តម្លៃ​ប្រេង​ឆៅ​ហក់​ឡើង​វិញ​ដល់​លើស​50​ដុល្លារ​មួយ​ធុង

ជា​លើក​ដំបូង​ចាប់តាំងពី​ថ្ងៃ​ទី​៤ វិច្ឆិកា ឆ្នាំ​២០១៥ មក ដែល​តម្លៃ​ប្រេង​ឆៅ BRENT មួយ​ធុង​នា​ថ្ងៃ​ទី​២៦ ឧសភា ឡើង​ដល់​លើស​ពី​៥០​ដុល្លារ នៅ​ទីផ្សារ​ប្រេង​អាស៊ី ។ តម្លៃ​ប្រេង LIGHT SWEET CRUDE (WTI) សម្រាប់​ផ្គត់ផ្គង់​ខែកក្កដា ឡើង​២១​សេន ដល់​៤៩,៧៧​ដុល្លារ​មួយ​ធុង ។

តម្លៃ​ប្រេង​ឆៅ​ស្ទុះ​ឡើង​វិញ បន្ទាប់​ពី​ធ្លាក់​ទាប​បំផុត​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​១៣​ឆ្នាំ​មក​ហើយ​គឺ​ក្នុង​ខែមករា ក្រោម​៣០​ដុល្លារ​មួយ​ធុង ខណៈ​តម្លៃ​ប្រេង​នា​ខែមិថុនា ឆ្នាំ​២០១៤ ឡើង​ដល់​១០០​ដុល្លារ មួយ​ធុង ។ ពួក​អ្នក​សង្កេតការណ៍​យល់​ថា ការ​ឡើងថ្លៃ​ប្រេង​នេះ​មក​ពី​ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា​ជា​ប្រទេស​ផលិត​ប្រេង​សំខាន់​នៅ​អា​មេ​រិ​កឡា​ទី​ន កំពុង​ជួប​ប្រទះ​វិបត្តិ​នយោបាយ និង​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ។ នៅ​លី​ប៊ី​ផលិតកម្ម​ប្រេង​ក៏​មាន​ទាប​បំផុត ហើយ​ការ​នាំ​ប្រេង​ចេញ​ត្រូវ​ស្ទះ ។ ប្រទេស​កា​ណា​ដា ត្រូវ​កាត់​បន្ថយ​ផលិតកម្ម​ប្រេង​ប្រមាណ​១​លាន​ធុង​ក្នុង​មួយ​ថ្ងៃ​មក​ពី​បញ្ហា​ភ្លើង​ឆេះ​ព្រៃ រាតត្បាត​តំបន់​ប្រេង FORT MCMURRAY ។ នៅ​នី​ហ្សេ​រី​យ៉ា​ជា​ប្រទេស​ផលិត​ប្រេង​ធំ​ជាងគេ​នៅ​អាហ្វ្រិក​ផលិតក​កម្ម​ប្រេង​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​១,៤​លាន​ធុង​ក្នុង​មួយ​ថ្ងៃ​ដែល​តាម​ធម្មតា​ដល់​២,៥​លាន​ធុង​ក្នុង​មួយ​ថ្ងៃ ៕