តាមពិតទៅ Wallace Huo មិនហ៊ានបញ្ជាក់ ក្តីស្នេហ៍របស់ខ្លួន ចំពោះព្រះនាងចៀវៃ ភ្លាមៗទេ តែបានរបស់ម្យ៉ាងជួយ

តៃវ៉ាន់៖ បន្ទាប់ពីរឿងរ៉ាវទំនាក់ទំនងស្នេហា បូករួមជាមួយនឹងដំណឹងចូលរោងការ នៃតារាសម្តែងដ៏ល្បីទាំង២រូប គឺលោក Wallace Huo និងនាង Ruby Lin ដែលភាគច្រើន ប្រិយមិត្តយើងស្គាល់ថា ព្រះនាងចៀវៃ បានទទួលការចាប់អារម្មណ៍ខ្លាំង ពីសំណាក់មហាជនជាច្រើននោះ នាពេលនេះដំណើរដើមទង ដែលផ្តើមឲ្យមានក្តីស្នេហ៍ របស់ពួកគេទាំង២ ត្រូវបានទម្លាយចេញ ដោយប្រភពរបាយការណ៍មួយ។

យោងតាមប្រភពព័ត៌មាន ដែលបានដកស្រង់ចេញពី ទស្សនាវដ្តី Next Magazine បានឲ្យដឹងថា តាមពិតទៅតារាសម្តែងប្រុសដ៏ល្បី Wallace Huo បានសារភាពស្នេហ៍ របស់ខ្លួនដែលមាន ចំពោះនាង Ruby Lin គឺនៅក្នុងអំឡុងពិធីខួបកំណើត គំរប់វ័យ៤០ឆ្នាំ របស់នាងផ្ទាល់ ហើយគឺនៅចំពេលដែល សត្រូវស្នេហារបស់លោក គឺតារាសម្តែង Jerry Yan ដែលប្រិយមិត្តយើងស្គាល់ថា តោ ម៉ីញសឺ និងជាអ្នកដែលតាមស្រលាញ់ព្រះនាង ចៀវៃ យូរមកហើយដែរនោះ បានចាកចេញពីពិធីជប់លៀងមុន ដោយស្ងប់ស្ងាត់។ 

បើតាមការបញ្ជាក់យ៉ាងល្អិតល្អន់ ពីប្រភពដដែលនោះ បានបង្ហាញឲ្យដឹងថា ក្តីស្នេហ៍របស់ Huo និង Lin គឺចាប់ផ្តើមបើកចំហ នៅយប់នៃថ្ងៃខួបកំណើតរបស់ Lin កាលពីខែមករា កន្លងទៅនេះ ដោយនៅរាត្រីនោះ Lin បានធ្វើការអញ្ជើញភ្ញៀវកិត្តិយសជាច្រើន ដែលក្នុងនោះគេអាច ដឹងបានថា មានដូចជា តារាសម្តែង Yan, ពិធីករប៉ុស្ត៍ទូរទស្សន៍ Pauline Lan, តារាសម្តែងស្រី Chen Mei-fen ព្រមទាំងតារាផ្សេងៗទៀតដូចជា Tiffany Hsu និង Melvin Sia តែក្នុងនោះក៏មាន Jerry Yan ព្រមទាំង Wallace Huo ដែលធ្វើដំណើរពីទីក្រុង ណានជីង មកកាន់តៃប៉ិ ដើម្បីចូលរួមក្នុងពិធីខួបកំណើត មួយនេះផងដែរ។

នៅពេលនោះ Jerry Yan ក៏បានជូនកាដូដ៏តូចមួយទៅឲ្យ Lin ហើយមនុស្សជាច្រើន នៅក្នុងកម្មវិធីនោះ ក៏រំពឹងថា Jerry នឹងអាចសារភាពស្នេហ៍ របស់ខ្លួនជូនចំពោះ Lin ដែរ តែផ្ទុយទៅវិញគេ បែរជាស្ងៀមស្ងាត់ មិននិយាយស្តី ហើយក្រោយមកក៏បាន ចាកចេញពីកម្មវិធីមុនគេទៅទៀត។

ងាកមក Wallace Huo វិញដែលមកដល់ កម្មវិធីហាក់ដូចជាក្រោយគេបន្តិច តែគេក៏មានកាដូ សម្រាប់ជូនដល់ម្ចាស់ខួបកំណើត និងជាអ្នកដែលគេតាមស្រលាញ់ យូរឆ្នាំហើយដែរ ដែលកាដូនោះ ត្រូវបានគេដឹងថា គឺជាកងដៃមួយ។ យ៉ាងណាមិញ Huo ក៏មិនទាន់បាននិយាយ ពាក្យពេជន៍សារភាពស្នេហ៍ ភ្លាមៗនោះដែរ ពោលគឺគេត្រូវបាន មិត្តភក្តិចាប់អូសទៅ ទទួលទានស្រាជាមួយគ្នា ក្នុងកម្រិតយ៉ាងច្រើនគួរសម តែ Huo ហាក់ដូចជាមិនមាន ភាពស្រវឹងអ្វីឡើយ។ មិនយូរប៉ុន្មាន ដោយសារទប់អារម្មណ៍លែងបាន និងដូចជាស្រវឹងបន្តិចផងនោះ Huo ក៏ចាប់ផ្តើមដាច់ចិត្ត សារភាពស្នេហ៍ប្រាប់ Lin ផ្ទាល់មាត់តែម្តង ដែលខណៈពេលនោះ មនុស្សដទៃទៀត ដែលបានឃើញទិដ្ឋភាពបែបនេះ ក៏បាននាំគ្នាចាកចេញ ដើម្បីទុកពេលវេលាផ្ទាល់ខ្លួន សម្រាប់តារាសម្តែងទាំង២នេះ ហើយក្តីស្នេហ៍ដែលមាន ការយល់ព្រមរវាង Huo និង Lin ក៏ចាប់ផ្តើមពេលនោះ តែម្តងទៅ។ 

ជុំវិញរឿងរ៉ាវទាំងនេះ គេអាចនៅចាំសម្តីរបស់ Lin នៅក្នុងកិច្ចសម្ភាសន៍មួយ ដោយនាងបាននិយាយថា “ខ្ញុំឆ្ងល់ណាស់ហេតុអ្វី មនុស្សភាគច្រើន មិនមានភាពក្លាហាន នៅក្នុងសេចក្តីស្នេហាអញ្ចឹង។ ថ្វីបើការងាររបស់ខ្ញុំ ទទួលបានភាពជោគជ័យ យ៉ាងណាក៏ដោយ តែខ្ញុំនៅតែចង់បាន ការមើលថែពីមនុស្សម្នាក់ ហើយខ្ញុំគ្រាន់តែចង់ ធ្វើជាមនុស្សដ៏សាមញ្ញម្នាក់ ប៉ុណ្ណោះ”។

ទាំងនេះគឺជារឿងរ៉ាវស្នេហារបស់តារាសម្តែងទាំង២ ដែលនាពេលនេះពួកគេ ក៏បានបើកចំហជាសាធារណៈផងដែរ ខណៈដែលមានមនុស្សជាច្រើន មានសេចក្តីរីករាយ និងជូនពរចំពោះក្តីស្នេហ៍របស់ពួកគេទាំង២ ផងដែរ៕ 

ប្រភព ៖
lollipop

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload