លោក​អភិបាលខេត្ត​បាត់ដំបង ​ព្រមាន​អភិបាលក្រុង​កុំ​ឲ្យ​ស្ពឹក​ពេក

លោក​អភិបាលខេត្ត​បាត់ដំបង ​ព្រមាន​អភិបាលក្រុង​កុំ​ឲ្យ​ស្ពឹក​ពេក



បាត់ដំបង ៖ បញ្ហា​អភិវឌ្ឍន៍​ដើម្បី​លំអ​ក្នុង​ក្រុង​ មិនមែន​ជា​រឿង​ធ្វើ​ ហើយ​ទុកចោល​ដោយ​ពុំ​ទាន់​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ​ ហើយ​ការងារ​ទាំងនោះ​ ក៏​ពុំមែន​មានតែ​អភិបាលខេត្ត​ម្នាក់ឯង​ ​ធ្វើ​គ្រប់​ជ្រុង​ជ្រោយ​នោះ​ដែរ ​ទាល់តែ​ចៅហ្វាយស្រុក​ឬ​ក្រុង​ ដែល​ជា​សាម៉ី​ដែនដី​ ជួយ​ក្នុង​កិច្ច​ការនេះ​ផង​ដែរ​ ដើម្បី​ឲ្យ​​ក្រុង​ស្រស់បំព្រង ​គួរ​ជាទី​គយគន់​។

ពាក់ព័ន្ធ​នឹង​កិច្ចការ​នេះ​ហើយ​ ទើប​នៅ​ថ្ងៃទី​២៥​ ខែ​ឧសភា​នេះ​ ត្រង់​ចំណុច​រង្វង់​មូល​នាគ​បាញ់​ទឹក​ ត្រើយ​ខាង​លិច​ ដងស្ទឹង​សង្កែ​ ដែល​ទើប​សាងសង់​រង្វង់​នាគ​បាញ់​ទឹក​ ហើយ​នោះ​លោក​ ច័ន្ទ សុផល​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ​បាន​អញ្ជើញ​លោក​ សៀង ឯម​វ៉ូ​ន​ហ្ស៊ី​ អភិបាល​ក្រុង​មក​ព្រមាន​ចំៗ​នៅ​នឹង​រង្វង់​មូល​ថា កុំ​ឲ្យ​ស្ពឹក ​កុំ​ចាំតែ​លោក​ថា។

ការ​ព្រមាន​នេះ​ សំដៅ​ទៅលើ​ការងារ​មួយ ​ដែល​សាលាក្រុង​ទុកចោល​ មិន​ព្រម​ចាត់ចែង​ធ្វើ ​ឲ្យ​មតិ​មហាជន​រិះគន់​តៗ​គ្នា​នោះ​ គឺ​ធ្វើ​ហើយ​ មិន​ព្រម​បំពាក់​អំពូល​ភ្លើង​ នៅ​តាម​បង្គោល​ត្រង់​ចំណុច​នេះ​ ហើយដែល​លោក​អភិបាល​អភិបាល​ខេត្ត​ ក្តៅ​ស្លឹកត្រចៀក​ ព្រោះ​បច្ចុប្បន្ន​ខេត្ត​បាត់ដំបង​មានការ​អភិវឌ្ឍន៍​ ​បើ​តាម​ការ​វាយតម្លៃ​របស់​មហាជន​។

លោក​អភិបាលខេត្ត​ សុំ​ឲ្យ​សាលាក្រុង​យកចិត្ត​ទុក្ខ​ដាក់​បន្ថែម​ទៀត​ ចំពោះ​កិច្ចការ​ណាមួយ​ ដែល​ធ្វើ​មិនទាន់​សម្រេច ​ហើយ​ទុកចោល ​បើ​កិច្ចការ​នោះ​ផ្ទាល់ខ្លួនឯង ​ទុកចោល​ប៉ុណ្ណា​ក៏​មិន​ជា​អ្វី​ដែរ ​ប៉ុន្តែ​បើ​កិច្ច​បម្រើ​សង្គម​ គឺ​ត្រូវតែ​ធ្វើ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​៕