ទូត​បារាំង​ ៖ ​ព្រឹត្តិការណ៍​វប្បធម៌ ​និង​អប់រំ ​នឹង​ជំរុញ​ការ​ទាក់ទាញ​ចំណាប់អារម្មណ៍​យុវជន​កម្ពុជា​

ទូត​បារាំង​ ៖ ​ព្រឹត្តិការណ៍​វប្បធម៌ ​និង​អប់រំ ​នឹង​ជំរុញ​ការ​ទាក់ទាញ​ចំណាប់អារម្មណ៍​យុវជន​កម្ពុជា​



ភ្នំពេញ ​៖​ លោក ​ហ្ស​ង់ ​ក្លូដ​ពាំ​បឹ​ហ្វ​ ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា​បាន​មានប្រសាសន៍ថា ព្រឹត្តិការ ណ៍​វប្បធម៌ ​និង​អប់រំ​ ដែល​ជា​ការ​ធ្វើ​រួមគ្នា​រវាង​បារាំង ​និង​អាល្លឺម៉ង់​នេះ​នឹង​ជួយ​ជំរុញ​ឲ្យ​មាន​កិច្ច​ពិភា​ក្សា​ទូលំទូលាយ និង​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​យុវជន​កម្ពុជា​។

លោក​ទូត​បាន​បន្ត​ថា​ «​ដូច​នៅ​អឺរ៉ុប​ក្នុង​ឆ្នាំ​១៩៤៥​ដែរ នៅ​ទីនេះ យុវជន​ជំនាន់​ក្រោយ​គឺជា​អ្នក​កសាង​បរិស្ថាន​តំបន់​មួយ​ប្រកបដោយ​ការ​រួបរួម ​និង​សន្តិភាព​» នេះ​គឺជា​ប្រសាសន៍​របស់​ លោក ហ្ស​ង់​-​ក្លូដ ពាំ​បឹ​ហ្វ​»​។ លោក​ទូត​យល់ថា អាស៊ាន​នឹង​អាច​ក្លាយ​ជា​កម្លាំង​ចលករ ដ៏​ខ្លាំង​មួយ​ក្នុង​ការជំរុញ​ទំនាក់​ទំនង​ក្នុងចំណោម​ប្រជាជន ព្រមទាំង​ជួយ​បង្កើត «​យុវជន​អាស៊ាន​» មួយ ដែល​ទៅ​អនាគត​នឹង​រស់​នៅ​ក្នុង​តម្លៃ​ និង​ជោគវាសនា​រួមគ្នា​។

លោក​ទូត​បារាំង​បាន​លើក​ឡើង​បែប​នេះ​ នៅ​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា កាលពី​ល្ងាច​ថ្ងៃ​ពុធ ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៦ ​នៅក្នុង​ពិធី​ប្រកាស​បើក​ជា​ផ្លូវការ​នូវ​ការរៀបចំ​កម្រង​ព្រឹត្តិការណ៍​វប្បធម៌ ​និង​អប់រំ ដើម្បី​បង្ហាញ​ពី​តួនាទី​ដ៏​សំខាន់​របស់​វប្បធម៌ និង​ការអប់រំ​នៅក្នុង​ការ​ផ្សះផ្សា និង​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស ​និង​ប្រជាជន​បារាំង​-​អាល្លឺម៉ង់​។​

ព្រឹត្តិការណ៍​នោះ ​ក៏​មាន​ការចូលរួម​ពី ​លោកស្រី ដា​នី​ញែ​ឡា ឌឹ​ម ភារធារី​ស្ថានទូត​អាល្លឺម៉ង់ លោក​ទេសរដ្ឋមន្ត្រី វ៉ា គីម​ហុង និង​ភ្ញៀវកិត្តិយស​ផ្សេងទៀត​យ៉ាងច្រើន​កុះករ​។ នៅក្នុង​ឱកាស​នោះ មាន​ការ​សម្ពោធ​ពិព័រណ៍​បែប​ល្ខោន ​និង​បែប​ថតរូប « Museum (Theater) » ដែល​ជា​កិច្ច​ចាប់ផ្តើម​បើក​ព្រឹត្តិ​ការណ៍​ទាំងនេះ​ផង​ដែរ​។

កាល​ពី​១​សតវត្ស​មុន ប្រទេស​បារាំង​ និង​អាល្លឺម៉ង់​គឺជា​គូសត្រូវ​ស្លាប់​រស់​នឹង​គ្នា ប៉ុន្តែ​បច្ចុប្បន្ន​ប្រទេស​ទាំងពីរ​បាន​ក្លាយ​ទៅជា​ដៃគូ​សហការ​គ្នា​ដ៏​សំខាន់​នៅក្នុង​សហភាព​អឺរ៉ុប​។ គ្រឹះ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​បារាំង​-​អាល្លឺម៉ង់​ស្ដែង​ឡើង​តាម​រយៈ​ការ​ចុះ​សន្ធិសញ្ញា អេ​លី​ហ្សេ ឆ្នាំ​១៩៦៣ ដែល​ផ្ដោត​ជា​សំខា​ន់​ទៅលើ​ការផ្លាស់ប្ដូរ​យុវជន ដើម្បី​បង្កើត​ទំនាក់ទំនង​ទ្វេភាគី​មួយ​ប្រកបដោយ​ទំនុកចិត្ត​យូរអង្វែង​។

បើ​តាម​លោក​ឯកអគ្គរដ្ឋទូត​បា​រាំង ថ្វីបើ​ដំណើរការ​ផ្សះផ្សា​នេះ​កើត​ចេញពី​ឆន្ទៈ​នយោបាយ​ បន្ទាប់ពី​ចប់​សង្គ្រាម​មែន ប៉ុន្តែ​គឺ​ទំនាក់ទំនង​រវាង​ប្រជាជន​ទាំង​២​ទៅវិញ​ទេ ដែល​ជា​មូលដ្ឋាន​នៃ​ការ​ស្រុះ​ស្រួ​ល​គ្នា​ដ៏​រឹងមាំ​ស្ថិតស្ថេរ​។ ដូច្នេះ​ លោក​យល់ថា គេ​គួរ​សិក្សា​ស្វែងយល់​ពី​គន្លឹះ​ជោគជ័យ​នៃ​ការផ្សះផ្សា​នេះ ដែល​ត្រូវ​បាន​ធ្វើឡើង​ក្នុង​រយៈពេល​មិន​ដល់​កន្លះ​សតវត្ស​ផង ដោយ​ប្រទេស​ទាំង​២​អាច​លុប​បំបាត់​បាន​នូវ​ការ​គុំកួន​ផ្នែក​នយោបាយ និង​ការ​ពុំ​ទុកចិត្ត​គ្នា​ក្នុងចំណោម​ប្រជាជន​។​

ឧទាហរណ៍​នៃ​ការផ្សះផ្សា ​និង​រួប​រួម​គ្នា​ឡើងវិញ​រវាង​ប្រទេស​ទាំង២ អាច​ធ្វើជា​បទពិសោធន៍​សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង ក៏ដូចជា​សមាហរណកម្ម​ក្នុង​ក្រប​ខ័​ណ្ឌ​អាស៊ាន​ទាំងមូល​ផង​ដែរ​។ ក្នុង​ន័យ​នេះ ស្ថានទូត​បារាំង​ និង​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា រួម​សហការ​ជាមួយ​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា និង​មជ្ឈមណ្ឌល​វប្បធម៌ Meta House រួមគ្នា​រៀបចំ​ព្រឹត្តិការណ៍​ជា​ច្រើន​ចាប់ពី​ថ្ងៃទី​២៥​ ដល់​ថ្ងៃទី​២៨ ខែឧសភា ដើម្បី​បង្ហាញ​ពី​តួនាទី​ដ៏​សំខាន់​របស់​វប្បធម៌ និង​ការ​អ​ប់​រំ​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស ​និង​ប្រជាជន​ទាំង២​។ ព្រឹត្តិការណ៍​ទាំងនោះ​មាន​ដូចជា ​ការ​តាំង​ពិព័រណ៍ ការ​សម្ដែង​សិល្បៈ សន្និសីទ និង​ការ​ពិភាក្សា​តុមូល​ជាដើម ដោយមាន​បទ​អន្តរាគមន៍​ពី​អ្នកឯកទេស​បារាំង អាល្លឺម៉ង់ កម្ពុជា និង​វៀតណាម។​

ព្រឹត្តិការណ៍​ក្នុង​សប្ដាហ៍​នេះ​ធ្វើឡើង​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហការ​វប្បធម៌​រវាង​ប្រទេស​បារាំង ​និង​អា​ល្លឺម៉ង់ ក្រោម​ការ​គាំទ្រ​ពី​មូលនិធិ​វប្បធម៌​បារាំង​-​អាល្លឺម៉ង់ ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០០៣ ក្នុង​ឱកាស​នៃ​ខួប​លើក​ទី​៤០​នៃ​សន្ធិសញ្ញា​អេ​លី​ហ្សេ​។ ​មូលនិធិ​នេះ ​ជួយ​ឲ្យ​ប្រទេ​ស​ទាំង២ជំរុញ ​និង​គាំទ្រ​ការ​ផ្ដួចផ្ដើម​គំនិត​រៀប​ចំ​ព្រឹត្តិការណ៍​រួម​នៅក្នុង​ប្រទេស​ទី​៣​៕

ទូត​បារាំង​ ៖ ​ព្រឹត្តិការណ៍​វប្បធម៌ ​និង​អប់រំ ​នឹង​ជំរុញ​ការ​ទាក់ទាញ​ចំណាប់អារម្មណ៍​យុវជន​កម្ពុជា​