ស្ត្រី​អ្នក​បើក​យន្តហោះ​អ៊ុយ​ក្រែ​ន​ដោះ​លែង​ជា​ថ្នូរ​នឹង​អ្នកទោស​រុ​ស្ស៊ី​2​នាក់

ការ​ផ្លាស់​ប្តូរ​អ្នកទោស​គ្នា​ធ្វើ​ឡើង​តាម​រយៈ​ផ្លូវអាកាស ដែល​ពួក​អ្នកទោស​ប្តូរ​គ្នា​ចាកចេញ​តាម​យន្តហោះ​ស្ទើរ​ដំណាលគ្នា​កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ឧសភា ។

យន្តហោះ​២​គ្រឿង មួយ​គ្រឿង​ដឹក​ស្ត្រី​អ្នក​បើក​យន្តហោះ​អ៊ុយ​ក្រែ​ន នាង NADEJDA SAVTCHENKO ដែល​ជាប់​ឃុំឃាំង​នៅ​រុ​ស្ស៊ី រួច​យន្តហោះ​មួយ​គ្រឿង​ទៀត​ដឹក​លោក EVGUENI EROFEIEV និង​លោក ALEXANDRE ALEXANDROV អ្នកទោស​រុ​ស្ស៊ី​២​នាក់ ដែល​ចាប់ខ្លួន​នៅ​អ៊ុយ​ក្រែ​ន ។ យន្តហោះ​ទាំង​២​នេះ​ហោះ​បញ្ច្រាស​គ្នា​កាត់​ពីលើ​ព្រំដែន​នៃ​ប្រទេស​ទាំង​២ ។

អ្នកទោស​រុ​ស្ស៊ី​២​នាក់​ដែល​ដោះ​ដូរ​គ្នា​បាន​ជិះ​យន្តហោះ​ធុន ANTONOV 148 មួយ​គ្រឿង​ទៅ​ចុះ​នៅ​ព្រ​លាន​យន្តហោះ VNOUKOVO ក្រុង​មូ​ស្គូ ។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ ក្បួន​រថយន្ត​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​ប៉េ​ត្រូ ប៉ូ​រ៉ូ ឆេ​ន​កូ បាន​បើក​ឆ្ពោះ​មក​កាន់​ព្រ​លាន​យន្តហោះ BORISPOL ក្រុង​គៀវ ដើម្បី​ទទួល​ស្ត្រី​អ្នក​បើក​យន្តហោះ ដែល​ជិះ​យន្តហោះ​ប្រធានាធិបតី​មួយ​គ្រឿង ដោយ​នាង​ក្លាយ​បន្ទាប់​ពី​ជាប់​ឃុំឃាំង​រយៈពេល​៧០៦​ថ្ងៃ នៅ​ក្នុង​ពន្ធនាគារ​រុ​ស្ស៊ី​ជា​វីរនារី​មួយ​រូប​របស់​ប្រទេស ។

ការ​ដោះ​ដូរ​គ្នា​នេះ​ក្លាយជា​ការ​ពិត បន្ទាប់​ពី​ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន និង​សម​ភាគី​អ៊ុយ​ក្រែ​ន​បាន​ប្រកាស​លើកលែងទោស​ពួក​អ្នកទោស​ទៅ​វិញ​ទៅ​មក ។ ក្រោយ​ការ​ចរចា​គ្នា​រយៈពេល​ជា​ច្រើន​ស​ប្តា​ហ៍ កិច្ចព្រមព្រៀង​ត្រូវ​បាន​ចុះហត្ថលេខា​ក្នុង​ឱកាស​នៃ​ការ​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​២៤ ឧសភា រវាង​ប្រធានាធិបតី​រុ​ស្ស៊ី អ៊ុយ​ក្រែ​ន បារាំង និង​អា​ល្លឺ​ម៉​ង់ ដែល​សុទ្ធ​ជា​អ្នក​ជួយ​ជ្រោមជ្រែង​ឱ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​នៅ​អ៊ុយ​ក្រែ​ន​ហៅ​កិច្ចព្រមព្រៀង​ទីក្រុង​មីន​ស្ក៍ ៕