សមត្ថកិច្ច​ខេត្ត​កំពត​ដោះ​លែង​សកម្មជន​បក្ស​ប្រឆាំង​ដែល​ប្រមូល​ស្នាម​មេដៃ​ពលរដ្ឋ

សមត្ថកិច្ច​ខេត្ត​កំពត បាន​ដោះ​លែង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​មក​ពី​បក្ស​ប្រឆាំង​ម្នាក់ និង​សកម្មជន​គណបក្ស​ប្រឆាំង​ពីរ​នាក់ នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា បន្ទាប់​ពី​បាន​ឃុំ​ខ្លួន និង​សាកសួរ​ទាក់ទង​ការ​ដើរ​ប្រមូល​ស្នាម​មេដៃ​ពី​ពលរដ្ឋ ដើម្បី​ស្នើសុំ​ឲ្យ​ដោះ​លែង​សកម្មជន​សិទ្ធិ​មនុស្ស និង​មន្ត្រី​គណបក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ។ គណបក្ស​ប្រឆាំង​ហៅ​ការ​ឃាត់​ខ្លួន​នេះ ថា​ជា​ការ​គាប​សង្កត់ និង​រារាំង​សកម្មភាព​ស្រប​ច្បាប់​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ស្រុក​ឈូក ខេត្ត​កំពត លោក ងាយ យ៉ុង ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​២៥ ខែ​ឧសភា ថា សមត្ថកិច្ច​ខេត្ត​កំពត បាន​ដោះ​លែង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក ខេត្ត​កំពត មក​ពី​គណបក្ស​សិទ្ធិ​មនុស្ស ឈ្មោះ ដួង ថុល និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ពីរ​នាក់​ផ្សេង​ទៀត បន្ទាប់​ពី​បាន​សាកសួរ​រួច​រាល់ និង​រក​មិន​ឃើញ​កំហុស​ដូច​ការ​ចោទ​ប្រកាន់៖ «សហការី​របស់​ខ្ញុំ ខ្ញុំ​មក​សម្របសម្រួល​គេ​ឲ្យ​ទៅ​ផ្ទះ​អស់​ហើយ។ ខ្ញុំ​យល់​អ្នក​នយោបាយ​មួយ​ចំនួន​រឹត​ត្បិត​សេរីភាព​របស់​ពួក​ខ្ញុំ ដែល​ប្រាសចាក​ពី​លទ្ធិប្រជាធិបតេយ្យ»

នគរបាល​ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក ខេត្ត​កំពត បាន​ឃាត់​ខ្លួន​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក ខេត្ត​កំពត មក​ពី​គណបក្ស​សិទ្ធិ​មនុស្ស លោក ដួង ថុល កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ហើយ​បញ្ជូន​ទៅ​សាកសួរ​បន្ថែម​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត។ ចំណែក​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​ពីរ​រូប​ទៀត​នៅ​ភូមិ​ត្រពាំងគគីរ ឃុំ​ល្បើក ស្រុក​ឈូក ដដែល ត្រូវ​សមត្ថកិច្ច​មូលដ្ឋាន​កោះ​ហៅ​ទៅ​សាកសួរ​នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា ករណី​ប្រមូល​ស្នាម​មេដៃ។

ទាក់ទង​រឿង​នេះ​ដែរ មន្ត្រី​ប៉ូលិស​ជាន់​ខ្ពស់​ខេត្ត​កំពត ម្នាក់​ដែល​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង ឲ្យ​ដឹង​ថា ការ​ឃាត់​ខ្លួន​នេះ បន្ទាប់​ពី​សមត្ថកិច្ច​ទទួល​បាន​បណ្ដឹង​ពី​ពលរដ្ឋ​ថា សមាជិក​ក្រុមប្រឹក្សា​ឃុំ​ត្រពាំងភ្លាំង លោក ដួង ថុល បង្ខិតបង្ខំ​ឲ្យ​ពលរដ្ឋ​ផ្ដិត​មេដៃ​គាំទ្រ​លើ​លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្នើ​ទៅ​ព្រះមហាក្សត្រ ឲ្យ​ព្រះរាជទាន​ដោះ​លែង​សកម្មជន​សិទ្ធិ​មនុស្ស និង​គណបក្ស​ប្រឆាំង​ដែល​កំពុង​ឃាត់​ខ្លួន។

ផ្ទុយ​ពី​ការ​ចោទ​ប្រកាន់​នេះ សមាជិក​ក្រុមប្រឹក្សា​ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក ខេត្ត​កំពត មក​ពី​គណបក្ស​សិទ្ធិ​មនុស្ស លោក ដួង ថុល ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​ក្រោយ​ការ​ដោះ​លែង​ថា លោក​មិន​បាន​បង្ខំ​ឲ្យ​ពលរដ្ឋ​ផ្ដិត​មេដៃ​លើ​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទេ។ លោក​ថា ពលរដ្ឋ​ដែល​ប្ដឹង​ទៅ​សមត្ថកិច្ច ជា​មន្ត្រី​ឃុំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា៖ «ខ្ញុំ​អត់​បាន​បង្ខិតបង្ខំ​ពលរដ្ឋ​ណា​ទេ។ ខ្ញុំ​ប្រាប់​គាត់ បើ​អ្នក​ណា​ពេញ​ចិត្ត​ផ្ដិត​មេដៃ ទើប​យើង​ឲ្យ​គាត់​ផ្ដិត ប៉ុន្តែ​ខ្ញុំ​ដើរ​ប្រមូល​ទៅ​ម្តុំ​ផ្ទះ​ក្រុមប្រឹក្សា​ឃុំ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​គេ​អន់​ចិត្ត ទើប​មាន​ការ​ចោទ​ប្រកាន់​ថា ខ្ញុំ​បង្ខិតបង្ខំ​ពលរដ្ឋ»

មន្ត្រី​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក ម៉ម កិសី មាន​ប្រសាសន៍​ថា ប្រសិន​បើ​ការ​ប្រមូល​ស្នាម​មេដៃ​ដោយ​គ្មាន​ការ​បង្ខិតបង្ខំ មិន​មែន​ជា​ទង្វើ​ខុស​ច្បាប់​នោះ​ទេ៖ «សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ដើរ​ប្រមូល​ស្នាម​មេដៃ​ពី​ពលរដ្ឋ​ដោយ​មិន​មាន​ការ​បង្ខិតបង្ខំ ដើម្បី​យក​ស្នាម​មេដៃ​ទៅ​ថ្នាក់​លើ​របស់​គាត់ មិន​មែន​ជា​រឿង​ខុស​ច្បាប់​ទេ»

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថា​នេះ​ជា​ការ​គាប​សង្កត់​លើ​គណបក្ស​ប្រឆាំង។

ទាក់ទង​ចំណាត់​ការ​របស់​សមត្ថកិច្ច​នេះ​ដែរ ប្រធាន​ភូមិ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ខេត្ត​កំពង់ចាម ដើរ​ប្រមូល​ស្នាម​មេដៃ​ឲ្យ​ពលរដ្ឋ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុន្តែ​គេ​មិន​ឃើញ​សមត្ថកិច្ច​អន្តរាគមន៍​ដូច​ការ​ប្រមូល​ស្នាម​មេដៃ​របស់​គណបក្ស​ប្រឆាំង​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។