ចាន់ គង់​រាជ និង​ហែល វ៉ា ត្រៀម​កណ្ដាប់​ដៃស្វា​គម​ក៏​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន​ថ្ងៃ​សៅរ៍​ខាន​ស្អែក​នេះ

រាជធានី​ភ្នំពេញ ៖ ចាន់ គង់​រាជ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ត្រៀម​កណ្ដាប់ដៃ​ស្វាគមន៍​កីឡាករ​ថៃ​ឈ្មោះ វី​ហ្គោ សរ​.​ដាន​ឆ័​យ ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ខណៈ ហែល វ៉ា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ក៏​រង់ចាំ​វាយ​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ យុក​ខាវ សរ​ភ្លើន​ជី​ត ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​ដូច​គ្នា​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​ធី​អិន​ថ្ងៃ​សៅរ៍​ទី​២៨ ឧសភា ខាន​ស្អែក​នេះ​ដែរ ។

ក្នុង​ចំណោម​កីឡាករ​ថៃ​ទាំង​២​រូប​នេះ វី​ហ្គោ សរ​.​ដាន​ឆ័​យ ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ជា​ច្រើន​លើក​រួច​មក​ហើយ ចំណែក​ប្រវត្តិ​ប្រកួត​របស់​គេ​ក៏​មិនធម្មតា​ប៉ុន្មាន​ដែរ ព្រោះ​គេ​ធ្លាប់​ធ្វើ​ឱ្យ​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ចាញ់​នៅ​ក្រោម​កណ្ដាប់ដៃ​ផង​គេ​មិន​តិច​នាក់​ទេ ។ ប៉ុន្តែ​សម្រាប់​ការ​មក​ជួប​ប្រកួត​ជាមួយ ចាន់ គង់​រាជ​លើក​នេះ​នៅ​មិន​ទាន់​ដឹង​ថា យ៉ាង​ណា​នោះ​ទេ​។ ចាន់ គង់​រាជ ធ្លាប់​ប្រកួត​បាន​៤០​ដង ឈ្នះ​២៨​ដង ចាញ់​១០​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​ចំនួន​៧​ដង ។ ចំណែក វី​ហ្គោ សរ​.​ដាន​ឆ័​យ ធ្លាប់​ប្រកួត​បាន​៤៩​ដង ឈ្នះ​៤២​ដង ចាញ់​៧​ដង ក្នុង​នោះ​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៦​ដង​ដែរ ។ កីឡាករ​ថៃ​រូប​នេះ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ចំនួន​៤​លើក ចាញ់​២​លើក ឈ្នះ​២​លើក ប្រកួត​លើក​ចុង​ក្រោយ​កាលពី​ថ្ងៃ​ទី​២៣ មេ​សា ឆ្នាំ​២០១៦ ចាញ់​ពិន្ទុ អាំង សំអាត មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ នៅ​លើ​សង្វៀន​ស៊ី​ធី​អិន ។ ដូច្នេះ​សម្រាប់​ការ​មក​ជួប ចាន់ គង់​រាជ លើក​នេះ​ប្រហែល​មិន​ងាយស្រួល​ទេ ព្រោះ​កីឡាករ​កម្ពុជា​រូប​នេះ​គឺជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយ​រូប​ដែល​មានបទពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​យូរ​ឆ្នាំ​មក​ហើយ។ ផ្លែ​កែង និង​ជង្គង់​របស់​គេ​អាច​ប្រើ​ការ​បាន​យ៉ាង​ស្ទាត់ជំនាញ ឯ​ជំហរ​វាយ​ចេញ​កាន់តែ​រឹង​មាំ​ថែម​ទៀត ។ ដូច្នេះ​បើ​ធ្វើការ​ប្រៀបធៀប​ទៅ​លើ​ប្រវត្តិ​ប្រកួត​គូ​នេះ​អាច​ស៊ីសង​គ្នា​បាន ។

ចំណែក ហែល វ៉ា និង​យុក​ខាវ សរ​ភ្លើន​ជិត វិញ​អត់​មាន​អ្នក​ណា​ហ៊ាន​ទាយ​ទុក​មុន​ពី​លទ្ធផល​ចុង​ក្រោយ​ឡើយ ដោយសារ​តែ​កីឡាករ​ថៃ​រូប​នេះ​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ពី​មុន​មក ។ រីឯ​ប្រវត្តិ​ប្រកួត​វិញ​នោះ​ក៏​មាន​គម្លាត​ឆ្ងាយ​ជាង​គ្នា​បន្តិច​ដែរ ។ ហែល វ៉ា ធ្លាប់​ប្រកួត​បាន​៩៤​ដង ឈ្នះ​៦៦​ដង ចាញ់​២៦​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៤​ដង តែ​មិន​ធ្លាប់​ប្រកួត​ជាមួយ​កីឡាករ​បរទេស​ម្ដងណា​ឡើយ ។ នេះ​គឺជា​លើក​ទី​១​របស់​គេ​ដែល​ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​តម្រូវ​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នោះ ។ ចំណែក​កីឡាករ​ថៃ​រូប​នេះ មាន​ប្រវត្តិ​ប្រកួត​៦៥​ដង​ឈ្នះ​៤៥​ដង ចាញ់​១៨​ដង និង​ស្មើ​២​ដង ។ ទោះបីជា​បែប​នេះ​ក្ដី ហែល វ៉ា ក៏​មិន​ប្រាកដ​ថា អាច​យក​ឈ្នះ​លើ​កីឡាករ​ថៃ​រូប​នេះ​បាន​១០០%​នោះ​ដែរ ។ តាម​ដែល​គេ​ដឹង កីឡាករ​ថៃ​ភាគច្រើន​តែងតែមាន​កម្លាំង​រឹង​មាំ​ជាង​កីឡាករ​កម្ពុជា ។

ចំណែក​គូប្រកួត​មិត្តភាព​ធម្មតា​វិញ​នោះ​មាន ព្រំ វី មក​ពី​ក្លិប​កងពលតូច​អន្តរាគមន៍​លេខ​៨​ភ្នំ​ទ្រព្យ ប្រកួត​ជាមួយ សេក ចាន់​រាជ មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប ។ ផៃ គឹ​ម​ហឿ​ត មក​ពី​ក្លិប​គី​សែ​មាន​រិ​ទ្ធ ប្រកួត​ជាមួយ ផា​ន់ សា​រុន មក​ពី​ក្លិប​គជសារ​កីឡា និង​យ៉​ន ពិសី មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​មាឃ សុ​វ​ណ្ណា​រ៉ា មក​ពី​ក្លិប​រាជសីហ៍​ខេត្ត​រតនៈគីរី ៕