កាប់​ដី​ដាក់​រោង​គោ ចំ​គ្រាប់មីន​ ផ្ទុះឡើងគគ្រើក សំណាងណាស់​គ្រាន់តែ​រងរបួស​

កាប់​ដី​ដាក់​រោង​គោ ចំ​គ្រាប់មីន​ ផ្ទុះឡើងគគ្រើក សំណាងណាស់​គ្រាន់តែ​រងរបួស​



បាត់ដំបង ៖ បុរស​វ័យ​ចំណាស់​ម្នាក់​បាន​រង​របួស​ ព្រមទាំង​បាន​បញ្ជូន​ទៅកាន់​ មន្ទីរពេទ្យ​ភ្លាមៗ​ផង​ដែរ ខណៈ​ដែល​បុរស​រូប​នេះ​ បាន​ទាញ​ចប​ ទៅ​កាប់​ដី​ក្បែរ​ផ្ទះ​ ដើម្បី​យក​ទៅ​ចាក់​បំពេញ​ក្នុង​រោង​គោ ហើយ​បាន​ចំក្បាល​គ្រាប់មីន​ផ្កា​ចាន់ បណ្ដាល​ឲ្យ​ផ្ទុះឡើង​ និង​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ​ផង​ដែរ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​៤៥​នាទី ព្រឹក​ថ្ងៃទី​២៦ ខែឧសភា​ ឆ្នាំ​២០១៦ ស្ថិត​ក្នុង​ភូមិ​តា​សែន ឃុំ​ត្រាង ស្រុក​កំរៀង ខេត្ត​បាត់ដំបង ដោយសារតែ​មាន​សំឡេង​ផ្ទុះ​គ្រាប់​មួយ​បាន​លាន់ឮ​ឡើង​យ៉ាង​កងរំពង​នៅ​ក្នុង​ភូមិ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក៏ដូចជា​សមត្ថកិច្ច​ចុះទៅ​កាន់​ទីតាំង​ខាងលើ​ភ្លាមៗ​ដើម្បី​ត្រួតពិនិត្យ។

ជនរងគ្រោះ​មានឈ្មោះសួង ឈា​ត ហៅ​ប៉ូ​ញ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខ​របរជា​កសិករ រស់នៅ​ត្រង់​ចំណុច​កើត​ហេតុ​ខាងលើ ដោយ​លោក​បាន​ទៅ​កាប់​ដី​ក្បែរ​ផ្ទះ​ ដើម្បី​យក​អាចម៍ដី​នោះ​ទៅ​ចាក់​បំពេញ​ក្នុង​រោង​គោ បណ្ដាល​ឲ្យ​ចំ​ទៅលើ​គ្រាប់មីន​ស្មាច់​ឬ​គ្រាប់មីន​ផ្កា​ចាន់​ធ្វើអោយ​ផ្ទុះឡើង​តែម្តង និង​បាន​បង្ក​ឲ្យ​បុរស​រូប​នេះ​រង​របួស​ស្រាល។

តាម​ការអះ​អាង​ពី​សមត្ថកិច្ច​គឺ​បាន​សង្កត់​ធ្ងន់​ថា គ្រាប់​នេះ​អាច​មាននៅ​សេសសល់​តាំងពី​សម័យ​សង្គ្រាម​មក​ម្ល៉េះ ហើយ​នេះ​ក៏​ជា​សំណាង​មួយ​ដែរ ដែល​គ្រាប់មីន​មិនបាន​បង្ក​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​អាយុជីវិត៕