បារាំងគ្រោងនឹងពង្រាយប៉ូលិស ៦មឺុននាក់ សម្រាប់ការពារ ក្នុងអំឡុងការប្រកួត EURO 2016

បារាំង៖ យោងតាមប្រសាសន៍ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក Bernard Cazeneuve ឲ្យដឹងថា បារាំងគ្រោងនឹងពង្រាយប៉ូលិសជាង ៦ម៉ឺននាក់ សម្រាប់ពង្រឹងសុវត្ថិភាពដល់អ្នកគាំទ្រ ពីការវាយប្រហារភេរវកម្ម ក្នុងអំឡុងការប្រកួតពានរង្វាន់ EURO ឆ្នាំ ២០១៦ ខាងមុខនេះ។

មូលហេតុក៏ដោយសារកីឡដ្ឋានជាតិរបស់ប្រទេសបារាំង Stade de France ដែលជាកីឡដ្ឋានសម្រាប់ប្រារព្ធកម្មវិធីបើកការប្រកួត និងបិទការប្រកួត EURO បែរជាជួបបញ្ហាចលាចលមួយចំនួនដូចជា ការគប់គ្រាប់បែកផ្សែង និងការប៉ះទង្គិចរវាងអ្នកគាំទ្រ ក្នុងការប្រកួតរវាងក្រុមបាល់ទាត់ PSG និង Marseille កាលពីថ្ងៃសៅរ៍។

លោករដ្ឋមន្រ្តីមានប្រសាសន៏ថា «គោលដៅរបស់យើងគឺថា EURO ជាការប្រកួតដ៏ធំមួយក្នុងវិស័យបាល់ទាត់ ដូច្នេះយើងត្រូវតែមានទំនួលខុសត្រូវខ្ពស់សំរាប់ប្រជាជនបារាំង ប្រសិនបើយើងគ្មានការប្រុងប្រយ័ត្នទេនោះ ហានិភ័យនឹងកើតឡើង ប៉ុន្តែប្រសិនបើយើងប្រយ័ត្នគ្រប់ជ្រុងជ្រោយ ហានិភ័យនឹងអាចកាត់បន្ថយចុះ។ យើងមិនអាចទប់ស្កាត់នូវហានិភ័យបានទាំងស្រុងនោះទេ ដូចនេះយើងត្រូវប្រុងប្រយ័ត្នគ្រប់ស្ថានភាពទាំងអស់» ។

លោករដ្ឋមន្ត្រីបារាំងបន្តថា៖ «ពួកយើងនឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីបញ្ចៀសអំពើភេរវកម្ម។ ពួកយើងនឹងត្រៀមខ្លួនទទួលខុសត្រូវ ហើយនឹងមានប៉ូលិសជាង ៦ម៉ឺននាក់ សម្រាប់ដាក់ពង្រាយការពារជុំវិញទីលាន និងកីឡដ្ឋានទាំងអស់»។

សូមបញ្ជាក់ផងដែរថា​ កីឡដ្ឋានជាតិ Stade de France របស់ប្រទេសបារាំង ធ្លាប់រងការវាយប្រហារភេរវកម្មពីពួក ISIS ម្តងរួចទៅហើយ កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ ដែលជាហេតុធ្វើឲ្យមានការការពារយ៉ាងតឹងរឹង ក្នុងឆ្នាំនេះ ក្នុងអំឡុងពេលការប្រកួត EURO 2016 ខាងមុខនេះ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បារាំងគ្រោងនឹងពង្រាយប៉ូលិស ៦មឺុននាក់ សម្រាប់ការពារ ក្នុងអំឡុងការប្រកួត EURO 2016