ប្តី​តិរច្ឆាន​វាយ​បង្ខំ​ប្រពន្ធ​មាន​ផ្ទៃពោះ​ឲ្យ​ទៅរក​ស៊ី​លក់ខ្លួន​

ស្ត្រីវ័យក្មេងម្នាក់ត្រូវបានប្តីតិរច្ឆានវាយធ្វើបាបបង្ខំឱ្យរកស៊ីលក់ខ្លួននៅតាមសួនច្បារវត្តភ្នំទាំងមានផ្ទៃពោះជាងមួយខែ ហើយនាងបានជិះម៉ូតូឌុបរត់គេចខ្លួនទៅរកប៉ូលិសអង្គភាពគោលដៅទី ៣ ឱ្យជួយអន្តរាគមន៍ដល់នាង ។

ស្ត្រីអភ័ព្វរូបនេះមានអាយុ ១៩ ឆ្នាំ ជាអតីតសន្តិសុខឯកជនមួយ មានទីលំនៅផ្ទះជួល ម្តុំវិហារអ៊ិស្លាមបឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ មានស្រុកកំណើតនៅ ភូមិក្បាលដំរី ឃុំគោកព្រិច ស្រុកគិរីវង់ ខេត្តតាកែវ ។

មន្ត្រីប៉ូលិសអង្គភាពគោលដៅទី៣ បានឱ្យដឹងថា ស្ត្រីវ័យក្មេងម្នាក់នេះបានជិះម៉ូតូឌុបទាំងទឹកភ្នែកមករកប៉ូលិសដែលប្រចាំការនៅគល់ស្ពានជ្រោយចង្វាឱ្យជួយអន្តរាគមន៍បន្ទាប់ពីប្តីរបស់នាងបង្ខំឱ្យរកស៊ីផ្លូវភេទនៅតាមសួនច្បារវត្តភ្នំ ។

ស្ត្រីរងគ្រោះបានឱ្យដឹងថានាងជាកូនកំព្រាតាំងពីតូចរស់នៅជាមួយជីដូន ហើយមកភ្នំពេញធ្វើការជាសន្តិសុខឯកជនមួយប្រមាណជិតមួយឆ្នាំនាងមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយជនជាតិចិនម្នាក់រហូតមានផ្ទៃពោះគ្រាន់តែដឹងថានាងមានផ្ទៃពោះ ជនជាតិចិនរូបនោះបានរត់គេចខ្លួនបាត់ទៅ ។ លុះក្រោយមកប្រមាណជាកន្លះខែមុននេះក៏បានជួបជាមួយបុរសម្នាក់ទៀតឈ្មោះ រ័ត្ន អាយុ ២៦ ឆ្នាំ ជាទាហាន ហើយបានរួមរស់ជាមួយគ្នាជាប្តីប្រពន្ធមិនរៀបការ ។

ការរស់នៅជាមួយប្តីហេងស៊យនោះដំបូងនាងសង្ឃឹមថានឹងមានវាសនាល្អឡើងវិញដឹងអីមិនបានធ្វើឱ្យជីវិតនាងមានសេចក្តីសុខដូចការគិតរបស់នាងនោះឡើយដោយត្រូវប្តីហេងស៊យរូបនេះវាយបង្ខំឱ្យរកស៊ីផ្លូវភេទដើម្បីយកប្រាក់មក ឱ្យគេផឹកស៊ីនិងជក់គ្រឿងញៀនទៅវិញបើមិនទៅគេវាយធ្វើបាប ។ ដោយអត់ទ្រាំនឹងអំពើយង់ឃ្នងរបស់ប្តីហេងស៊យនេះមិនបាន នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ នាងបានសម្រេចចិត្តទៅប្តឹងសមត្ថកិច្ចឲ្យជួយដល់រូបនាង ៕ សុថាត់