សាលា​បឋម​សិក្សា​ជ័យ​ជំនះ​ប្រារព្ធ​ទិវា​កុមារ​អន្តរជាតិ​1​មិថុនា លើក​ទី​67

រាជធានី​ភ្នំពេញ ៖ ទិវា​កុមារ​អន្តរជាតិ​១​មិថុនា តែង​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​នៅ​តាម​គ្រឹះស្ថានសិក្សា​នានា​ក្នុង​ទូ​ទាំង​ប្រទេស ។ ដោយឡែក​នា​ព្រឹក​ថ្ងៃ​ទី​២៦ ឧសភា សាលា​បឋម​សិក្សា​ជ័យ​ជំនះ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន ក៏​បាន​ប្រារព្ធ​ពិធី​នេះ​ផង​ដែរ ដោយ​មានការ​ចូលរួម​ពី​លោកស្រី ខាត់ លី​ម​ជា ចៅសង្កាត់​បឹង​កេងកង​ទី​៣ ប្រធាន​អង្គការ​កុមារ​អាស៊ី ភ្ញៀវ​កិត្តិយស លោកគ្រូ​-​អ្នកគ្រូ និង​សិស្សានុសិស្ស​យ៉ាងច្រើន​កុះករ ។

នៅ​ក្នុង​ពិធី​នោះ លោកស្រី ទឹម សុខា នាយិកា​បាន​ឡើង​ថ្លែង​សុន្ទរកថា ដោយ​បាន​គូសបញ្ជាក់​ថា ទិវា​កុមារ​អន្តរជាតិ​១​មិថុនា លើក​ទី​៦៧​នេះ ត្រូវ​បាន​ប្រារ​ពន្ធ​ធ្វើ​ឡើង​ក្នុង​ទឹកចិត្ត​លើក​ស្ទួយ​ដល់​សិទ្ធិ​របស់​កុមារ​ដែល​មក​ទទួល​ការ​អប់រំ​ក្នុង​សាលា​ដើម្បី​ទទួល​បាន​នូវ​ចំណេះវិជ្ជា​សម្រាប់​អនាគត​របស់​ខ្លួន ។ កុមារ​នេះ​ហើយ ដែល​ពួក​គេ​គឺជា​ទំពាំង​ស្នង​ឫស្សី​សម្រាប់​ប្រទេស​ជាតិ ។ ឈរ​លើ​ស្មារតី​បណ្ដុះបណ្ដាល​កុមារ​ដែល​ជា​អ្នក​បន្តវេន​នេះ សាលា​តែង​បាន​យកចិត្តទុកដាក់​ដល់​ការ​លំបាក​របស់​សិស្ស​ក្រីក្រ​ដែល​ក្នុង​ឆ្នាំ​សិក្សា​២០១៥-  ២០១៦​នេះ ក្នុង​ចំណោម​សិស្ស​ទាំ​អស់​ចំនួន​៥៤២​នាក់ ។ ចំនួន​កុមារ​ក្រីក្រ​ដែល​ជួប​ការ​លំបាក​ចំនួន​១៤០​នាក់ តែង​ទទួល​បាន​នូវ​ការ​ឧបត្ថម្ភ​ជា​សម្ភារ​សិក្សា​មាន សៀវភៅ ប៊ិក ខ្មៅ​ដៃ​ជាដើម ដើម្បី​ពួក​គេ​មាន​លទ្ធភាព​បន្ត​ការ​រៀនសូត្រ ។

លោកស្រី​នាយិកា​បានឱ្យ​ដឹង​ថា ក្នុង​ពិធី​នេះ​សាលា​ក៏​បាន​ទទួល​អំណោយ​ឧបត្ថម្ភ​ពី​សាលាសង្កាត់​បឹង​កេងកង​៣​ជា​សៀវភៅសរសេរ​ចំនួន​៣០០​ក្បាល ប៊ិក​៣០០​ដើម ដែល​គិត​ជា​ទឹកប្រាក់​ចំនួន​២៥០.០០០​រៀល ។ ជាមួយ​គ្នា​នេះ អង្គការ​ផ្ទះបាយ​កុមារ​ដែល​មាន​លោក ងូវ ឈី​ង ជា​ប្រធាន​និង​ជា​អតីត​នាយក​សាលា​ផង​ដែរ បាន​ឧបត្ថម្ភ​សៀវភៅ​១៥០​ក្បាល ខ្មៅ​ដៃ​១០៥​ដើម ដែកខួង​៥០​ដើម អង្គការ​កុមារ​អាស៊ី លោក វាំង សង់​ដា​រ៉ូ បាន​ឧបត្ថម្ភ​សៀវភៅ​៥០​ក្បាល ប៊ិក​១០០​ដើម ។

កុមារ​ក្រីក្រ​ដែល​ជួប​ការ​លំបាក​១៤០​នាក់ ត្រូវ​បាន​ចែក​ម្នាក់​ៗ​ទទួល​បាន​សៀវភៅ​៣​ក្បាល ប៊ិក​២​ដើម ខ្មៅ​ដៃ​៣​ដើម ។ ទី​បញ្ចប់​នៃ​ទិវា​នេះ ក្រុមប្រឹក្សា​កុមារ​របស់​សាលា​ក៏​បាន​រៀប​ចំការ​សប្បាយ​ដល់​កុមារ​មាន​ល្បែង​កម្សាន្ត​ជា​ច្រើន​ប្រភេទ ៕