នាង Taylor Swift និងមិត្តភក្តិ ត្រូវគេគំរាមសម្លាប់

អាមេរិក៖ កាលពីពេលថ្មីៗនេះ តារាចម្រៀងស្រីដ៏ល្បីឈ្មោះ មានរូបសម្រស់ស្រស់សោភា នាង Taylor Swift និងមិត្តភក្តិ ដែលជាតារាៗប៉ុន្មាននាក់ទៀត ត្រូវបានជនមិនស្គាល់មុខគំរាមសម្លាប់ នៅលើបណ្តាញអ៊ីនធឺណែត។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ប៉ូលិសកំពុងតែស្វែងរក ជនសង្ស័យ ដែលបានផ្ញើរសារមកកាន់តារាចម្រៀងស្រី សញ្ជាតិអាមេរិកវ័យ ២៦ឆ្នាំ នាង Taylor Swift និងមិត្តភក្តិជិតដិតប៉ុន្មាននាក់ទៀត រួមមាន តារាម៉ូដែលស្រីសញ្ជាតិអាមេរិក វ័យ២១ឆ្នាំ នាង Gigi Hadid និង តារាម៉ូដែលស្រីសញ្ជាតិអង់គ្លេស វ័យ២៣ឆ្នាំ នាង Cara Delevingne ផងដែរ។

ប្រភពដដែលបានឲ្យដឹងថា ជនសង្ស័យរូបនោះ បានផ្ញើរសារមកកាន់ នាង Taylor ថា «ខ្ញុំនឹងសម្លាប់ពួកនាង» និងផ្ញើរសារទៅកាន់ នាង Cara ថា «ខ្ញុំនឹងសម្លាប់ មិត្តភក្តិរបស់នាង ហើយខ្ញុំពិតជាសប្បាយចិត្ត នឹងធ្វើវាខ្លាំងណាស់»។

ជាមួយគ្នានេះដែរ ជនសង្ស័យដែលកំពុង ត្រូវប៉ូលិសវែកមុខនោះ ក៏បានផ្ញើរសារមកកាន់នាង Gigi តាមរយៈបណ្តាញសង្គម Twitter ផងដែរថា «ពួកគេនឹងស្លាប់ៗៗៗៗ!» ទៀតផង។

ជាងនេះទៅទៀត មានប្រភពផ្សេងទៀត បានឲ្យដឹងដែរថា ពួកគេបានលឺអំពីរឿងគំរាមសម្លាប់នេះ ដំបូងពីអ្នកដឹកនាំរឿងសញ្ជាតិអាមេរិក វ័យ៤០ឆ្នាំ លោក Kyle Newman ដែលត្រូវជាប្តីរបស់តារាសម្តែងស្រីសញ្ជាតិអាមេរិក វ័យ៣៧ឆ្នាំ នាង Jaime King ដែលត្រូវជាមិត្តភក្តរបស់នាង Taylor ក្រោយពីនាង Jaime ទទួលបានសារគំរាម ស្រដៀងគ្នានេះ។

លើសពីនេះទៅទៀត តារាម៉ូដែលស្រី សញ្ជាតិអាមេរិក វ័យ៣០ឆ្នាំ នាង Chrissy Teigen ក៏ទទួលបានសារគំរាមដែរ ដោយសរសេរថា «ខ្ញុំប្រហែលជា នឹងសម្លាប់មិត្តភក្តិ របស់អ្នក»។

ទោះបីជាយ៉ាងណាក៏ដោយ ការគំរាមសម្លាប់នេះ មិនមែនជារឿងថ្មី សម្រាប់តារាចម្រៀង វ័យក្មេងរូបស្រស់ នាង Taylor Swift ឡើយ។ កាលពីខែតុលា ឆ្នាំ២០១៤ កន្លងទៅនេះ នាងបានបង្ហើបថា នាងមិនហ៊ានបើកឡានខ្លួនឯង អស់រយៈពេល ៦ឆ្នាំ និងមានអង្គរក្សអមជុំវិញខ្លួន គ្រប់ពេលវេលា ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន របស់នាង។

នាង Taylor បាននិយាយថា «ដោយសារតែ មានបុរសជាច្រើន បានបង្ហាញខ្លួន នៅមុខផ្ទះខ្ញុំ... ផ្ទះម្តាយខ្ញុំ... គំរាមសម្លាប់ខ្ញុំ... គំរាមចាប់ជំរិតខ្ញុំ ឬសុំខ្ញុំរៀបការ ជាដើម»។

គួររំលឹកផងដែរថា កាលពីខែមុននេះ បុរសម្នាក់បានរំខានផ្លូវចិត្ត ដល់នាង Taylor ហើយក៏ត្រូវប៉ូលិសឃាត់ខ្លួននៅក្បែរផ្ទះនាង ក្នុងទីក្រុង New York តែម្តង៕

ប្រភព ៖
Lollipop

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload