ព្រឹត្តិការណ៍​កីឡា​សំខាន់់​2​លេចឡើង​ព្រម​គ្នា​នៅ​ចុង​ស​ប្ដា​ហ៍​នេះ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ចុង​ស​ប្ដា​ហ៍​នេះ ព្រឹត្តិការណ៍​កីឡា​ធំ​២ ត្រូវ​គេ​កត់​សម្គាល់ថា នឹង​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នក​ទស្សនា​ដូច​គ្នា ដោយ​ថ្ងៃ​សៅរ៍​ទី​២៨ ឧសភា ខានស្អែក កីឡាករ​កម្ពុជា អ៊ុំ ចំរើន និង​កីឡាករ​មក​ពី​បាងកក​គឺ Super Chhai នឹង​ត្រូវ​ប៉ះ​គ្នា​ដណ្ដើម​ពាន​ជើងឯក​នៅ​សង្វៀន​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ ។ ដោយឡែក​នៅ​ល្ងាច​ថ្ងៃអាទិត្យ​ទី​២៩ ឧសភា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ឯណោះ​វិញ ក៏​មានការ​ប្រកួត​បាល់ទាត់​ដ៏​កក្រើក​រវាង​ក្រុម​កម្ពុជា និង​ក្រុម​ប្រទេស​ទី​ម័​រ​ខាងកើត ដែល​ត្រូវ​គេ​ជឿជាក់​ថា នឹង​មាន​អ្នក​ចាំ​ទស្សនា​កុះករ​ផង​ដែរ ។

សម្រាប់​ព្រឹត្តិការណ៍​ទី​១ គឺជា​ការ​ប្រកួត​ដណ្ដើម​ជើងឯក​ដែល​ត្រូវ​គេ​ប៉ាន់​ស្មានថា នឹង​ទាក់ទាញ​អ្នក​ស្នេហា​កីឡាប្រដាល់​មិន​តិច​នោះ​ទេ នៅ​លើ​សង្វៀន​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​ត្រើយ​ខាងកើត​ជ្រោយចង្វា ។ កីឡាករ អ៊ុំ ចំរើន ដែល​ជា​ជើង​ខ្លាំង​របស់​កម្ពុជា នឹង​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ Super Chhai ដែល​ជា​ជើង​ខ្លាំង​តំណាង​ឱ្យ​ថៃ ។ អ្នក​ទាំង​ពីរ​ឈាន​ឡើង​វគ្គ​ចុង​ក្រោយ​នៅ​ថ្ងៃខានស្អែក​នេះ បន្ទាប់​ពី​ឈ្នះ​ជើង​ខ្លាំង​រៀងខ្លួន​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​ក្នុង​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​កន្លង​មក ។ ការ​ប្រកួត​នេះ នឹង​ចាប់ផ្ដើម​ឡើង​នៅ​ម៉ោង​៥​ល្ងាច គឺ​មុន​មួយ​ថ្ងៃ​ការ​ប្រកួត​បាល់ទាត់​ដ៏​សំខាន់​របស់​ក្រុម​កម្ពុជា​នៅ​ស្ដា​ត​អូ​ឡាំ​ពិ​ក​ដែល​ត្រូវ​ប្រព្រឹត្ត​ឡើង​។ អ៊ីចឹង​ហើយ ទើប​ការ​ប្រដាល់​ក្នុង​វគ្គ​ដណ្ដើម​ជើងឯក​មួយ​នេះ ក៏​នឹង​ធ្វើ​ឱ្យ​មាន​អ្នក​ទស្សនា​កកកុញ​មិន​ខុស​គ្នា​ផង​ដែរ ដោយសារ​តែ​មនុស្ស​កាន់តែ​ច្រើន​ចង់​ដឹង​ថា ជើង​ខ្លាំង​ទាំង​ពីរ​សញ្ជាតិ​អ្នក​ណា​ក្លាយជា​ម្ចាស់​ពាន​របស់​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ ។

ការ​ប្រកួត​សម្រាប់​ព្រឹត្តិការណ៍​នេះ កើតឡើង​៣​លើក​មក​ហើយ ដោយ​លើក​ទី​១​កីឡាករ​ថៃ​កាន់​ពាន លើក​ទី​២​កីឡាករ​កម្ពុជា​ជា​អ្នក​កាន់​ពាន និង​លើក​ទី​៣​នេះ ស្ថិត​ក្នុង​ការ​ប្រទាញប្រទង់​រវាង​កីឡាករ​កម្ពុជា និង​ថៃ ដែល​សុទ្ធតែ​មានឱកាស​ធ្វើ​ជា​ម្ចាស់​ជើងឯក​ដូច​គ្នា ។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​នៅ​ប៉ុស្ដិ៍​លេខ​៥​បាន​អះអាង​ថា ផ្អែក​តាម​ការ​ប្រកួត កីឡាករ អ៊ុំ ចំរើន និង​Super Chhai​នឹង​ធ្វើ​ឱ្យ​កក្រើក​សង្វៀន​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ ដោយ​លោក​រំពឹង​យ៉ាងច្រើន​ថា ការ​ប្រកួត​ចុង​ក្រោយ​រវាង​កីឡាករ​ទាំង​ពីរ​នឹង​មាន​អ្នក​ទស្សនា​កកកុញ​មិន​អន់​ជាង​ការ​ប្រកួត​បាល់ទាត់​រវាង​ក្រុម​កម្ពុជា និង​ទី​ម័​រ​ខាង​កើត​​នៅ​ថ្ងៃអាទិត្យ​នោះ​ទេ ដោយសារ​តែ​ការ​ប្រកួត​របស់​ខ្លួន​មិន​ត្រូវ​ជាន់​ថ្ងៃ​ជាមួយ​ការ​ប្រកួត​បាល់ទាត់ ជា​ការ​ប្រកួត​ដោយ​សេរី​មិន​មានការ​ទិញ​សំបុត្រ និង​ជា​ការ​ប្រកួត​រវាង​កីឡាករ​ល្បីឈ្មោះ​នៅ​ក្នុង​ពិភព​ប្រដាល់​កម្ពុជា និង​ថៃ ដែល​អ្នក​ណា​ក៏​ចង់​តាមដាន ។ លោក​ថា សម្រាប់​អ្នក​ស្នេហា​វិស័យ​ប្រដាល់​នឹង​បង្ហាញខ្លួន​កកកុញ​សម្រាប់​ការ​ប្រកួត​មួយ​នេះ​នៅ​សាល​កីឡា​Tiffy Arena ជ្រោយចង្វា ជា​ពិសេស​សម្រាប់​អ្នកគាំទ្រ​កីឡាករ អ៊ុំ ចំរើន និង​Super Chhai ដែល​ចង់​ដឹង​ថា​អ្នក​ណា​នឹង​បាន​កាន់​ពាន​ជើងឯក ។

លោក​ថា ក្នុង​វគ្គ​ប្រកួត​ពូ​ល កីឡាករ​ទាំង​ពីរ​ធ្លាប់​បាន​ប៉ះ​គ្នា​ម្ដង​ហើយ ដោយ​ក្នុង​ពេល​នោះ កីឡាករ​កម្ពុជា​បាន​ឈ្នះ​ពិន្ទុ​កីឡាករ​Super Chhai ប៉ុន្តែ​មិន​ទាន់​ប្រាកដ​ថា​ ការ​ប្រកួត​ដែល​នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃខានស្អែក នឹង​មាន​លទ្ធផល​ដដែល ឬ​ត្រូវ​កែប្រែ​នោះ​ឡើយ ។ លោក​ថា កីឡាករ​ម្ខាង​ៗ​សុទ្ធតែ​បាន​ត្រៀម​ទុក​រៀងខ្លួន ដោយសារ​តែ​កីឡា​ករ អ៊ុំ ចំរើន ក៏​ចង់បាន​ពាន​ជើងឯក ហើយ​កីឡាករ​ថៃ Super Chhai ក៏​ចង់បាន​ពាន​ជើងឯក​ដូច​គ្នា ។

សម្រាប់​ព្រឹត្តិការណ៍​សំខាន់​ទី​២​ដែល​នឹង​កើតឡើង​នៅ​ចុង​ស​ប្ដា​ហ៍​នេះ​ដូច​គ្នា គឺ​មានការ​ដឹង​ឮ​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស​តែ​ម្ដង ដោយ​មាន​អ្នក​ស្នេហា​វិស័យ​កីឡាបាល់ទាត់​ចាប់​អារម្មណ៍​​យ៉ាង​ខ្លាំង ។ នោះ​គឺ​ការ​ប្រកួត​បាល់ទាត់​រវាង​ក្រុម​ជម្រើសជាតិ​ឈុត​ធំ​កម្ពុជា និង​ទី​ម័​រ​ខាងកើត​នៅ​ល្ងាច​ថ្ងៃអាទិត្យ​ទី​២៩ ឧសភា នេះ ។ ការ​ប្រកួត​របស់​ក្រុម​នេះ ត្រូវ​គេ​រំពឹង​ថា​ នឹង​មាន​អ្នក​ទស្សនា​ច្រើន​ជាង​៥​ម៉ឺន​នាក់ ដោយ​ខាង​សហព័ន្ធ​បាល់ទាត់​ក៏​ត្រៀម​សំបុត្រ​រហូត​ដល់​រាប់​ម៉ឺន​សន្លឹក ដើម្បី​ដាក់​លក់​ផង​ដែរ ។ បើ​ទោះជា​ការ​ប្រកួត​ចាញ់​ឈ្នះ​គ្រាន់តែ​ដើម្បី​មិត្តភាព ក៏​អ្នក​ស្នេហា​វិស័យ​បាល់ទាត់​ស្ទើរ​មិន​សល់​ម្នាក់​នោះ​ទេ ដែល​ចង់ទៅ​ទស្សនាការ​ប្រកួត​ដើម្បី​ដឹង​ថា​កីឡាករ​របស់​ក្រុម​កម្ពុជា និង​កីឡាករ​របស់​ក្រុម​ទី​ម័​រ​ខាងកើត តើ​ក្រុម​ណា​នឹង​ឈ្នះ ។

ការ​ប្រកួត​ដែល​នឹង​ចាប់ផ្ដើម​នៅ​ល្ងាច​ថ្ងៃអាទិត្យ​នេះ ត្រូវ​គេ​អះអាង​ថា ​មាន​ជនបរទេស​បាន​កក់​ទិញ​សំបុត្រ​មក​ទស្សនា​យ៉ាងច្រើន ក្នុង​នោះ​ជនជាតិ​នៅ​ក្នុង​តំបន់​អាស៊ាន​ក៏​ច្រើន​​ណាស់​ដែរ ​ដើម្បី​គាំទ្រ​ដល់​ក្រុម​ទាំង​ពីរ ។ នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ ក៏​មានការ​រាំ​បទ​ញី​កែងជើង ដែល​បកស្រាយ​ដោយ​ផ្ទាល់​ពី​សំណាក់​អ្នក​នាង​ពេជ្រ សោភា និង​លោក
ដេ​វីត​ផង​ដែរ ទើប​ធ្វើ​ឱ្យ​គេ​ចាប់អារម្មណ៍​ថា នោះ​ជា​ព្រឹត្តិការណ៍​ធំ​ដែល​កាន់តែ​កន្ត្រាក់​អារម្មណ៍​អ្នក​ស្នេហា​វិស័យ​បាល់ទាត់​ឱ្យ​ចង់​ទស្សនា ។ មានការ​ប្រកាស​ថា កីឡាករ​កម្ពុជា​​នឹង​ទទួល​បានការ​លើកទឹកចិត្ត​ពិសេស បើ​អាច​យកឈ្នះ​លើ​ក្រុម​ទី​ម័​រ​ខាងកើត​បាន ហើយ​តាម​ទម្រង់​លេង​របស់​ក្រុម​ទី​ម័​រ បើ​ទោះជា​មានការ​រីក​ចម្រើន ក៏​មិន​ប្រាកដ​ថា​នឹង​មាន​លទ្ធផល​ល្អ​ត្រឡប់​ទៅ​វិញ​នោះ​ដែរ ដោយសារ​តែ​ការ​ប៉ះ​គ្នា​លើក​មុន​កម្ពុជា​ធ្លាប់​លត់​ក្រុម​នេះ​៣-២​ម្ដង​ហើយ ៕