បណ្ដាញ​សង្គម មិន​មែន​ជាតំបន់​ដែល​គ្មាន​ច្បាប់​គ្រប់​គ្រង​ទេ

សប្ដាហ៍មុន យុវជនយ៉ាងហោចណាស់ពីរនាក់ ត្រូវបានតុលាការចោទប្រកាន់ដោយសារតែសំណេរ ដែលខ្លួនបានសរសេរនៅលើបណ្ដាញសង្គម Facebook។ ជាការពិតហើយថា ការប្រើប្រាស់បណ្ដាញសង្គម គឺជាផ្នែកមួយនៃសេរីភាពបញ្ចេញមតិរបស់មនុស្សគ្រប់គ្នា។ ប៉ុន្តែសេរីភាពនេះ មិនមែនជាសេរីភាពដាច់បង្ហៀរ គ្មានដែនកំណត់នោះទេ។ ច្បាប់ នៅតែមានវិសាលភាពធំល្មម សម្រាប់ដាក់ទោសទណ្ឌចំពោះការប្រើប្រាស់ Facebook លើសដែនកំណត់។ ដូច្នេះ អ្នកដែលប្រើប្រាស់បណ្ដាញសង្គម គួរតែបង្កើនការប្រុងប្រយ័ត្នចំពោះសំណេរនិងការបង្ហោះរូបភាពវីដេអូរបស់ខ្លួន។ ប្រយ័ត្ន ធ្វើម៉េចកុំឲ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃ ដែលអាចនាំទៅដល់រឿងក្ដីក្ដាំ ការផាកពិន័យ ឬអាក្រក់ជាងនេះ គឺគុកច្រវ៉ាក់។

បណ្ដាញ​សង្គម មិន​មែន​ជាតំបន់​ដែល​គ្មាន​ច្បាប់​គ្រប់​គ្រង​ទេ

ចំនួនអ្នកប្រើប្រាស់អ៊ីនធឺណែតនៅកម្ពុជា បានកើនឡើងយ៉ាងគំហុកនៅក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ។ របាយការណ៍របស់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍បង្ហាញថា ចំនួនអ្នកប្រើប្រាស់អ៊ីនធឺណែតនៅកម្ពុជា មានប្រមាណ៥លាននាក់ គិតត្រឹមដើមឆ្នាំ២០១៥។ ចំនួននេះហក់ឡើងប្រមាណ១៦ដង បើធៀបទៅនឹងឆ្នាំ២០១០។

ប្រជាពលរដ្ឋកម្ពុជា ងាកមកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណែត ព្រោះវាមានលក្ខណៈសេរី និងទូលំទូលាយជាងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត ដូចជាវិទ្យុ ទូរទស្សន៍ និងកាសែតជាដើម ដែលភាគច្រើនមានលក្ខណៈលម្អៀងទៅកាន់គណបក្សកាន់អំណាច។ បណ្ដាញសង្គមច្រើនប្រភេទ ជាពិសេសបណ្ដាញសង្គមហ្វេសប៊ុក បានទទួលការនិយមចូលចិត្តយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់អ៊ីនធឺណែត។

បណ្ដាញសង្គម Facebook នេះ បានផ្លាស់ប្ដូរបែបផែនរស់នៅរបស់ប្រជាពលរដ្ឋ និងទំនាក់ទំនងនៅកម្ពុជា។ តាមរយៈ Facebook អ្នកប្រើប្រាស់អាចរក្សាទំនាក់ទំនងជាមួយមិត្តភក្តិ និងក្រុមគ្រួសារ អាចចែកចាយ និងទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស។ Facebook ក៏អាចត្រូវបានប្រើប្រាស់ ដើម្បីផលប្រយោជន៍ផ្នែកពាណិជ្ជកម្ម និងនយោបាយផងដែរ។

ទន្ទឹមគ្នានេះ អ្នកប្រើប្រាស់អ៊ីនធឺណែតមួយចំនួន បានប្រើប្រាស់ Facebook ដើម្បីរិះគន់ ដើម្បីជេរប្រមាថ ឬដើម្បីបរិហារកេរ្តិ៍។ អ្នកខ្លះ ប្រើប្រាស់បណ្ដាញសង្គមដោយអារម្មណ៍ជ្រុលនិយមដោយកំរោល ដោយកំហឹង និងដោយគ្មានក្រមសីលធម៌ បង្កើតឲ្យមានជម្លោះបែកផ្សែងតាមបណ្ដាញសង្គម។ អ្នកខ្លះទៀត បង្ហោះឬចែកចាយព័ត៌មានមិនពិត ដោយមិនបានផ្ទៀងផ្ទាត់ជាមុន បង្កជាភាពចលាចល។ ធ្ងន់ធ្ងរជាងនេះ អ្នកខ្លះថែមទាំងបានបង្ហោះរូបភាពកាត់តអាសអាភាស ឬរូបភាពកាត់តអសីលធម៌ផ្សេងទៀត ដែលធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ កិត្តិយសរបស់អ្នកដទៃ។

សង្កេតតាមរយៈការបញ្ចេញមតិនៅលើបណ្ដាញសង្គមសព្វថ្ងៃនេះ ប្រសិនបើមានអ្នកប្ដឹង មនុស្សមិនតិចនាក់ទេដែលត្រូវប្រឈមមុខនឹងរឿងរ៉ាវក្ដីក្ដាំ ផ្អែកតាមក្រមព្រហ្មទណ្ឌកម្ពុជា។ ទាំងដែលកម្ពុជានៅមិនទាន់មានច្បាប់ស្ដីពីឧក្រិដ្ឋកម្មលើប្រព័ន្ធបច្ចេកវិទ្យា ឬ Cybercrime Law ផង អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន ធ្លាប់បានប្រឈមមុខនឹងការកាត់ទោស ដោយសារតែការបញ្ចេញមតិនៅលើបណ្ដាញសង្គមរួចទៅហើយ។

ជាក់ស្ដែង ក្នុងខែសីហា ឆ្នាំ២០១៥នេះ យុវជនយ៉ាងហោចណាស់ពីរនាក់ ត្រូវបានតុលាការចោទប្រកាន់ដោយសារតែសំណេរ ដែលខ្លួនបានសរសេរនៅលើបណ្ដាញសង្គម Facebook។ ម្នាក់កំពុងស្ថិតក្នុងការឃុំខ្លួនរបស់តុលាការ ក្រោយពីបានប្រកាសធ្វើបដិវត្តពណ៌។ ចំណែកម្នាក់ទៀតត្រូវតុលាការផាកពិន័យ៣លានរៀល និងបង្គាប់ឲ្យសងប្រាក់ជំងឺចិត្តទៅដើមបណ្ដឹង៣លានរៀល ពីបទជេរប្រមាថជាសាធារណៈលើបណ្ដាញសង្គម។

ដោយឡែក បទល្មើសផលិតនិងចែកចាយរូបភាពអាសអាភាសដែលសមត្ថកិច្ចរកឃើញក្នុងឆ្នាំ២០១៥នេះ ក៏កើនឡើងគួរឲ្យកត់សម្គាល់ដែរ ដោយចំពោះអ្នកដែលបង្ហោះរូបភាពអាសអាភាសរបស់មិត្តស្រីខ្លួនលើបណ្ដាញសង្គម Facebook។ ក្នុងនោះ នៅក្នុងខេត្តកណ្ដាល សមត្ថកិច្ចបានឃាត់ខ្លួនយុវជនម្នាក់ នៅថ្ងៃទី២២សីហា។ ម្នាក់ទៀត នៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៩សីហា។ ចំណែកយុវជនម្នាក់ទៀត ត្រូវបានឃាត់ខ្លួនក្នុងខែឧសភាកន្លងទៅ ដោយសារតែបានចែកចាយរូបភាពនិងវីដេអូអាសអាភាសតាមបណ្ដាញសង្គម Facebook និងគេហទំព័រ ដើម្បីស្វែងរកប្រាក់តាមអ៊ីនធឺណែត។

ជាងមួយឆ្នាំមុន ពោលគឺកាលពីដើមខែកុម្ភៈ ឆ្នាំ២០១៤កន្លងទៅ ពិធីការនីម្នាក់ ត្រូវបានកាត់ទោសពីបទបរិហារកេរ្តិ៍ និងត្រូវផាកពិន័យប្រាក់ចំនួន២លានរៀល ព្រមទាំងសងជំងឺចិត្តដើមបណ្ដឹងចំនួន៥លានរៀល ដោយសារតែពិធីការិនីរូបនោះ បានរិះគន់ដើមបណ្ដឹងជាសាធារណៈ លើបណ្ដាញសង្គមហ្វេសប៊ុក។ ករណីនេះត្រូវបានតុលាការកម្ពុជា ចាត់ចូលជាបទល្មើសព្រហ្មទណ្ឌ ដោយអះអាងថា ខ្លឹមសារមតិតាមបណ្ដាញអ៊ីនធឺណែត ស្រដៀងនឹងសកម្មភាពផ្ទាល់នៅក្រៅបណ្ដាញសង្គមផងដែរ។

ចំណាត់ការផ្លូវច្បាប់ជាបន្តបន្ទាប់នេះ គឺជាសារព្រមានមួយ ទៅដល់អ្នកប្រើប្រាស់បណ្ដាញសង្គម ឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះសំណេរនិងការបង្ហោះរូបភាពវីដេអូរបស់ខ្លួន។ ជាការពិតហើយថា ការប្រើប្រាស់បណ្ដាញសង្គម Facebook គឺជាផ្នែកមួយនៃសេរីភាពបញ្ចេញមតិរបស់មនុស្សគ្រប់គ្នា។ ប៉ុន្តែអ្នកប្រើប្រាស់ត្រូវតែចងចាំឲ្យបានច្បាស់ថា Facebook មិនមែនជាតំបន់ដែលគ្មានច្បាប់គ្រប់គ្រងទេ។ រាល់ពាក្យសម្ដី ឬក៏សកម្មភាពទាំងឡាយណាដែលមិនសមរម្យ ក៏មិនគួរមានវត្តមាននៅលើ Facebook ដែរ។

អ្នកប្រើប្រាស់បណ្ដាញសង្គមត្រូវតែពិចារណាឲ្យច្បាស់ មុននឹងបញ្ចេញសកម្មភាពនៅ លើបណ្ដាញសង្គម ធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់អ្នកដទៃ និងកុំឲ្យនាំរឿងក្ដៅក្រហាយដល់ខ្លួនឯង។ មុនពេលជឿ ចែករំលែក ឬផ្សព្វផ្សាយព័ត៌មានបន្ត អ្នកប្រើប្រាស់ត្រូវប្រើពេលពិចារណាឲ្យបានម៉ត់ចត់ និងត្រូវស្វែងរកឬសគល់នៃព័ត៌មានជាមុនសិន។ ព្រោះថា កាលណានៅពេលទិន្នន័យទាំងនេះ មានវត្តមាននៅលើ Facebook ហើយ វាពិតជាមានការពិបាកនឹងដកចេញណាស់ ដោយសារតែលទ្ធភាពនៅក្នុងការថតចម្លង ការបញ្ជូន និងការផ្ទេរ គឺគ្មានដែនកំណត់ទេ។

ដោយឡែក ចំពោះការបញ្ចេញមតិ ឬជជែកពិភាក្សានៅលើបណ្ដាញសង្គម អ្នកប្រើប្រាស់គួរតែពេលវេលាគិត និងវិភាគជាមុន មុននឹងបញ្ចេញមតិ។ ប្រសិនបើមានមតិផ្ទុយពីគ្នា គេគួរវាយប្រហារគ្នាដោយគំនិត មិនត្រូវវាយប្រហារទៅកាន់បុគ្គលផ្ទាល់ ដោយការជេរប្រមាថនោះទេ។ ការប្រើប្រាស់ពាក្យជេរប្រមាថអ្នកដទៃ មិនមែនជាការបញ្ចេញមតិផ្ទុយទេ ហើយទង្វើនេះអាចប្រឈមមុខនឹងការប្ដឹងផ្ដល់ថែមទៀត។ មិនថានៅកម្ពុជា ឬនៅប្រទេសណាៗទេ បណ្ដាញសង្គមគួរតែត្រូវបានប្រើប្រាស់ដោយហេតុផល មិនមែនដោយអារម្មណ៍មួយឆាវឡើយ៕

ប្រភពៈ RFI