៤ ចំនុចសំខាន់ៗ ដែលជួយអ្នកក្លាយជា មនុស្សពូកែទំនាក់ទំនង

ការទំនាក់ទំនង គឺជារឿងដ៏ចាំបាច់បំផុតក្នុងឆាកជីវិតមនុស្សគ្រប់រូប បើគ្មានការទំនាក់ទំនងទេ មិនថាការរស់នៅ ការប្រកបការងារក្តី នឹងជួបប្រទះនូវផលវិបាកជាច្រើន។ មនុស្សដែលមានភាពជោគជ័យក្នុងជីវិត ក៏ត្រូវការពឹងផ្អែកលើការទាក់ទងគ្នាដែរ ដូច្នេះវិធីល្អបំផុតដើម្បីឲ្យ គេស្គាល់យើង ឬយើងស្គាល់គេ មិនថាក្នុងកាលៈទេសៈណាក្តី គឺមនុស្សគ្រប់រូបត្រូវរៀនចេះទំនាក់ទំនង។

ការរៀនចេះទំនាក់ទំនងនេះ អ្នកអាចដោះស្រាយបញ្ហាជាច្រើន នៅពេលដែលអ្នកមានបញ្ហាអ្វីមួយ ដូចជា អ្នកអាចពឹងពាក់មនុស្សជុំវិញខ្លួន អោយផ្តល់ជាយោបល់ ឬប្រឹក្សានូវបញ្ហារបស់អ្នក។ ខាងក្រោមនេះ ជា៤ចំនុចសំខាន់ៗ នឹងអាចប្រាប់អ្នកពីរបៀបនៃការចេះទំនាក់ទំនង៖

១. រៀនស្គាល់អ្នកដទៃក្រៅពីមិត្តភក្កិ

នេះមិនមែនហាមឲ្យអ្នកមិនស្និទ្ធស្នាលជាមួយមិត្តភក្កិអ្នកទេ តែយ៉ាងណាក៏យើងត្រូវរៀនស្គាល់អ្នកថ្មី ដែលយើងគិតថា អាចរាប់អានបាន ឬអាចផ្តល់ផលប្រយោជន៍ដល់ការងារអ្នក។

ឧទាហរណ៍៖ នៅពេលដែលអ្នកទៅចូលរួមកម្មវិធីអ្វីមួយ ច្បាស់ណាស់អ្នកប្រាកដជាចូលរួមជាមួយមិត្តអ្នក ឬក៏ស្គាល់នរណាម្នាក់ស្រាប់ក្នុងកម្មវិធីនោះ តែយ៉ាងណាក៏យើងត្រូវស្គាល់ និងទៅរាប់អានជាមួយអ្នកដទៃ ឬត្រូវចេះរៀនរាក់ទាក់ជាមួយមនុស្ស ដែលអ្នកមិនស្គាល់ដែរ អាចនិយាយបានថា ត្រូវស្គាល់នូវបុគ្គលណាដែលអាចជួយ ឬផ្តល់ផលប្រយោជន៍ ដល់ការងារអ្នក ហើយក៏ដើម្បីបង្កើននូវចំនង មិត្តភាពជាមួយគ្នាដែរ។

២. កំណត់នូវគោលដៅនៃមនុស្សដែលអ្នកចង់ស្គាល់

នៅពេលដែលអ្នកចាប់ផ្តើមមានទំនាក់ទំនង ជាមួយមនុស្សដែលអ្នកទើបស្គាល់នោះហើយ ជឿជាក់ថាអ្នកប្រាកដជាពិបាកបន្តិច ប៉ុន្តែនេះជាពេលមួយ ក្នុងការកំណត់គោលដៅនៃបុគ្គល រឺក្រុមដែលអ្នករាប់រក។ អ្នកត្រូវប្រាកដខ្លួនឯងថា អ្នកមិនមែនចូលក្នុងក្រុមនោះភ្លាម អ្នកត្រូវហុចនាមប័ណ្ណ ធ្វើដូចជាម៉ាស៊ីននោះទេ។ អ្នកអាចគិត និងស្វែងរកពី របៀបណាមួយ ក្នុងការចាប់ផ្ដើមទាក់ទងពួកគេ។

៣. ត្រូវចេះសួរ

អ្នកមិនគួរនិយាយពីរឿងផ្ទាល់ខ្លួនរបស់អ្នកច្រើន ប្រាប់ទៅកាន់ពួកគេ ដែលអាចបណ្ដាលឲ្យពួកគេធុញទ្រាន់ អ្នកអាចនិយាយពីការងារអ្នក ប្រសិនជាពួកគេសួរ។ អ្នកអាចចំណាយពេលវេលាសួរពី ការងាររកស៊ីរបស់ពួកគេ ដើម្បីឲ្យអ្នកត្រៀមខ្លួន ក្នុងការលើកជាសំនួរ និងយល់ពីពួកគេឲ្យបានច្រើនជាងមុន។

ប្រសិនការសន្ទនារបស់អ្នកប្រកបបានជោគជ័យ បុគ្គលនោះអាច នឹងមានអារម្មណ៍មួយផ្សេងទៀត ដែលអាចគិតថាអ្នកគឺ ជាមនុស្សគួរឲ្យរាប់អាន និងចង់ទាក់ទង។ ដូចនេះត្រូវចាំពាក្យស្លោក មួយពោលថា «គិតមុនគូរ» សូម្បីការប្រើប្រាស់ សំនួរក៏ដូច្នោះដែរ។

៤. អនុវត្ត ឬប្រតិបត្តិតាម

ដើម្បីក្លាយជាមនុស្សពូកែទំនាក់ទំនង ការអនុវត្តតាម ឬប្រតិបត្តិតាម គឺជាកត្តាដែលសំខាន់ជាងគេ ក្នុងចំនោមចំនុចទាំង ៤នេះ។ ទោះបីការសន្ទនារបស់អ្នក បានបញ្ចប់ក្តី មិនប្រាកដថា ការទំនាក់ទំនងនោះបញ្ចប់ដែរទេ អ្នកអាចទទួលនូវដំបូន្មាន រឺគំនិតជាច្រើន ពីបុគ្គលដែលអ្នករាប់អាននោះ ជាពិសេសទាក់ទងនឹងការងាររបស់អ្នក ដូច្នេះអ្នកអាចចាប់ផ្តើមប្រតិបត្តិ នូវអ្វីដែលអ្នកទទួលបានពីបុគ្គលនោះ ប៉ុន្តែមិនមែនមានន័យត្រូវ ប្រតិបត្តិតាមទាំងស្រុងនោះទេ យើងត្រូវចេះចាប់យកនូវគំនិតល្អៗ ពីបុគ្គលនោះ ដើម្បីយកមកអនុវត្តក្នុងការងាររបស់អ្នក៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

៤ ចំនុចសំខាន់ៗ ដែលជួយអ្នកក្លាយជា មនុស្សពូកែទំនាក់ទំនង

៤ ចំនុចសំខាន់ៗ ដែលជួយអ្នកក្លាយជា មនុស្សពូកែទំនាក់ទំនង