​ត្រូវជា​ពូ​របស់​ជន​រង​គ្រោះ បាន​ប្រាប់​សមត្ថកិច្ច​ថា ក្មួយ​របស់​គាត់​ដែល​ចងក​សម្លាប់​ខ្លួន​នេះ​ឈ្មោះ យួ​ង សំ​និ​ត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់ ។ គាត់​បញ្ជាក់​ទៀត​ថា កាលពី​ព្រលប់​ជន​រង​គ្រោះ​បាន​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​ក្នុងភូមិ​រហូត​ដល់​ម៉ោង​៤​ជិត​ភ្លឺ លុះដល់​ព្រឹក​ឡើង​ក៏​ឃើញ​ចងក​នៅ​មុខ​ផ្ទះ​ស្លាប់​បាត់​តែ​ម្តង ។

ពូ​របស់​ជន​រង​គ្រោះ​បាន​រៀបរាប់​ទៀត​ថា រូប​គាត់​មិនដឹង​ពី​មូលហេតុ​នៃ​ការ​សម្លាប់​ខ្លួន​របស់​ក្មួយ​គាត់​ឡើយ ប៉ុន្តែ​គាត់​បាន​ប្រទះ​ឃើញ​លិខិត​បណ្ដាំ​ដែល​ក្មួយ​សរសេរ​ទុក​ថា ខ្លួន​មាន​ជំពាក់​ប្រាក់​គេ​ចំនួន​៨​ម៉ឺន​រៀល និង​មាស​៥​ហ៊ុន ។

យោង​តាម​លិខិត​បណ្ដាំ​នេះ សមត្ថកិច្ច​បាន​ធ្វើការ​សន្និដ្ឋាន​ជំហាន​ដំបូង​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ចងក​សម្លាប់​ខ្លួន​ពិតប្រាកដ​មែន ៕